អេនឌី ចេញ​បេសកកម្ម​ទៅ​កាណាដា​លើក​ទី​១

  • 2016-08-06 21:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អេនឌី បាន​ចេញ​ប្រទេស​កាណាដា ជា​លើក​ទី​១​នា​ព្រឹក​មិញ​នេះ បន្ទាប់​ពី​ទើប​ចប់​បេសកកម្ម​នៅ​ប្រទេស​បារាំង អូស្ត្រាលី​ និង​អាមេរិក​បន្ត​បន្ទាប់។

 

លោក អេនឌី ចេញ​ទៅ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បន្ទាប់​ពី​ស្ថានទូត​ប្រទេស​នេះ​ប្រចាំ​នៅ​កម្ពុជា ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក​តែ​ម្នាក់​ប៉ុណ្ណោះ ខណៈ​តារា​ស្រី​ ដែល​ជា​មិត្ត​រួម​អាជីព​ប៉ុន្មាន​នាក់​ទៀត បរាជ័យ​ក្នុង​ការ​សុំ​សិទ្ធិ​ចូល​ទៅ​ប្រទេស​គេ។

 

ដោយ​សារ​តែ​បែប​នេះ លោក​បញ្ជាក់​ថា មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​ជាង​ការ​ចេញ​បេសកកម្ម​ទៅ​ប្រទេស​នានា​កន្លង​ទៅ។ "យ៉ាង​ណា ខ្ញុំ​នឹង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​បង​ប្អូន​ខ្មែរ​យើង​សប្បាយ​រីករាយ ព្រោះ​ជា​លើក​ទី១របស់​ខ្ញុំ​ផង"។ អេនឌី ថ្លែង។

 

 

តួ​សម្ដែង​ក្នុង​បទ "គេង​លើ​ព្រះចន្ទ" មាន​បេសកកម្ម​ចំនួន​២​សប្ដាហ៍ សម្រាប់​បេសកកម្ម​លើក​ទី​១នៅ​ក្នុង​ប្រទេស​មួយ​នេះ មុន​ពេល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ យ៉ាង​ណា លោក​ថា មិន​ទាន់​ដឹង​ថា លោក​នឹង​ត្រូវ​ទៅ​សម្ដែង បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ នៅ​ទី​កន្លែង​ណា​ខ្លះ​ទេ។

 

អេនឌី ទើប​ត្រូវ​បាន​ស្ថានទូត​ប្រទេស​កាណាដា ហៅ​ឲ្យ​ទៅ​ទទួល​ទិដ្ឋាការ​ចំនួន​២​ខែ​ សម្រាប់​ចេញ​បេសកកម្ម​សិល្បៈ​ក្នុង​ប្រទេស​គេ។ រយៈ​ពេល​នេះ លោក​ប្រាប់​ថា ខ្លី​ណាស់ ខណៈ​លោក​ស្នើ​សុំ​មាន​រយៈ​ពេល​វែង​ជាង​នេះ។ "គេ​ឲ្យ​តែ​ពីរ​ខែ ខ្លី​មែន​ទែន តែ​យ៉ាង​ណា ត្រូវ​តែ​ចេញ​ទៅ​បង ព្រោះ​លើក​ទី​១​ផង បើ​មិន​អីចឹង ប្រាកដ​ជា​ពិបាក​សម្រាប់​ការ​ស្នើ​​លើក​ក្រោយ"។

 

មុន​ចេញ​ទៅ​កាណាដា​ព្រឹក​មិញ​នេះ អេនឌី ធ្លាប់​ចេញ​ទៅ​ប្រទេស​អាមេរិក អូស្រ្តាលី បារាំង និង​ចុង​ក្រោយ​បំផុត​គឺ​ជប៉ុន។ ដោយ​សារ​តែ​​ធ្លាប់​ចេញ​ប្រទេស​នានា​ខាង​លើ ធ្វើ​ការងារ​ដោយ​ភាព​រលូន ទើប​​តារា​ប្រុស​ដែល​មាន​ពិត​ថា លាវ ពិសិដ្ឋ ដាក់​ការ​សង្ស័យ​ថា នោះ​ជា​ហេតុផល​មួយ​ដែល​ស្ថានទូត​ប្រទេស​កាណាដា​នៅ​កម្ពុជា សម្រេច​ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក​ចូល​ស្រុក​គេ​តែ​ម្នាក់ ដោយ​បាន​ទាត់​ចោល​ការ​ស្នើ​សុំ​ដូច​គ្នា របស់​មិត្ត​រួម​អាជីព​លោកពីរ​បី​នាក់​ទៀត ដែល​បាន​ពាក្យ​តំណាល​គ្នា៕  

សូមចុចអាន៖ អេនឌី កាណាដា​ កោះ​ហៅ​ឲ្យ​ចូល​ស្ថាន​ទូត សូមចុចអាន៖ អេនឌី ប្ដូរ Style ជាមួយ លី អ៊ីវ៉ាធីណា សូមចុចអាន៖ អេនឌី ខឹង​​អ្នក​ជំនាន់​ក្រោយ យក​បទ​លោក​មក​ច្រៀង​គ្មាន​សុំ​ការ​អនុញ្ញាត

 

អត្ថបទ៖ ទារិកា រូបថត៖ អេនឌី