២៤ម៉ោង ក្រោយ​មរណភាព​អ្នកវិភាគ​ ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា

  • 2016-07-11 17:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-ភរិយា​បណ្ឌិត​កែម ឡី ដែល​កំពុង​ពរ​ពោះ​កូន​ទី៥ (៥ខែ) បាន​ចាត់​ទុក​ថា​ នេះ​ជា​ការ​សម្លាប់​ផ្នែក​នយោបាយ -រាជរដ្ឋាភិបាល​បញ្ចេញ​សារ​ចូលរួម​មរណទុក្ខ និង​តឿន​អោយ​សមត្ថកិច្ច​ស្វែងរក​ការពិត -ជនសង្ស័យ​ដែល​ប៉ូលិស​ឃាត់ខ្លួន​ត្រូវ​បាន​មហាជន​រិះគន់​ថា​ជា​ឆាកល្ខោន​មិន​សម​ទំនង -មនុស្ស​ប្រមូល​ផ្តុំ​គ្នា​ជាង១ម៉ឺន​នាក់​ដង្ហែ​សព​ចេញពី​ទី​កើតហេតុ​ទៅកាន់​ឈាបនដ្ឋាន -សារព័ត៌មាន​ជាតិ ​និង​អន្តរជាតិ​បញ្ចេញ​ប្រតិកម្ម​មមាញឹក​លើ​ករណី​នេះ -មាន​មតិ​រិះគន់​អំពី​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ក្នុង​សំណុំ​រឿង​នេះ -មរណភាព​ចុងក្រោយ​នេះ​បាន​ធ្វើ​អោយ​កម្រើក​រំពើក​ស្រទាប់​បញ្ញវន្ត​ដែល​ធ្លាប់​តែ​​អត់​ធ្មត់​សង្កត់ចិត្ត។ -អង្គការ​Global Witness ចេញ​សេចក្ដីថ្លែងការណ៍ ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ -ទី​កើតហេតុ​បាន​ផ្អាក​អាជីវកម្ម

 

 រូបភាព​ព្រឹក​នេះ ម៉ា​ត​កាល់​តិច បាន​ផ្អាក​សេវាកម្ម​របស់​ខ្លួន ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​ លោក​បណ្ឌិត កែម ឡី កាល​ពិ​ម្សិលមិញ

 

ម៉ា​ត​កាល់​តិច ​ដែល​ជាទី​កើតហេតុ​ការណ៍​បាញ់​ប្រហារ​កាលពី​ម្សិល​បាន​បិទ​ផ្អាក​សេវាកម្ម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ខណៈ​ដែល​សព​បណ្ឌិត កែម ឡី ​ត្រូវ​បាន​គេ​ព្រមព្រៀង​តម្កល់​រយៈពេល ១០ថ្ងៃមុន​បូជា។

 

នៅ​ព្រឹក​នេះ​បណ្ដាញ​សង្គម​បន្ត​ធ្វើ​ការរិះគន់​ចាស់ដៃ​ទៅលើ​បណ្ដាញ​ព័ត៌មាន​សោតទស្សន៍ (TV) មិនបាន​មាន​ការ​ចេញផ្សាយ​អ្វី​អោយ​សស្រាក់​សស្រាំ​ស្មើ​ទៅ​នឹង​រឿងអាស្រូវ​ លោក ​កឹម សុខា​ នោះ​សោះ។

 

បណ្ដាញ​ទូរទស្សន៍​ក្នុងស្រុក​ក៏​ត្រូវ​បាន​រិះគន់​ពី​ភាព​យឺតយ៉ាវ​ និង​ផ្ដល់​ព័ត៌មាន​មិន​ឯករាជ្យ​លើ​ករណី​នេះ​ផងដែរ។  

 

 

ពលរដ្ឋ​និយាយ​ថា ព័ត៌មាន​អន​ឡាញ បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការផ្សាយ​ព័ត៌មាន​លើ​សំណុំរឿង​ឃាតកម្ម​កណ្ដាល​ក្រុងភ្នំពេញ​នេះ ខណៈ​​ដែល​ទូរទស្សន៍​ចាក់​កម្មវិធី​កម្សាន្ត។

 

សារព័ត៌មាន​អន្តរជាតិ​ពិភពលោក មាន​ដូចជា BBC, Reuters, Channal News Asia, AFP, The Strats Times បាន​ចុះផ្សាយ​ពី​ការ​បាញ់​សម្លាប់​លើ​ លោក កែម ឡី ភ្លាមៗ ផ្ទុយ​ពី​ភាព​ព្រងើយកន្តើយ​របស់​ម៉ាស៊ីន​ផ្សព្វផ្សាយ​ក្នុងស្រុក និង​​បាន​បញ្ជាក់​ផងដែរ​ ពី​ការ​ទទួលស្គាល់​បណ្ឌិត​កែម ឡី ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​ម្នាក់ ក៏​ជា​អ្នក​រិះគន់ រដ្ឋាភិបាល​ដ៏​រសើប។  

 បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​បាន​ចេញ​ផ្សាយ​ករណី​ឃាតកម្ម​នៅ​ស្រុក​ខ្មែរ

 

សំណុំរឿង​បាញ់សម្លាប់​អ្នកចេះដឹង​ដែល​មាន​ការ​គោរព​ជាទូទៅ​នេះ បាន​កើត​ឡើង​នៅ​ចំ​ថ្ងៃអាទិត្យ ដោយ ​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​ចូល​ទៅ​បាញ់​សម្លាប់​ ក្នុង​ម៉ាត​កាល់​តិច​ស្តុប​បូកគោ​ដែល​ជា​ទី​ទទួលទាន​កាហ្វេ​ដ៏​មាន​ប្រជាប្រិយភាព​ជាងគេ​បង្អស់​របស់​ពលរដ្ឋ​ក្រុងភ្នំពេញ។ ទីនោះ​តែងតែ​មាន​ការ​តម្រង់​ជួរ​វែង​អន្លាយ​រង់ចាំ​ទិញ​កាហ្វេ ហើយ​បណ្ឌិត​កែម ឡី​បាន​មក​កាន់​ទីនោះ​ជាប្រចាំ​អាន​ព័ត៌មាន ​និង​ពិសា​កាហ្វេ។

 

សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​រាយការណ៍​ថា នៅ​ម៉ោង​ប្រហែល ៨និង៤០នាទី​ព្រឹក  ខ្មាន់កាំភ្លើង​បាន​ដើរ​ចូល​ទៅ សំដៅ​រក កែម ឡី​ ដោយ​មិនបាន​និយាយ​អ្វី​ហើយ​ដក​កាំភ្លើងខ្លី​​បាញ់​សម្លាប់។ បើ​តាម​នាយឧត្តមសេនីយ​ ជួន​ សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ប្រាប់​អ្នក​សារព័ត៌មាន​​ម្សិលមិញ​ថា ខ្មាន់​កាំភ្លើង​បាន​​បាញ់​ចំនួន ២គ្រាប់ ដែល​គ្រាប់ទី១ ត្រូវចំក្បាល ហើយគ្រាប់ទី​២ ត្រូវចំដើមដៃ​ធ្លាយទៅដល់​ដោះ។  

មហាជន​សម្រុក​មក​ដល់​កន្លែង​ហេតុការណ៍ ទី​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​ម៉ាត​កាល់​តិក កាល​ពី​ព្រឹក​ថ្ងៃទី ១០ កក្កដា ២០១៦

 

បន្ទាប់ពី​ការ​ធ្វើឃាត ខ្មាន់កាំភ្លើង​បាន​រត់​ចេញ​មកក្រៅ​ដោយ​កាន់​កាំភ្លើងខ្លី​នៅ​ដៃ និង​មាន​ប្រឡាក់​ឈាម​នៅ​លើ​ផ្ទៃមុខ​ហើយ​ក្រោយមក ត្រូវ​ចាប់​ខ្លួន​បាន នៅ​ម្ដុំ​ស្ថានទូត​រុស្ស៊ី។ ម៉ោង១០ និង៥០នាទី​ព្រឹក​នគរបាល​ខណ្ឌ ចំការមន​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ បន្ទាប់ពី​ការ​សួរចម្លើយ ជនសង្ស័យ សារភាព​ថា ខ្លួន​បាញ់សម្លាប់ ព្រោះ​បណ្ឌិត​កែម ឡី ជំពាក់​លុយ​ខ្លួន ៣ពាន់​ដុល្លារ។ មហាជន​បាន​ចាត់ទុកថា នេះ​ជា​ករណី​បំភ័ន្ត​ការពិត ដែល​មិន​សម​ទំនង​មួយ។

 

