ចូលចិត្ត​គូរ​គំនូរ​តាំង​ពី​អាយុ​៨​ឆ្នាំ​ រហូត​បើក​ហាង​លក់​គំនូរ​មួយ​​នៅ​សៀមរាប

  • 2016-02-29 16:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​និស្ស័យ​គូរ​គំនូរ​តាំង​ពី​វ័យ​ប្រមាណ​ ៨ ឆ្នាំ​លោក ​រិទ្ធិ​ បាន​សម្រេច​ចិត្ត​បើក​ហាង​លក់​គំនូរ​មួយ​នៅ​ខេត្ត​សៀម​រាប​តាម​ក្ដី​ស្រមៃ​។

 

«វិចិត្រ​ករ​ខ្មែរ អង្គរ​» ជា​ឈ្មោះ​ហាង​ដែល​ទើប​ដំណើរ​ការ​បាន កន្លះ​ឆ្នាំ​នេះ​​។ លោក​រិទ្ធិ​ដែល​ជា​ម្ចាស់​ហាង​បាន​ឱ្យ​ដឹង​ថា លោក​ស្រឡាញ់​សិល្បៈ​គូរ​គំនូរ​​តាំង​តែ​ពី​លោក​នៅ​រៀន​ថ្នាក់​ទី​មួយ​ ទី​ពីរ​មក​ម្ល៉េះ​ ហើយ​គំនូរ​ដែល​លោក​ចូល​ចិត្ត​បំផុត​គឺ​​ព្រះពុទ្ធ។

 

 

(លោករិទ្ធិ គូររូបបុរសរែកទឹកត្នោត កាល​នៅ​អាយុ ៨ ឆ្នាំ)

 

 

អ្នក​ស្រុក​ឧត្ដុង្គ​រូប​នេះ​បាន​រៀប​រាប់​ទៀត​ថា លោក​មិន​ដែល​ឮ​ឪពុក​ម្ដាយ​ប្រាប់​ពី​ សាវតារ​របស់​លោក​មាន​ឈាម​ជ័រ​ជា​វិចិត្រករ​ឡើយ​ ផ្ទុយ​ទៅ​វិញ​មាន​តែ​ជីដូន​ដែល​ជា​អ្នក​សិល្បៈ​ផ្នែក​ចម្រៀង​យីកេ​ប៉ុណ្ណោះ។

 

ក្រៅ​ពី​មាន​ទេព​កោសល្យ​ក្នុង​ការ​គូរ​គំនូរ និង ស្មូន​រូប​ បុរស​វ័យ​៣១ ឆ្នាំ​រូប​នេះ​ក៏​មាន​ទេពកោសល្យ​ខាង​ស្មូត ច្រៀង និង ផ្លុំ​ស្លឹក​ដែរ​ ប៉ុន្តែ​លោក​រិទ្ធិ​ជ្រើសរើស​​ចាប់​អាជីព​ជា​វិចិត្រករ​ ព្រោះ​ជា​អាជីព​មួយ​ដែល​លោក​ស្រឡាញ់។

 

ស្ថិត​ក្នុង​គ្រួសារ​ដែល​មាន​ម្ដាយ​ជា​គ្រូ​បង្រៀន និង ឪពុក​ជា​កសិករ​ លោក​រិទ្ធិ​ចាប់​ផ្ដើម​គូរ​រូប​ប្ដូរ​យក​ប្រាក់​ពី ៥ពាន់​ ដល់​ ១ម៉ឺន​រៀល​តាំង​ពី​លោក​រៀន​ថ្នាក់​ទី​៨ ម្ល៉េះ។ ក្រោយ​បញ្ចប់​ថ្នាក់​ទី ១២ នៅ​វិទ្យាល័យ​ឧត្ដុង្គ​​ យុវជន​រិទ្ធិ​បាន​ចាកចេញ​ ពី​ស្រុក​កំណើត​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ ជំនាញ​សិល្បៈគំនូរ នៅ​ សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ។

 

 

 

 

ប៉ុន្តែ​​ដោយ​សារ​កត្តា​ជីវភាព​ លោក​មិន​បាន​បន្ត​ការ​សិក្សា​ភ្លាម​ៗ​នោះ​ទេ​ លោក​នៅ​ដើរ​គូរ​គំនូរ​តាម​វិហារ​ដើម្បី​ប្ដូរ​កម្រៃ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ ទើប​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ។

 

ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ លោក​រិទ្ធិ​នៅ​តែ​បន្ត​ការ​​គូរ​គំនូរ​តាម​វិហារ​ដូច​ដើម​រយៈ​ពេល​២ ឆ្នាំ​ទៀត​​រហូត​មាន​លទ្ធភាព​​ ​បើក​ហាង​គំនូរ​​ដូច​សព្វ​ថ្ងៃ។

 

