Laura Mam៖ "​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ"

  • 2016-06-06 17:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ Laura Mam នឹង​ទៅ​អាមេរិក​វិញ​ទេ? Laura Mam ថា ​នាង​មិន​ទៅ​វិញ​ឡើយ ហើយ​បាន​​សម្ដែង​ក្ដី​​រីករាយក្នុង​ការ​រស់នៅ​នៅកម្ពុជា និង​​ប្រើ​ឈ្មោះ​របស់នាង ជួយ​​​ដល់​យុវជន វិស័យ​អប់រំ និង​សិល្បៈ​ក្នុង​ប្រទេស​កំពុង​​អភិវឌ្ឍន៍មួយ​នេះ។

 

នាង​ថ្លែង​​ថា៖ “ខ្ញុំ​អត់​ទៅ​វិញ​ទេ ខ្ញុំ​ស្រលាញ់​ស្រុកខ្មែរ​ពេក ដូច្នេះ​ខ្ញុំ​អត់​ទៅ​វិញ​ទេ! ...សម្រាប់​​ខ្ញុំ​ ខ្ញុំ​នៅ​ស្រុក​ខ្មែរ​រហូត​ហ្នឹង ខ្ញុំ​ចង់​ជួយ​ខាង​អ្វី​ក៏​បាន ពេល​ជួយ​វិស័យ​អប់រំ អូខេ! ពេល​​ជួយ​យុវជន ខ្ញុំ​នឹង​ចូលរួម"។

 

 

ពេល​បាន​ក្លាយ​ជា​តារា​ចម្រៀង Laura Mam ចូលចិត្ត​ចូលរួម​ជាមួយ​អង្គការ ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា ដូចជា ​វិស័យ​អប់រំ និង​យុវជន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ តារា​កូនកាត់​ខ្មែរអាមេរិក​ម្នាក់​នេះ បង្ហើប​​ថា នាងក៏​​គ្រោង​ជួយអ្នក​សិល្បៈ​​​មាន​ទេពកោសល្យ ដែល​​ពួកគេ​គ្មាន​​ឱកាស​បង្ហាញ​សមត្ថភាព។

 

“ខ្ញុំ​ឃើញ​​ថា យុវជន​​យើង​មាន​ទេពកោសល្យ​ខ្លាំង ប៉ុន្តែ​ខ្វះ​ឧកាស។ ដូច្នេះ​សម្រាប់​​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ជោគជ័យ​​តិចតួច​នៅ​ស្រុក​ខ្មែរ ហើយ Sponsor ​ច្រើន ក៏​ស្គាល់​ឈ្មោះ​ខ្ញុំ​ដែរ ពេល​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ ចា៎!"។ នាង​បន្ថែម។

 

ឆ្នាំ​នេះ Laura Mam ត្រូវ​បាន​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ PSE តែង​តាំង​ជា​ទូត​សុច្ឆន្ទៈ នៃ​គម្រោង Mission Muoy Roy  ដែល​ជា​គម្រោង​​ប្រមូល​ថវិកា ​១០០រៀល រយៈពេល​ ១០០ថ្ងៃ ដើម្បី​ជួយ​គាំទ្រ​ឱ្យ​កុមារ​អាយុ​ចាប់​ពី ១០-១៤ ឆ្នាំ​ត្រឡប់​ចូល​រៀន​វិញ។ គម្រោង​នេះ​ជួយ​លើ​ការ​ចំណាយ​អាហារូបត្ថម្ភ សកម្មភាព ការ​ថែទាំ​សុខភាព ការ​ថែទាំ​សាលារៀន ការ​គាំទ្រ​សង្គម និង​អង្ករ​សម្រាប់​គ្រួសារ​របស់​ពួកគេ​ផង​ដែរ៕

 

 

ចុចអាន៖ ឡូរ៉ា ម៉ម បង្កើត​កម្មវិធី​លើក​ស្ទួយ​ការ​តែង​និពន្ធបទ​ចម្រៀង

ចុចអាន៖ ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី