បុណ្យភូមិ រំឭកឡើងវិញពីទម្រង់សិល្បៈខ្មែរ
- 2016-04-07 18:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យភូមិ រំឭកឡើងវិញពីទម្រង់សិល្បៈខ្មែរ
ចន្លោះមិនឃើញ
ក្រុមយុវជនស្រលាញ់សិល្បៈ «ភ្លើងគប់» បានសហការជាមួយវិទ្យុអេប៊ីស៊ី ១០៧.៥ និង ៩២.៧ រៀបចំពិធីបុណ្យភូមិលើកទី៣ ដើម្បីបង្ហាញពីគុណតម្លៃនៃសិល្បៈខ្មែរ និងអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ កម្មវិធីនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែមេសា ដែលធ្វើឡើងនៅវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បុណ្យភូមិ ចាប់ផ្ដើមពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១០ យប់។ បុណ្យភូមិលើកទី៣ នេះមានពិធីសំពះគ្រូ ពិធីរាប់បាត្រព្រះសង្ឃ ១០០ អង្គ ពិធីស្រង់ព្រះរស់ ការសម្ដែងល្ខោនខោល និងស្រមោល ស្បែកធំ (ទម្រង់ថ្មី) ល្ខោននិយាយ ការសម្ដែងរបាំទៀន របាំបួងសួង របាំប្រជាប្រិយប្លយសួយ របាំបុរាណទេពមនោរម្យ របាំប្រជាប្រិយនេសាទ របាំសហសម័យ របាំត្រុដិ បទបង្ហាញ និងការសម្តែងចាប៉ីដងវែង ពិនខ្មែរ តន្ត្រីស្រុកស្រែដែលមានការចូលរួមសម្តែងដោយរថយន្តតន្ត្រីទិព្វ និងក្រុម Smallworld Smallband ព្រមទាំងតន្ត្រីស្រុកស្រែដោយក្រុមជនពិការ កម្មវិធីចម្អិនម្ហូបជាមួយខ្នរ ធ្វើនំអន្សមខ្មែរ ចម្អិនសំឡការីខ្មែរ ល្បែងប្រជាប្រិយខ្មែរ រាំវង់លក់ផ្កា ល្បែងបវរកញ្ញាធ្លាក់ទឹក ជាដើម។
កញ្ញា រិទ្ឋី លំអរពេជ្រ សហស្ថាបនិកក្រុម «ភ្លើងគប់» និងជាអ្នកគ្រប់គ្រងកម្មវិធី «បុណ្យភូមិ» បានបញ្ជាក់ថា៖ «បុណ្យភូមិលើកទី៣ ខុសប្លែកច្រើនពីបុណ្យភូមិឆ្នាំមុន។ ឆ្នាំនេះ គឺយើងយករូបស្វាស្រុកស្វាស្រែមកតំណាង ដែលឆ្នាំមុនយើងជ្រើសយករូបហនុមាន។
ចំណុចទី២ យើងរៀបចំបុណ្យភូមិនៅវត្តជ្រោយអំពិល ដែលប្លែកពីឆ្នាំមុនៗធ្វើនៅវត្តព្រែកថ្លឹង ដូចនេះបរិយាកាសនៃការរៀបចំក៏មានការផ្លាស់ប្ដូរ។ ទី៣ គឺយើងបានលើកឡើងរបាំខ្មែរប្លែកៗច្រើន ក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាបានយល់ដឹង ទស្សនាកេរដំណែលដែលដូនតាបានបន្សល់ទុកឲ្យ។ ទី៤ ឆ្នាំនេះយើងបានលើកយកសំឡេងអង្គរ ដែលជាភ្លេងកម្រនឹងមាន មកបង្ហាញជូននៅថ្ងៃចុងក្រោយ។ ចំណុចចុងក្រោយដែលគួរឲ្យកត់សម្គាល់ គឺចំនួនយុវជនដែលចូលរួមស្ម័គ្រចិត្តរៀបចំ កម្មវិធីនាឆ្នាំនេះ កើនដល់ ៦០ នាក់ ដែលឆ្នាំមុនមានតែ ៣០នាក់ប៉ុណ្ណោះ។ នេះបញ្ជាក់ថា ទឹកចិត្តយុវជនខ្មែរ ស្រលាញ់លើកតម្កើងសិល្បៈខ្មែរកំពុងតែកើនឡើង»។
គោលបំណងសំខាន់នៃបុណ្យភូមិ គឺដើម្បីបង្កើនការយល់ដឹងពីសិល្បៈ វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ ខ្មែរ អបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិ បង្កើតស្នាមញញឹមរបស់សិល្បករ រាល់ពេលពួកគាត់បញ្ចប់ការសម្ដែង និងដើម្បីដុតកម្តៅទឹកចិត្តសិល្បករខ្មែរ ព្រមទាំងអ្នកគាំទ្រឲ្យបន្តគាំទ្រស្រលាញ់សិល្បៈបុរាណ។
កញ្ញា លំអពេជ្រ បន្ថែមថា៖ «ការបង្កើតបុណ្យភូមិនេះ ចង់បង្ហាញស្មារតីសាមគ្គីភាពរបស់យុវជនខ្មែរ នៅពេលដែលគាត់ស្រលាញ់អ្វីមួយ គាត់ធ្វើរឿងនោះជុំគ្នា នោះអ្វីៗនឹងបានសម្រេច។ ខ្ញុំសង្ឃឹមថាទម្រង់បុណ្យភូមិនេះ នឹងក្លាយជាគំរូល្អមួយទៅកាន់យុវជនខ្មែរដទៃទៀតដែលចង់បង្កើតអ្វីឲ្យកើតឡើង»។
ឆ្នាំមុន មានមនុស្សចូលរួមបុណ្យភូមិប្រមាណជាងមួយម៉ឺននាក់ ក្នុងមួយថ្ងៃ ហើយពិធីបុណ្យនេះបានកើតឡើងពីរឆ្នាំជាប់គ្នាមកហើយ តាំងពីឆ្នាំ២០១៤ ដែលប្រារព្ធនៅវត្តព្រែកថ្លឹង ខេត្តកណ្តាល។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុកផ្លូវការរបស់បុណ្យភូមិ www.facebook.com/bonnphum ឬទាក់ទងមកកញ្ញា ឃឹម ប៊ុនណូបែល អ្នកសម្របសម្រួលសារព័ត៌មានតាមរយៈលេខទូរសព្ទ ០៩៨ ២២៧ ៦១៦ ឬអ៊ីមែល khimbunnobel@gmail.com ៕
អត្ថបទ៖ ដៃគូសហការ