ផ្លូវ​ជាប់​គាំង​​នៅ​​ភ្នំពេញ​អ្នក​​ណា​ទទួល​​ខុស​ត្រូវ​​?

  • 2014-10-28 16:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​កក​ស្ទះ​ចរាចរ ​ដ៏​អាក្រក់​ស្ទើរ​គ្រប់​កន្លុកកន្លៀត ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​រវាង​ពេល​ប្រមាណ​ពេញមួយ​ខែ​មក​​ហើយ​​នេះ​​​បាន​​បង្ករ​ ជា​ការ​ខាតបង់​ដ៏​ធំ​សម្រាប់​ពលរដ្ឋ​ដែល​កំពុង​ក្រ​ស្រាប់។​ នេះ​ជា​ការ​លើក​ឡើង​​​ របស់​យុវ​ជន​​មួយ​ក្រុម​ ប្រាប់​Sabay ​ខណៈ​ជាប់​គាំង​លើ​ផ្លូវ​ព្រះមុនីវង្ស​​​​។

 

កញ្ញា ​ សោ​ភា​ និស្សិត ឆ្នាំ​ទី ២ សិក្សា​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់​បាន​​និយាយ​ថា​ ការ​កក​ស្ទះ​ចរាចរណ៍​កាន់​តែ​ខ្លាំង​​ក៏​ព្រោះ​តែ​ចំនួន​ ​ប្រជា​ជន​មក​រស់​នៅរាជ​ធានី​ភ្នំពេញ​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​។ដូច្នេះ​​យាន​យន្ត​​ក៏​កើន​ឡើង​​ ដូច​គ្នា​ផង​ដែរ​​។​ម្យ៉ាង​ទៀត​ការ​កក​ស្ទះ​ចរាចរណ៍​ក៏​​អា​ច​បណ្តាល​មក​ពី​ អ្នក​បើក​បរ​ខ្លួន​ផង​ ព្រោះ​ពេល​កក​ស្ទះចរាចរខ្លាំង​អ្នក​បើក​បរខ្លះ​បាន​បើកបរ​រំលោភ​លើ​ចំណែក​ ផ្លូវភាគីម្ខាង​ទៀត​​​ ក្នុង​នោះ​មិន​មែន​មាន​ម៉ូតូ​ទេ​ តែ​ឡាន​​ក៏​មាន​ច្រើន​ដែរ​។ ​កញ្ញា​​បន្ថែ​មថា​៖ “ខ្ញុំ​​នៅ​ម្តុំ​ផ្សារ​ពោធិ៍​ចិន​តុង​ ថ្ងៃ​ខ្លះ​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​ទម្រាំ​មក​ដល់​សាលា​ ដោយ​សា​ឡាន​ម៉ូតូ​ច្រើន​​ពេក​” ។

“ការ​កក​ស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ​ ខ្ញុំគិត​​ថា​ អាច​បណ្តាល​មក​ផ្លូវ​ស្រុក​យើង​មាន​ទំហំតូ​ច​ ហើយ​ចំនួន​យាន្ត​យន្ត​កាន់តែ​ច្រើន​​” ។ ​ទាំង​នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​យុវជន​​ កែ​វ​ បូរាណ​ និស្សិត​ឆ្នាំ​ទី១ សកល​វិទ្យាល័យ​ភូមិន្ទ​និត្តិសាស្រ្ត​ និង​ វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​។ ​បូរាណ​ និយាយ​ថា ៖ “ខ្ញុំ​នៅម្តុំ​ជិត​វិទ្យុ​ជាតិ​ស្ទឹង​មាន​ជ័យ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​វេង​ស្រេង​​រាល់ថ្ងៃ​ ​ផ្លូវនេះ​ជា​ផ្លូវ​​មួយ​ដែល​មាន​ភាព​មមាញឹក​ច្រើន​ជាង​គេ​ព្រោះ​ នៅ​អម​សង្ខាង​ផ្លូវ​មាន​រោង​ចក្រ​ជាច្រើន​ ហើយ​ក៏មាន​រថយន្ត​ធំ​ៗ​​ចរាចរ​ច្រើន​ ធ្វើ​ឲ្យកក​ស្ទះ​​ភាគ​ច្រើន​​​នៅ​ពេល​ព្រឹក​ ចន្លោះ​ពី​ម៉ោង​ ៦ ៖ ៣០​ ដល់ ម៉ោង​ ៨​ ៖ ​០០ ហើយ​​ពេល​ល្ងាច​វិញ​ស្ទះ​ខ្លាំង​ជាង​គេ​គឺ​ចាប់​ពីម៉ោង​ ៥ ៖ ​០០ ​ដល់​ម៉ោង​ ៦៖ ០០​ ”។

