តារាចម្រៀងល្បីៗជាង ១០ ដួង មានទីផ្សារខ្ពស់បំផុតថ្ងៃបុណ្យអុំទូក!
- 2014-11-03 22:54:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងល្បីៗជាង ១០ ដួង មានទីផ្សារខ្ពស់បំផុតថ្ងៃបុណ្យអុំទូក!
ចន្លោះមិនឃើញ
តារាចម្រៀងស្រី-ប្រុសប្រមាណជា ១០ដួងមកពីផលិតកម្ម រស្មីហង្សមាស សាន់ដេ និង Town ត្រូវគេដឹងមានទីផ្សារខ្ពស់សម្រាប់ព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ថ្ងៃខានស្អែកនេះ។
លោក ឡាយ សុកចំរើន អ្នកចាត់ការទូទៅផលិតកម្មសាន់ដេលើកឡើងថា តារាចម្រៀងរបស់ខ្លួនមានទីផ្សារខ្លាំងជាងគេសម្រាប់ពិធីបុណ្យអុំទូកខាងមុខមានដូចជា ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ វីរៈយុទ្ធ និង កែវ វាសនា។
អ្នកចាត់ការទូទៅរូបនេះបញ្ជាក់ថា៖"តាមពិតតារាយើងមានទីផ្សារទាំងអស់ថ្ងៃអុំទូក តែសម្រាប់៤នាក់ខ្ញុំបានលើកឡើងនេះគឺពួកគេច្រៀងបីថ្ងៃពេញតែម្ដង"។
យ៉ាងណាក៏ដោយលោក ឡាយ សុកចំរើន មិនបង្ហើបឱ្យដឹងថា តើតារារបស់ខ្លួនច្រៀងឱ្យក្រុមហ៊ុន និង ស្ថានីយទូរទស្សន៍ណាខ្លះនៅឡើយទេ។ ម្យ៉ាងទៀតទឹកប្រាក់ប៉ុន្មានពួកគេម្នាក់ៗទទួលបានពីការច្រៀងបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកក៏លោកមិនបង្ហើបឱ្យដឹងដែរ។
ស្រដៀងគ្នានេះដែរអ្នកចាត់ការទូទៅផលិតកម្ម Town លោក មាស សុខរតនៈ ក៏មិនបង្ហើបឱ្យដឹងពីទឹកប្រាក់ដែលតារាចម្រៀងរបស់ខ្លួនទទួលបាន រួមនឹងការច្រៀងឱ្យផលិតផល ឬស្ថានីយទូរទស្សន៍ណាមួយទេ។ ក៏ប៉ុន្តែលោកនិយាយថាក្រុមតារាចម្រៀងក្នុងផលិតកម្មលោកមានទីផ្សារទាំងអស់នាថ្ងៃបុណ្យអុំទូកដើមខែវិច្ឆិកាខាងមុខ។
និយាយពីតារាចម្រៀងមានទីផ្សារខ្ពស់បំផុតថ្ងៃពិធីនេះលោកបញ្ជាក់ថា៖"អាចមាន អាភា និសា និង ខេម ជាដើម។ តែខ្ញុំគិតថានេះមិនទាន់ប្រាកដនៅឡើយទេ ព្រោះមានគេទាក់ទងច្រើនមកទៀត"។
ដោយឡែកខាងផលិតកម្ម រស្មីហង្សមាស មិនអាចសុំការបញ្ជាក់បានទេជុំវិញតារាចម្រៀងមានទីផ្សារខ្ពស់ថ្ងៃបុណ្យអុំទូក។ ទោះជាយ៉ាងណាក៏ដោយតាមប្រភពពីអ្នករៀបចំកម្មវិធីល្បីឈ្មោះនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណប្រាប់ថា តារាចម្រៀងមានទីផ្សារខ្ពស់ជាងគេក្នុងព្រះរាជពិធីនេះមានដូចជា ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ និងពេជ្រ សោភា ជាដើម។
ប្រភពបន្តថាក្រៅតែពីតារាចម្រៀងទាំងពីរនៅមានតារាចម្រៀងស្រី-ប្រុសជាច្រើនរូបទៀតក្នុងផលិតកម្មខាងលើមានទីផ្សារក្នុងពិធីបុណ្យអុំទូក។
ក្រុមតារាចម្រៀងនានាខកខានប្រមូលប្រាក់បីឆ្នាំមកហើយក្នុងព្រះរាជពិធីបុណ្យអុំទូក ព្រោះកាលពីឆ្នាំ២០១០ កន្លងមានព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្របណ្ដាលឱ្យមនុស្សរាប់រយនាក់ស្លាប់។
ទើបតែឆ្នាំ២០១៤នេះទេទើបរាជរដ្ឋាភិបាលសម្រេចប្រារព្ធពិធីបុណ្យអុំទូកឡើងវិញ ជាហេតុធ្វើឱ្យតារាចម្រៀងមានឱកាសកើបប្រាក់បានច្រើន៕
អានអត្ថបទបន្ត៖“សំនៀងចែងចាំង” រកឃើញអ្នកលេខ១ហើយ!
អានអត្ថបទបន្ត៖ តារាសម្ដែងស្រី ៨ ដួង មានទីផ្សារខ្ពស់ជាងគេក្នុងឆ្នាំ២០១៤
អានអត្ថបទបន្ត៖ កញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជា ចម្រាញ់បានស្រីស្អាត២៤នាក់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ
អត្ថបទ៖ អ៊ីង សុឡា