នៅ​វេលា​ម៉ោង១១ថ្ងៃ​ដដែល​ ប្រជាពលរដ្ឋ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​ទី​កើតហេតុ ដើម្បី​ចូលរួម​តវ៉ា​មិន​ឲ្យ​សមត្ថកិច្ច​ដឹក​សព​ចេញ​តាម​រថយន្ត​នគរបាល និង​រថយន្ត​ពេទ្យ​ដោយ​ទាមទារ​ដង្ហែ​ចេញ​តាម​រថយន្ត​ផ្ទាល់ខ្លួន។ យុវវ័យ​ជា​និស្សិត ​និង​ពលរដ្ឋ​ជាច្រើន​បាន​ដាក់​ផ្កា ទាន​ និង​ដប​ទឹក​ក៏ដូចជា​ផ្លែឈើ​តាម​ប្រពៃណី ជា​កិច្ច​គោរព​ជួន​ច​ដំណើរ​សព។  

 

រហូត​ដ​ល់​វេលា​ម៉ោង ២:៤០នាទី សព ត្រូវ​បាន​ដង្ហែ ចេញពី​កន្លែង​កើតហេតុ តាម​រថយន្ត​ផ្ទាល់ខ្លួន​ដោយ​មាន​ការ​អោយ​ធម៌​ពី​ព្រះសង្ឃ​ និង​ការ​សោយសោក​ ចំណែក​កម្លាំង សមត្ថកិច្ច បាន​ដាក់​កម្លាំង​ថែម​ឡើង​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ហែសព បណ្តាល​អោយ​មាន​ការ​ប៉ះទង្គិច​មួយ​ចំនួន។

 

 

រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​គ​ណបក្ស​នយោបាយ​ទាំងអស់​បាន​ចូលរួម​ថ្កោលទោស​ថា​នេះ ជា​អំពើ​សម្លាប់​ដ៏​កំសាក ​និង​អំពាវនាវ​អោយ​វែក​មុខ​ឃាតក​ព្រមទាំង​បក្សពួក​ និង​ការពិត​នៅ​ពី​ក្រោយនេះ។  

សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ចំនួន​ពីរ រួម​នឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត នៅ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦​នេះ​​ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​កុំ​យក​ឃាត​កម្ម​​លោក​ កែម ឡី​ថា ជារឿង​នយោបាយ។ សម្ដេច​តេជោ បាន​បន្ដថា ការ​បាញ់​សម្លាប់​លោក កែម ឡី បាន​ធ្វើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការខាតបង់ និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខមាត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​សម្ដេច​បាន​ចាត់​ទុក​ការ​បាញ់​ប្រហារ​លើ​លោក​កែម ឡី ថា​ជា​អំពើ​ឃោរឃៅ  ដែល​សម្ដេច​​សូម​ថ្កោលទោស​អំពើ​ដ៏​ព្រៃផ្សៃ​នេះ។  

ចំណែក​អង្គការ Global Witness បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​ទាមទារ​អោយមានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​​អ្នកវិភាគ​ ដែល​ការវិភាគ​មុន​ពេល​ស្លាប់​របស់​បណ្ឌិត​កែម​ឡី ​មាន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​នូវ​របាយការណ៍​ដ៏​រសើប​របស់​ខ្លួន។  

បណ្ឌិត សុខ​ទូច​ ដែល​ជា​ដៃគូ​សម្បូរ​វោហារ​ជាមួយ​អ្នក​ស្លាប់​បាន​ប្រាប់ ​Sabayនៅ​ថ្ងៃ​ដដែល​នោះ ថា​លោក​បាន​ឃ្លាត​ចេញពី​ដៃគូ​ម្នាក់​នេះ ក្រោយពី​បាន​ទទួល​ការព្រមាន គំរាម​គួរ​អោយ​ចត់​បាយ​ពី​ជន​អនាមិក ហើយ​ថា ការ​គំរាម​នោះ​គឺ​ប្រាថ្នា​ដល់​ជីវិត​លោក ។  

សួមស្ដាប់​ប្រសាសន៍​លោក​បណ្ឌិត សុខ ទូច ដែល​បាន​ផ្ដល់​សម្ភាសន៍​តាមទូរសព្ទ​ឲ្យ​​វិបសាយ​ Sabay ម្សិលមិញ

 

បណ្ឌិត ​ឡៅ ម៉ុងហៃ​ និង​បញ្ញវន្ត​ជាច្រើន​ទូទាំង​ប្រទេស​បាន​ចាត់​ថា​ នេះ​ជា​ការ​បាត់បង់​យ៉ាង​ដំណំ សម្រាប់​សង្គម​បញ្ញាជន​ខ្មែរ​ហើយ​ថ្កោលទោស​ថា​ នេះ​ជា​អំពើ​យ៉ាង​កំសាក​ដែល​សមត្ថកិច្ច​ខ្មែរ​ត្រូវតែ​ឆ្លើយតប​ចំពោះ​មហាជន៕  

 

អត្ថបទ៖ ឃុត សុខឿន

អត្ថបទថ្មី