ប៊ិច​ពិសេស​ អាច​​បញ្ជូន​​អ្វី​ដែល​សរសេរ​​លើ​សៀវភៅ​ ​ទៅ​​​​បង្ហាញ​លើ​​​​ទូរសព្ទ

  • 2016-04-08 18:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​សៀវភៅ​សរសេរ​ដ៏​ធំ​ឈ្មោះ​ Moleskine បាន​ដាក់​លក់​ឈុត​ Smart Writing ដែល​មាន​រួម​បញ្ចូល​ដោយ​​សៀវភៅ​សរសេរ​ពិសេស ​និង​ប៊ិច​ឆ្លាត​វៃ​ អាច​បម្លែង​អ្វី​មាន​លើ​សៀវភៅ​ឲ្យ​ចូល​ទៅ​ក្នុង​ទូរសព្ទ​បាន។

 

 

ប៊ិច​ឆ្លាត​វៃ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ Moleskine Pen+ ដែល​វា​ប្រើ​ប្រាស់​កាមេរ៉ា​​មាន​បង្កប់​ក្នុង​ប៊ិច​ ដើម្បី​កត់​ត្រា​ពី​ដំណើរ​ការ​នៃ​ចុង​ប៊ិច​នៅ​លើ​សៀវភៅ​សរសេរ។ ប៊ិច​ពិសេស​នេះ​​ត្រូវ​ប្រើ​ជា​មួយ​សៀវភៅ​សរសេរ​ពិសេស ​ដែល​ក្រុមហ៊ុន​ហៅ​វា​ថា​ Paper Tablet។

 

 

Paper Tablet ជា​សៀវភៅ​សរសេរ​ដែល​មាន​ក្រឡា​ខុស​ពី​សៀវភៅ​ធម្មតា​ ពោល​គឺ​​ក្រឡា​របស់​វា​ជា​ប្រភេទ​ ស្នាម​ចុចៗ​ ដែល​ស្នាម​នេះ​ងាយ​ស្រួល​ឲ្យ​ប៊ិច​​កត់​ត្រា​បាន​​ថា​ចុង​ប៊ិច​ស្ថិត​នៅ​ទីតាំង​ណា​នៃ​សៀវភៅ។

 

 

​ក្រៅ​​ឧបករណ៍​ទាំង​ពីរ​ខាង​លើ​​មាន​កម្មវិធី​ទូរសព្ទ​មួយ​ទៀត​ឈ្មោះ​ Moleskine Notes​ ដោយ​វា​​​មាន​នាទី​បង្ហាញ​រូបភាព​ដែល​ប៊ិច​ប្រមូល​បាន​ពី​សៀវភៅ។ កម្មវិធី​នេះ​ប្រើ​ប្រាស់​ដោយ​ភ្ជាប់​ប៊ិច​ទៅ​កាន់​ទូរសព្ទ​​តាម​រយៈ​ប្រព័ន្ធ​ Bluetooth រួច​ដំណើរ​ការ​កម្មវិធី​នោះ​ឡើង​ ជា​ការ​ស្រេច។ ចំពោះ​កំណត់​ត្រា​ដែល​បញ្ជូន​ទៅ​ក្នុង​កម្មវិធី​ទូរសព្ទ​ គឺ​សុទ្ធ​តែ​អាច​កែ​សម្រួល​នៅ​លើ​កម្មវិធី​ទូរសព្ទ​បាន។

 

គួរ​បញ្ជាក់​ថា​ប្រសិន​បើ​ប៊ិច​ Pen+ មិន​បាន​ភ្ជាប់​ជា​មួយ​ទូរសព្ទ​ក៏​វា​មិន​មាន​បញ្ហា​ដែរ​ ដោយ​ប៊ិច​នេះ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​​អាច​រក្សា​​ទុក​កំណត់​ត្រា​បាន​១០០០​សន្លឹក​ ​ដើម្បី​ទុក​បញ្ជូន​ទៅ​កាន់​ទូរសព្ទ។

 

ចំពោះ​ឈុត​ Smart Writing នេះ​គឺ​មាន​ដាក់​លក់​លើ​វិបសាយ​របស់​ក្រុមហ៊ុន​​ មាន​​តម្លៃ​ ១៩៩​ដុល្លារ​​ក្នុង​មួយ​​ឈុត៕​​​​​​​​​​​​​​​

 

ចុច​អាន៖ ជើង​ដាក់​ឆត្រ​ពិសេស ​រំលឹក​ម្ចាស់​ឲ្យ​យក​​ឆត្រ​​តាម​ខ្លួន​ពេល​មេឃ​ជិត​​ភ្លៀង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Gizmodo​​​

អត្ថបទពេញនិយម