«ធ្វើ​ជា​ជាង​គំនូរ​មិន​អាច​ចិញ្ចឹម​ខ្លួន​រស់​ស្រួល​ឡើយ!» នេះ​ជា​ពាក្យ​ដែល​មនុស្ស​ភាគ​ច្រើន​តែង​លើក​ឡើង។ តែ​សម្រាប់​វិចិត្រករ​រូប​នេះ​បែរ​ជា​យល់​ថា​ «អ្វី​ក៏​ដោយ​ឱ្យ​តែ​ចេះ​ប្រាកដ​​​មិន​ដែល​ចេះ​ខ្វះ​ការងារ​ទេ​! បើ​យើង​ដាក់​ចិត្ត​ថា​យើង​ប្រឹង ​វា​ងាយ​ស្រួល​ក្នុង​ការ​រក​លុយ​ទេ​!»។

 

 

 

 

 

ផ្ទុយ​ពី​វិចិត្រករ​ផ្សេង​ដែល​ត្រូវ​ការភាព​ស្ងប់ស្ងាត់​ដើម្បី​គូរ​ លោក​រិទ្ធិ​បែរ​ជា​ចង់​ឱ្យ​មាន​គេ​ឈរ​មើល​ពេល​ដែល​លោក​គូរ​ទៅ​វិញ​។ «ពេល​គូរ​រូប​ដូច​តាម​រូប​ថត បើ​គេ​កាន់​តែ​មើល​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ចង់​គូរ​ លើក​លែង​តែ​គំនូរ​ដែល​គូរ​តាម​ការ​ស្រមើស្រមៃ​ទេ​ ដែល​ខ្ញុំ​ត្រូវ​រក​កន្លែង​ស្ងាត់! ហើយរូបដែលភ្ញៀវឱ្យគូរតាមរូបថតអាចគូរពី ដប់ប្រាំនាទីដល់ម្ភៃនាទី ឯរូបដែលស្មុគស្មាញអាចដល់បីថ្ងៃ» ។ លោក​រិទ្ធិ​ថ្លែង។​​

 

ជា​កូន​ទី​៥​ក្នុង​ចំណោម បង​ប្អូន​៧​នាក់​ ម្ចាស់​ហាង​ខាង​លើ​បាន​សម្ដែង​អារម្មណ៍​ថា គួរ​ណាស់​តែ​ដល់​ពេល​ដែល​កូន​ខ្មែរ​ត្រូវ​ហ៊ាន​បញ្ចេញ​ស្នាដៃ​ឱ្យ​បរទេស​ និង កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ​ហើយ ព្រោះ​​វិចិត្រកម្ម​​គឺ​ជា​សិល្បៈ​មួយ​ប្រភេទ​ដែល​ កម្រ​មាន​អ្នក​ចេះ​ស្ទាត់​​ ហើយ​ក៏​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ដែរ។

 

ជាមួយ​នឹង​ដំណើរ​ការ​ហាង​គំនូរ​ «វិចិត្រករ​ខ្មែរ​អង្គរ​» ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​ និង ប្រើ​ដើម​ទុន​ផ្ទាល់​ខ្លួន​ លោក​រិទ្ធិ​អាច​លក់​គំនូរ​ក្នុង​មួយ​ផ្ទាំង​ ចាប់​ពី​១០ ដុល្លារ​ឡើង​ រហូត​ដល់​ផ្ទាំង​ខ្លះ​អាច​មាន​តម្លៃ​ដល់​រាប់​រយ​ដុល្លារ​។ ក្រៅ​ពី​ប្រកប​ជំនួញ​នេះ​ លោក​រិទ្ធិ​ក៏​បាន​ទទួល​សិស្ស​បី​នាក់​ទៀត​ដើម្បី​បង្ហាត់​បង្រៀន​ ដោយ​ឥត​គិត​ថ្លៃ​។ «ថ្ងៃ​ក្រោយ​ទៅ​ចង់​ឱ្យ​ស្នាដៃ​គំនូរ​នេះ​មាន​មុខ​ក្នុង​ការ​តាំង​ពិព័រណ៍​​អន្តរជាតិ ហើយ​បើ​ខ្ញុំ​មាន​លុយ​ច្រើន​មែន​ទែន​ខ្ញុំ​នឹង​បើក​សាលា​បង្រៀន​គំនូរ​​មួយ​ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​ជួយ​ដល់​ អ្នក​ដែល​មាន​និស្ស័យ​ខាង​គំនូរ​ប៉ុន្តែ​គ្មាន​លទ្ធភាព​​រៀន»។ លោក​រិទ្ធ​បាន​បន្ថែម៕

 

 

 

 

 

 

 

 

អត្ថបទ៖ ណេង ណេង រូប​ថត៖ ផ្ដល់​ឱ្យ​
អត្ថបទថ្មី