ចំរើន សុភ័ក្រ និង​បង​ស្រី ជាប់​ឈ្មោះ​ទៅ​​ដណ្ដើម​ពាន Grammy Awards

  • 2016-07-15 18:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ចំរើន សុភា ដែល​ជា​បង​ស្រី​របស់​តារា​ចម្រៀង​ ចំរើន សុភ័ក្រ បាន​ថ្លែង​មក​កាន់​ Sabay ថា​ខ្លួន​ និង​ប្អូន​ស្រី​ ជាមួយ​ក្រុម​តន្ត្រី ៣​នាក់​ទៀត​កំពុង​ត្រៀម​ខ្លួន​ចេញ​ទៅ​អាមេរិក​ដណ្ដើម​ពាន Grammy Awards ដែល​ជា​កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​ធំ​បំផុត​ក្នុង​វិស័យ​តន្ត្រី បន្ទាប់​ពួក​គេ​ជាប់​ឈ្មោះ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក​មួយ​នេះ។​

 

 

(ចំរើន សុភ័ក្រ)

 

ព័ត៌មាន​ពី​បង​ប្អូន​តារា​ចម្រៀង​ទាំង​ពីរ​ជាប់​ឈ្មោះ​ក្នុង​ការ​ប្រកួត​កម្មវិធី Grammy Award នេះ ត្រូវ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ភាសា​អង់គ្លេស​មួយ(KhmerTimeKh)។ បញ្ហា​នេះ កញ្ញា ចំរើន សុភា បាន​ទទួល​ស្គាល់ ហើយ​ថា ការ​ដែល​ចេញ​ទៅ​ប្រកួត​នោះ​ គឺ​ទៅ​លក្ខណៈ​ជា​ក្រុម​ ដោយ​សារ​នាង​មាន​ក្រុម​មួយ​​ឈ្មោះ​ថា​ "KROM” មាន​សមាជិក​៥​នាក់។

 

"ពួក​យើង​មាន​ចម្រៀង​១​បទ​ដើម្បី​ចូល​រួម​ប្រកួត​ ហើយ​អ្វី​ដែល​ពិសេស ជា​មូលហេតុ​​​យើង​អាច​ចូល​រួម​បាន ​ដោយ​សារ​​បទ​ចម្រៀង​យើង​ជា​បទ​ខ្មែរ ​តែ​ស្តង់ដា​បរទេស​ទើប​ខាង Grammy គេ​ចាប់​អារម្មណ៍"។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ "KROM” ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Music/Radio Promotion របស់​អាមេរិក​ដើម្បី​ផលិត​ជា​ អាល់ប៊ុម​ ចម្រៀង​ផង​ដែរ។​

 

សុភា បន្ថែម​ថា "វា​ជា​ជោគ​ជ័យ​មួយ​របស់​ "KROM” យើង​មាន​មោទនភាព​ដែល​យើង​ក្លាយ​ជា​ក្រុម​ទី​១​​របស់​កម្ពុជា​បាន​ទៅ​ប្រកួត​នៅ​ Grammy ទោះ​បី​យើង​មិន​ទាន់​ដឹង​លទ្ធផល​ក៏​យ៉ាង​ណា​ដោយ​ យើង​សង្ឃឹម​ថា​ "KROM” នឹង​អាច​​ធ្វើ​ឲ្យ​បរទេស​កាន់​តែ​ស្គាល់​ច្បាស់​ពី​តន្ត្រី​របស់​កម្ពុជា"។

 

ការ​ចេញ​ទៅ​ប្រកួត​នេះ​ គឺ​ប្រកួត​យក​ពាន​ពីរ​ទម្រង់ ទី១ "Best World Music Album” និង​ទី២​ "Song of the Year”។ ចំណែក​ឯ​ពេល​ពេល​វេលា​​ក្នុង​ការ​ចេញ​ទៅ​ កញ្ញា ចំរើន​ សុភា មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ទេ។​​​​​

 

(ចំរើន សុភា)

 

Grammy Awards គឺ​ជា​កម្មវិធី​លំដាប់​កំពូល​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ផ្នែក​​សិល្បៈ​តន្ត្រី ដែល​តែង​តែ​ប្រារព្ធ​ឡើង​នៅ​សហរដ្ឋអាមេរិក​ កម្មវិធី​នេះ​ដែរ​​វង់​តន្ត្រី​របស់​អាស៊ី​​មិន​ច្រើន​នោះ​ទេ​ដែល​មាន​ឱកាស​បាន​ទៅ​ចូល​រួម​ សម្រាប់​កម្ពុជា​នេះ​ជា​លើក​ទី​១​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY​​​​

រូបភាព៖ Facebook