 “ការ​កក​ស្ទះ​ចរាចរ​ក៏​អាច​បណ្តាល​មក​ពី​គ្មាន​វិធានការណ៍​ល្អ​ ក្នុង​ការ​​សម្រួល​ ចរាចរណ៍​ផង​ដែរ”​។ ទាំង​នេះ​គឺជា​ការ​អៈ​អាង​របស់​ កញ្ញា​ ចិន្តា​ និស្សិត​ ឆ្នាំ​ទី ៣​ នៃ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​ផ្នែក​​គណេយ្យ​ ។ចិន្តា ​និយាយថា​៖ “​ខ្ញុំ​នៅ​ម្តុំ​រោង​កុន​គិរីរម្យ​​មាន​ផ្លូវ​តូច​ៗ​ជា​ច្រើន​កាត់​ផ្លូវ​​ព្រះ​សីហនុ​ ទាំង​ឡាន​ និង​ ម៉ូតូ​បាន​សម្រុក​ទៅ​មុខ​តែ​រាង​ៗ​ខ្លួន​អត់​មាន​អ្នក​ជួយ​សម្រួល​ចរាចរ ពេល​ខ្លះ​ក៏អាច​បង្ករ​ឲ្យ​មាន​ការ​កក​ស្ទះ​កាន់​តែខ្លាំង​ផង​ដែរ​ ”។

 

យុវជន​​ ភារម្យ​ បុគ្គលិក​បំរើ​ការងារ​នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​​និយាយថា​ កន្លែង​ខ្លះ​ការ​កក​ស្ទះ​ចរាចរ​ក៏​អាច​បណ្តាល​​មក​ពី​​ដាច់​ភ្លើង​ស្តុប​។ ​ភារម្យ​ និយាយ​ថា​៖ ”ជាក់​ស្តែ​ង​ភ្លើង​ស្តុប​នៅ​បូក​គោ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ដាច់​ច្រើន​ម៉ោង​ បង្ករ​ឲ្យ​កក​ស្ទះ​ចរាចរ​ ​ហើយ​ន​គរបាល​បាន​ប្តូរ​វេន​គ្នា​ និង​មាន​ភាព​នឿយ​ហត់​ជា​ខ្លាំង​ ​ក្នុង​ការ​សម្រួល​ចរាចរ​ កុំ​ឲ្យ​កក​ស្ទះ​”។

 

យោង​តាម​របាយ​ការណ៍​របស់​​សាលា​រាជ​ធានី​ភ្នំ​ពេញ​បាន​ឲ្យដឹង​ថា​ទីក្រុង​ភ្នំពេញ​មាន​ប្រជាជន​រស់​នៅ​ ជាង ​២ ​លាន​នាក់ ​រស់​នៅ​ ​មាន​ម៉ូតូ​​ជាង​១ ​លាន​គ្រឿង​ និង​មាន​រថយន្ត​ជាង២៣ម៉ឺន​គ្រឿង​ធ្វើ​ចរាចរ​នៅលើ​ដង​ផ្លូវ​។

 

តាម​ទិន្នន័យ​ចុះ​បញ្ជី​យានយន្ត​ដែល​បាន​បង្ហាញ​ដោយ​សាលា​រាជធានី​ភ្នំពេញ ​រហូត​មក​ដល់​​ពេល​នេះ ​ភ្នំពេញ ​មាន​ចំនួន​ម៉ូតូ​សរុប​ជាង ​១ ​លាន​គ្រឿង និង​រថយន្ត​ជាង ៤០០ ០០០ ​គ្រឿង​ដែល​ចំនួន​នេះ​គឺ​ជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​ មួយ​ឆ្នាំ។​​ កាល​ពី​ពេល​​ថ្មីៗ នេះ​ដែរ​ សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​សេចក្តី​ព្រាង​ផែន​ការ​មេ​ដឹក​ជញ្ជូន​ រាជធានី​ភ្នំពេញ​សម្រាប់ ឆ្នាំ​២០៣៥ បន្ទាប់​ពី​​ការ​សិក្សា​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោម​កិច្ច​សហការ​ជាមួយ​ទីភ្នាក់ងារ​ សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ជប៉ុន (JICA) ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍​ខណៈ​ចំនួន​យាន​យន្ត​ត្រូវ​បាន​ព្យាករ​ថា ​នឹង​បន្ត​កើន​ឡើង​។ ​

 

 

អានអត្ថបទ៖ វីដេអូ​​ក្មេងស្រី​គ្មាន​ដៃ មើលហើយ​ទប់​ទឹកភ្នែក​មិន​បាន ចុច​ត្រង់​នេះ​

អត្ថបទ ៖ មៃ​ សុខលីម

អត្ថបទថ្មី