iPhone និង​គ្រឿង​អេឡិចត្រូនិក​ភាគច្រើន បំពាក់​បច្ចេកវិទ្យា​សិនស័រ Bosch

  • 2016-07-27 16:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone និង​ស្ទើរ​គ្រប់​គ្រឿង​អេឡិចត្រូនិក ទូទាំង​ពិភពលោក សុទ្ធ​តែ​បាន​បំពាក់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំ​មុខ​របស់​អាល្លឺម៉ង់ Bosch។

 

 

លោក Andre De Jong អគ្គនាយក​ក្រុមហ៊ុន Bosch ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា​សិនស័រ​របស់ Bosch នឹង​ធ្វើ​ឲ្យ iPhone និង​រាល់​គ្រឿង​អេឡិចត្រូនិក​ទាំងអស់ ​រឹត​តែ​ទំនើប​និង​ដំណើរការ​កាន់​តែ​រលូន។

 

អគ្គនាយក​រូប​នេះ​ពុំ​បាន​​បញ្ជាក់​ពី​ឈ្មោះ​បច្ចេកវិទ្យា​សិនស័រ​ណាមួយ​ប្រាកដ​ទេ គ្រាន់​តែ​​ថា ​រាល់​សិនស័រ​ផលិត​ដោយ Bosch អាច​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជុំវិញ​ពិភពលោក​យក​ទៅ​កែប្រែ (Customize) មុខងារ​ឲ្យ​តាម​ការ​ចង់​បាន គ្មាន​បញ្ហា។

 

លោក Andre De Jong អគ្គនាយក​ក្រុមហ៊ុន Bosch ប្រចាំ​កម្ពុជា 

 

ឧទាហរណ៍ ស្មាតហ្វូន​ឬ Smartwatch បំពាក់​សិនស័រ Bosch នោះ​អាច​ត្រូវ Customize ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​សិនស័រ​សម្រាប់​គោល​បំណង​ផ្សេងៗ។ សិនស័រ​ខ្លះ​ប្រើ​សម្រាប់​តាមដាន​សុខភាព ដោយ​ការ​ចាប់​រាល់​ចលនា​ហាត់​ប្រាណ (រត់ ដើរ) ប្រាប់​ចំនួន​ម៉ោង​ដែល​អ្នក​បាន​គេង និង​ទិន្នន័យ​ផ្សេង​ទៀត។

 

ចំពោះ​សិនស័រ Bosch បំពាក់​លើ​រថយន្ត​ស៊េរី​ទំនើបៗ​ភាគ​ច្រើន​បច្ចុប្បន្ន សំដៅ​លើ​ប្រព័ន្ធ​ហ្វ្រាំង ABS។ ប្រព័ន្ធ​ហ្វ្រាំង​នេះ​បំពាក់​សិនស័រ​ឆ្លាតវៃ អាច​ចាប់​ហ្វ្រាំង​រថយន្ត​បាន​ទាន់​ពេល​វេលា​ ដោយ​ស្វ័យ​ប្រវត្តិ និង​ជួយ​ទើប​លំនឹង​រថយន្ត​មិន​ឲ្យ​រ៉េ​ចុះ​ឡើង​នាំ​ក្រឡាប់។

 

លោក De Jong បន្ថែម​ថា បច្ចុប្បន្ន Bosch កំពុង​តែ​ស្រាវជ្រាវ​និង​ធ្វើ​តេស្ត​លើ​បច្ចេកវិទ្យា​ថ្មីៗ​បំពាក់​លើ​គ្រឿង​អេឡិចត្រូនិក​និង​រថយន្ត ឲ្យ​កាន់​តែ​ទំនើប​និង​ផ្តល់​សុវត្ថិភាព​ខ្ពស់​បំផុត​ដល់​អ្នក​ប្រើប្រាស់​ពេល​អនាគត។

 

លោក​អះអាង​ថា បច្ចេកវិទ្យា​របស់ Bosch កំពុង​តែ​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ដល់​ទៅ ២៧ភាគរយ នៅ​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក​រួម​ទាំង​កម្ពុជា បន្ទាប់​ពី​ទីផ្សារ​នៅ​តំបន់​អ៊ឺរ៉ុប (៥៣ភាគរយ) ។

 

បច្ចេកវិទ្យា​របស់ Bosch បែង​ចែក​ជា​បី​ធំៗ Industrial Technology, Consumer Goods និង Energy and Building Solution។ Bosch មាន​ក្រុមហ៊ុន​បទសម្ព័ន្ធ​ដល់​ទៅ ៤៤០ ជុំវិញ​ពិភព​លោក ដើម្បី​ចូលរួម​សហការ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ប្រើ​បច្ចេកវិទ្យា Bosch៕

 

អត្ថបទ៖ ប៉ែត ផាន់និត