ចោរ​​លួច​​​លុយ​​ធនាគារ​បាងកក​អស់​​ជាង​ ២៨​ម៉ឺន​ដុល្លារ

  • 2016-05-10 17:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លុយ​ប្រមាណ​ ​១០លាន​បាត ​​ឬ​ជាង​ ២៨,៣​ម៉ឺន​ដុល្លារ​​អាមេរិក ​ត្រូវ​បាន​​ចោរ​លួច​​​​​​​​​អស់​​​ពី​ទូដែក​​​​​​​របស់​សាខា​​​ធនាគារ​បាងកក Bangkok Bank ​នៅ​ស្រុក​​ឆាអាម​ ​ខេត្ត​បញ្ចបុរ៉ី ​កាល​​ពី​​​​​​យប់​​ថ្ងៃ​អាទិត្យ​​​ទី​ ៨​ឧសភា​កន្លង​ទៅ។

 

ហេតុ​ការណ៍​​​​បាន​​​​ផ្អើលឆោឡោ​ឡើង​​ ​​​នៅ​ពេល​​បុគ្គលិក​ធនាគារ​​ចូល​​​​ធ្វើការ​​​ពេល​ព្រឹក ​​ស្រាប់​​តែ​​ពួក​គេ​ឃើញ​​​​ទូដែក​​ធនាគារ​​​​ចំហ ​ហើយ​​សាច់ប្រាក់​​​ ១០​លាន​បាត​ និង​​​ប្រាក់​បរទេស​ផ្សេង​​ទៀត​​​​ ​ត្រូវ​បាន​បាត់​​សូន្យ​ឈឹង។​ បើ​តាម​​ប្រភព​ ​អនុ​សាខា​​មួយ​នេះ​​​ផ្ដល់​​សេវាកម្ម​​ប្ដូរ​ប្រាក់​​​​​​​​ដ៏​​ច្រើន​​បំផុត​​​​​មួយ​ទៅ​ជា​​ប្រាក់​បរទេស។ ​​​

 

ប៉ូលិស​​​​ស្រុក​​ឆាអាម​​ ទើប​​ទទួល​​ដំណឹង​​ពី​ការ​លួច​នៅ​ម៉ោង​ ៧៖២០​នាទី​​ព្រឹក​ថ្ងៃ​ច័ន្ទ ​រួច​​ក៏​ចុះ​​ទៅ​កន្លែង​កើត​ហេតុ​​ភ្លាម​ៗ​ដែរ ​តែ​​មិន​ទាន់​ទទួល​បាន​តម្រុយ​​អ្វី​សោះ​។ ​​ប៉ូលិស​​បាន​​​សង្ស័យ​​​ក្រុម​ចោរ​​​ចូល​​តាម​​​អគារ​​​​ជាប់​​ធនាគារ​ ​​ដែល​ទ្វារ​ដែក​​​​ពុំ​បាន​​ចាក់​សោ​ឡើយ​។ ​ចោរ​បាន​​​ឡើង​​តាម​​​​​ដំបូល​អគារ​​ ​និង​បាន​ឆ្លង​​​ទៅ​កាន់​​ដំបូល​ធនាគារ​ ​​​វាយ​បំបែក​សោ ​និង​​ចូល​ក្នុង​​អគារ​តែ​ម្ដង។

​​​​​​​​

​ក្រុម​ចោរ​បាន​​ប្រើ​ប៉ុស្តិ៍​ផ្សា​ដែក​​បើក​​ទូដែក​​​ និង​​យក​ប្រាក់​​​ទាំង​នោះ​​ទៅ​ដោយ​សុវត្ថិភាព។ ​​​ចំណែក​​​​​​​តាម​កាមេរ៉ា​សុវត្ថិភាព​​​​នៅ​ក្បែរ​ធនាគារ​ ​បាន​​ថត​ជាប់​​​​​​​រថយន្ត​​ Pickup ​ពណ៌​ប្រាក់​​​បាន​ចត​​​​នៅ​​មុខ​​អគារ​​ក្បែរ​ធនាគារ​​​​​ម៉ោង​​ប្រមាណ​ ៩​យប់​​​ថ្ងៃ​អាទិត្យ​​ និង​បាន​បើក​ចេញ​ទៅ​​នៅ​ម៉ោង​​ ៣​ទៀប​ភ្លឺ​​​ ដោយ​មិន​បាន​​បើក​ភ្លើង​​​ចង្កៀង​​​ទៀត​ផង។ ​​ពេល​នេះ​ ​​ប៉ូលិស​​​​​​កំពុង​ស៊ើប​អង្កេត​ ​​​តែ​មិន​ទាន់​​​​មាន​​​ដាន​សង្ស័យ​អ្វី​មួយ​នៅ​ឡើយ​ទេ៕

 

 

 

 

ចុចអាន៖ ហាង​លក់​ទំនិញ​​ធំៗ​​នៅ​បាងកក ​​ទាំង​ខ្មែរ​និង​បរទេស​​​និយម​ដើរ​ទិញ​ទំនិញ​

ចុចអាន៖ Baiyoke ខ្ពស់​ផុត​គេ​នៅ​បាងកក​ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត

ចុចអាន៖ ​ឡុងដុង​លេខ​១ បាងកក​លេខ​២​ ​ក្នុង​នាម​ជា​​ទី​ក្រុង​មាន​​​​ទេសចរច្រើន​បំផុត​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ The Nation