ដឹង​ទេ​​ រាប់​​​​បាត្រ​​​​​ត្រូវ​​ដាក់​ពី​ខាង​ណា​មក​មុន​?

  • 2016-09-21 16:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ បង​ប្អូន​ខ្មែរ​​គ្រប់​រូប​ដែល​កាន់​ពុទ្ធ​សាសនា​​ តែង​យក​ចង្ហាន់​​​​ទៅ​​វត្ត​ប្រគេន​ព្រះ​សង្ឃ​។ ពេល​ចូល​ទៅ​ដល់​វត្ត​ អ្វី​ដែល​​ពុទ្ធ​បរិស័ទ​​​ត្រូវ​ធ្វើ​មុន​គេ​នោះ​គឺ​​តែង​យក​បាយ​ទៅ​រាប់​បាត្រ​ ​តែ​ពេល​ខ្លះ​ពុំ​ដឹង​ថា​រាប់​​ពី​ខាង​ណា​​ទៅ?

 

ព្រះ​តេជ​គុណ​ មាំ វិបុល

 

ដើម្បី​ជា​ការ​ស្រាយ​ចម្ងល់​នោះ ព្រះ​តេជ​គុណ​ មាំ វិបុល គង់​នៅ​កុដិ​លេខ​២៧ ​វត្ត​​បទុមវតី​រាជ​វរារាម ឬ​វត្ត​បទុម បាន​មាន​សង្ឃ​ដីកា​​​ថា ​គឺ​​​​​​​ដាក់​បាយ​រាប់​បាត្រ​​ពី​ខាង​​​ស្តាំ​​ទៅ​ឆ្វេង មាន​ន័យ​ថា​​​រាប់​​ចាប់​ពី​បាត្រ​​ទី​១​​ដែល​គេ​សន្មត​ថា​នៅ​ខាង​លើ​​។

 

​​​​​​​​​​​​ព្រះ​តេជ​គុណ​​​​ដែល​មាន​ស្រុក​កំណើត​​នៅ​​ទឹក​ដី​ខេត្ត​​ត្បូង​​ឃ្មុំ​​​ខាង​លើ បាន​​បន្ថែម​ថា ​មាន​​​មូល​ហេតុ​​សំខាន់​​ពី​រ​នៃ​ការ​ដាក់​បាយ​​​បាត្រ​​​​​។ ​ទី​​មួយ​​ គឺ​​ដើម្បី​ជា​​​ចង្ហាន់​ដល់​ព្រះ​សង្ឃ​​ផង ​និង​ដើម្បី​​​ឲ្យ​ព្រះ​សង្ឃ​ឧទ្ទិស​កុសល​​មគ្គផល​ដល់​​​បុព្វ​ការី​ជន មាន​មាតា​ បិតា​ ជី​ដូន​ជីតា ញាតិ​ការ​​​ទាំង​៧​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។

 

មូល​ហេតុ​ទី​ពីរ​គឺ​ មាន​​​ធ្វើ​ឲ្យ​​ពុទ្ធ​​សាសនិក​មាន​​​​​ចិត្ត​សប្បាយ​​ ជ្រះ​ថ្លា ឧទ្ទិស រាប់​​​បាត្រ​​ប្រគេន​​ព្រះ​សង្ឃ។ ​ក្រោយ​ពេល​​ពុទ្ធ​បរិស័ទ​រាប់​បាត្រ​រួច គេ​យក​បាយ​​នោះ​ទៅ​ប្រគេន​ព្រះ​សង្ឃ​ផ្ទាល់​តែ​ម្ដង។​​ពេល​នៅ​សល់​​ទើប​​គេ​ចែក​​ទាន​ទៅ​​ដល់​​​លោក​​តា លោក​យាយ​ដែល​ចូល​រួម​ក្នុង​​ពិធី​បុណ្យ​ពិសា ឬ​ចែក​ដល់​​អ្នក​ក្រ​ខ្សត់​ជា​ដើម។ ​​​​​

 

 

ក្រៅ​ពី​ការ​​​ដាក់​​​បាយ​បាត្រ​ គេ​តែង​សង្កេត​​ឃើញ​មាន​​ ចាន​​ដែក​ដាក់​បាយ​ម្ហូប​សម្ល​នៅ​សល់​ពី​​ការ​រាប់​បាត្រ​ ដោយ​​ពុទ្ធ​បរិស័ទ​​តែង​ជីព​​បាយ​សល់​នឹង​ដៃ​ទៅ​ដាក់​។ ចំពោះ​បាយ​​សម្ល​​ទាំង​នោះ​ ព្រះ​តេជ​គុណ​ មាំ វិបុល​មាន​សង្ឃដីកា​ថា​ គឺ​ជា​​​​​​បាយ​ម្ហូប​សំណែន​​​​​​​ ដែល​គេ​យក​ទៅ​សែន​ អារក្ស​អ្នក​តា​ព្រៃ​ភ្នំ ឬ​​យក​ទៅ​ឲ្យ​ពួក​ប្រេត​​ទាំង​ឡាយ​ណា​ ដែល​មិន​អាច​ទទួល​ទាន​តាម​រយៈ​ការ​ឧទ្ទិស​​កុសល​បាន ឬ​​​យក​ទៅ​ឲ្យ​សត្វ​ ឆ្កែ​ ឆ្មា​នៅ​ក្នុង​វត្ត​៕

 

អត្ថបទ៖ មាន រតនា ​​​​​​