លើកទី១ កម្ពុជាមានពិធីបំពាក់ឯកសណ្ឋានពេទ្យ និងធ្វើសច្ចាប្រណិធាន
- 2016-04-07 20:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកទី១ កម្ពុជាមានពិធីបំពាក់ឯកសណ្ឋានពេទ្យ និងធ្វើសច្ចាប្រណិធាន
ចន្លោះមិនឃើញ
ពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាលើកដំបូង នៅកម្ពុជា ត្រូវបានធ្វើឡើងហើយ កាលពីព្រឹកមិញ ក្រោមវត្តមានរបស់ ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកមុខអ្នកការ សាស្ត្រាចារ្យ និស្សិត និងបុគ្គលិកជាច្រើនពាន់នាក់។
ខាងក្រោមនេះ ជាខ្លឹមសារ នៃសច្ចាប្រណិធាន
១) ខ្ញុំនឹងខិតខំសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹង និងជំនាញវិជ្ជាជីវៈពិតប្រាកដ ព្រមទាំងប្រកាន់ភ្ជាប់ ឥរិយាបថល្អ។ ២) ខ្ញុំនឹងឧទ្ទិសជីវិតរបស់ខ្ញុំចំពោះអំពើមនុស្សធម៌ និងអាជីពរបស់ខ្ញុំ ប្រកបដោយមនសិការ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ ៣) អ្វីដែលខ្ញុំត្រូវគិតមុនគេ គឺសុខភាព និងអាយុជីវិតរបស់អ្នកជំងឺ ដោយមិនប្រកាន់ភេទ អាយុ សាសនា ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។ ៤) ខ្ញុំនឹងចាត់ទុកមិត្តរួមអាជីពរបស់ខ្ញុំ គឺជាបងប្អូនខ្ញុំ ហើយខ្ញុំនឹងមិនមានភាពខ្មាសអៀន ក្នុងការនិយាយពាក្យថា "ខ្ញុំមិនចេះទេ" ហើយក៏មិនរុញរាក្នុងការស្វែងរកជំនួយ ពីមិត្តរួមអាជីពដើម្បីសង្គ្រោះជីវិតអ្នកជំងឺរបស់ខ្ញុំដែរ។ ៥) ខ្ញុំនឹងគោរពសិទ្ធិ និងរក្សាការសម្ងាត់របស់អ្នកជំងឺ។ ៦) ខ្ញុំនឹងមិនប្រើចំណេះដឹង និងវិជ្ជាជីវៈរបស់ខ្ញុំប្រឆាំងនឹងអំពើមនុស្សធម៌ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ៧) ខ្ញុំធ្វើសច្ចាប្រណិធាននេះ ដោយគ្មានការបង្ខិតបង្ខំ និងប្រកបដោយមោទនភាព។
ពិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណង៖
១. ជំរុញលើកទឹកចិត្តនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យខិតខំស្រាវជ្រាវស្វែងរកចំណេះដឹង និងជំនាញវិជ្ជាជីវៈពិតប្រាកដ ព្រមទាំងប្រកាន់ភ្ជាប់នូវឥរិយាបថល្អ និងការផ្ដល់តម្លៃមនុស្សធម៌។
២. ចូលរួមដាស់តឿន ក្រើនរំលឹកដល់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យអនុវត្តអាជីពពេទ្យរបស់ខ្លួននាពេលអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។
៣. មានសមត្ថភាពមេត្តាធម៌ទៅលើអ្នកជំងឺ និងចូលរួមលើកតម្កើងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ។
៤. រួមចំណែកដល់ការលើកស្ទួយ ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល។
ក្នុងពិធីរៀបចំដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅបរិវេណសាកលវិទ្យាល័យពុទ្ធិសាស្ត្រព្រឹកមិញនេះ លោកសាស្ត្រាចារ្យ ធា គ្រុយ ថ្លែងថា ក្នុងនាមជាគ្រូពេទ្យ ត្រូវតែមានចំណេះដឹង មានស្មារតីរឹងមាំ មានទំនួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ មិនខ្ជីខ្ជា និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។
“...ខ្ញុំបានស្ដាប់សច្ចាប្រណិធានមិញ អស់លោកជ្រាប អ្នកអានក៏ជ្រាបអ្នកថាតាមក៏ជ្រាប។ មិញដល់ថ្នាក់ថា ស៊ូបោះបង់ជីវិត មិនលះបង់អ្វីដែលត្រូវធ្វើ។ តឹងតែងមែនទែន! ខ្ញុំបារម្ភ! ឃ្លាមួយហ្នឹង ខ្ញុំបារម្ភ។ តែយ៉ាងណាយើងប្រយ័ត្នប្រយែងឱ្យមែនទែន យើងបានអានហើយ អ្នកអានក៏បានអាន អ្នកអានបន្តក៏បានអានបន្ត ហើយបានលើកដៃស្បថទៀត ហើយមានភ្លើងអំពូលទៀត។ ចង់មិនចង់សូមមេត្តាចងចាំ។ ខ្ញុំសង្ឃឹមថាអស់លោកកំពុងស្បថមែនទែន ខ្ញុំសង្ឃឹមថាលោកនឹងបន្តទទួលពាក្យសម្បថនេះ ទៅពិចារណា និងអនុវត្តតាមលទ្ធភាពខ្ពស់បំផុត ប្រឹងប្រែងបំផុត មិនខ្ជីខ្ជា។ និយាយឱ្យចំមែនទែនមិនបាច់ស្បថក៏បានដែរ ឱ្យតែមាំទាំ ឱ្យតែច្បាស់លាស់ មិនបាច់ស្បថក៏បានដែរ តែបើបានស្បថទៀតកាន់តែមាំទាំ [...] ខ្ញុំចង់បានជាងគេ គឺឃ្លាមួយម៉ាត់នេះទេ ស្មារតីទទួលខុសត្រូវខ្ពស់! ពីព្រោះពាក់ព័ន្ធនឹងជីវិតអ្នកជំងឺ...”៕
ជាន់ហ្គែរ ជ្រុល ធ្លាក់ទឹកទន្លេ ពេលកំពុងចុះទូកដ អុងប៉ាង
ទេសចរហូបគ្រឿងសមុទ្រងូតទឹកលេងធម្មតា នៅកោះ ក្នុងខេត្តកែប ទោះទឹកសមុទ្រប្រែពណ៌ក្ដី
អត្ថបទ៖ អ៊ុំ សុភក្តិ រូបថត៖ ទូរសព្ទដៃ