អតីត​អ្នក​ដឹក​នាំ​រឿង "ផ្ទះ​ខ្មោច​ទិញ" សុំ​ការ​គាំទ្រ​ពី​ទស្សនិកជន​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី!

  • 2014-11-04 16:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ដឹក​នាំ​រឿង "ផ្ទះ​ខ្មោច​ទិញ" លោក ហ៊ុយ យ៉ាឡេង ស្នើសុំ​ការ​គាំទ្រ​ពី​ទស្សនិកជន​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​គឺ​រឿង "អា​ព្រឿង​ងាប់​ហើយ" ត្រៀម​នឹង​បញ្ចាំង​ចុង​ឆ្នាំ​២០១៤​នេះ។

 

ការ​ស្នើសុំ​​​ការ​គាំទ្រ​ពី​ទស្សនិកជន​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​ពី​សំណាក់​ផលិតករ​វ័យ​ក្មេង​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បោះ​ជំហាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ឡើង​វិញ​ដោយ​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន ក្រោយ​ផ្អាក​ការ​ផលិត​ភាពយន្ត​ជិត​ ៥​ឆ្នាំ។

 

ផលិតករ​ភាពយន្ត​លោក ហ៊ុយ យ៉ាឡេង

ផលិតករ និង ​ជា​ចាងហ្វាង​ផលិតកម្ម មាតុ​ចក្រ​ហ្វីមល៍​លោក ហ៊ុយ យ៉ាឡេង និយាយ​ថា៖ "​រឿង​នេះ​ថ្មី ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ មិន​ចម្លង​ពី​បរទេស ផលិត​ដោយ​យក​ចិត្ត​ទុក​ដាក់ ដូច្នេះ​សុំ​បងប្អូន​ជួយ​គាំទ្រ​ផង​ចំពោះ​ការ​វិល​មក​ផលិត​ភាពយន្ត​​វិញ​របស់​ខ្ញុំ"។

 

​ផលិតករ​វ័យ​ក្មេង​រូប​នេះ​ធ្លាប់​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ពី​ទស្សនិកជន​អំឡុង​ឆ្នាំ​២០០៤-២០០៥ ក្នុង​ខ្សែ​ភាពយន្ត​ "ផ្ទះ​ខ្មោច​ទិញ" និង​រឿង "ខ្មោច​ដើម​ចេក​ជ្វា"។

 

អ្វី​គូរ​ឱ្យ​កត់​សម្គាល់​​រឿង”ផ្ទះ​ខ្មោច​ទិញ” ជា​រឿង​ពិត​បាន​កើត​ឡើង​នៅ​ខេត្ត​ កំពង់​ឆ្នាំ ហើយ​រឿង"ខ្មោច​ដើម​ចេក​ជ្វា" ត្រូវ​បាន​រោង​ភាពយន្ត​នៅ​ប្រទេស​ថៃ ទិញ​យក​ទៅ​ដាក់​បញ្ចាំង​ទទួល​បាន​​ការ​គាំទ្រ​ច្រើន​ថែម​ទៀត​ផង។

លោក ហ៊ុយ យ៉ាឡេង បន្ត​ថា​ ខ្សែ​ភាពយន្ត​ថ្មី​ "អា​ព្រឿង​ងាប់​ហើយ" ដែល​លោក​ស្នើសុំ​​ការ​គាំទ្រ​ទស្សនិកជន​គឺ​ផលិត​សម្រិតសម្រាំង​​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​ប្រមូល​ផ្ដុំ​តារា​ល្បីៗ​ចូល​រួម​សម្ដែង។

 

ទន្ទឹមនឹង​ការ​ស្នើសុំ​ការ​គាំទ្រ​ពី​ទស្សនិកជន​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​ផលិតករ​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​នាំ​រឿង​ជាង ៥​ឆ្នាំ​ខាង​លើ​ ក៏​បង្ហាញ​ក្ដី​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន​ច្រើន​ពី​ទស្សនិកជន​ផង​ដែរ​ពេល​ស្នាដៃ​លើក​ដំបូង​របស់​ខ្លួន​ដាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​២០១៤​នេះ។ http://youtu.be/dx8OHjBK8_k “ខ្ញុំ​បាន​គិតគូរ​ និង​យក​ចិត្ត​ទុក​ខ្លាំង​ណាស់​មុន​នឹង​សម្រេច​​ចិត្ត​សរសេរ​រឿង​នេះ​​ឡើង ហើយ​យើង​បាន​​​សហការ​ជា​មួយ​ដៃ​គូ​ដោយ​ទទួល​បាន​ជោគជ័យ"។ លោក ហ៊ុយ យ៉ាឡេង​ បន្ថែម។

 

ស្នាដៃ​ថ្មី​របស់​​ផលិតករ ហ៊ុយ យ៉ា​ឡេង​រឿង "អា​ព្រឿង​ងាប់​ហើយ" នឹង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​នៅ​ភ្នំពេញ​នា​ថ្ងៃ​ទី ១១​ខែ ធ្នូ ឆ្នាំ​២០១៤​ខាង​មុខ។ ខ្សែ​ភាពយន្ត​ចូល​រួម​សហការ​ផលិត​ដោយ​ផលិតកម្ម​ពីរ​រួម​គ្នា​គឺ មាតុ​ចក្រ​ហ្វីមល៍ និង​មហាហង្ស៕ អានអត្ថបទបន្ត៖តារា​ខ្មែរ ​៤ ​រូប​ឡើង​តុលាការ​ក្នុង​ឆ្នាំ ​២០១៤​ នេះ

អានអត្ថបទបន្ត៖ តារា​ចម្រៀង​ល្បីៗ​ជាង ១០ ​ដួង​ មាន​ទីផ្សារ​​ខ្ពស់​បំផុត​ថ្ងៃ​បុណ្យ​អុំទូក!

អានអត្ថបទបន្ត៖តារា​សម្ដែង​ស្រី​ ៨​ ដួង​ មាន​ទីផ្សារ​ខ្ពស់ជាងគេ​​ក្នុង​ឆ្នាំ​២០១៤ http://youtu.be/kY3Rb71u2vU

អត្ថបទ៖ អ៊ីង សុឡា