តារាឯកប្រុសវ័យក្មេង១០រូបដែលកំពុងឡើងកូដខ្លាំងបំផុត
- 2016-10-27 19:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាឯកប្រុសវ័យក្មេង១០រូបដែលកំពុងឡើងកូដខ្លាំងបំផុត
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសថៃវ័យក្មេង១០រូបដែលមានទាំងរូបសម្បត្តិ និងទេពកោសល្យត្រូវបានគេមើលឃើញថាកំពុងទទួលបានការគាំទ្រច្រើនជាងគេ ហើយនឹងអាចក្លាយជាអ្នកស្នងតំណែងតារាជើងចាស់កំពូលៗទៅថ្ងៃអនាគត។ ចង់ដឹងថាពួកគេជានរណាខ្លះ សូមតាមដានខាងក្រោម៖
១. Nadech Kugimiya
មានរឿងភាគហូរហែ ឯការងារផ្សេងៗក៏មានបន្តមិនដាច់ ហើយថ្មីៗនេះ Nadech Kugimiya ក៏មានឱកាសបានទៅចូលរួមកម្មវិធីបង្ហាញម៉ូដ Newyork Fashion Week 2016 ខណៈតារាថៃតិចតួចប៉ុណ្ណោះដែលធ្លាប់បានចូលរួមកម្មវិធីលំដាប់អន្តរជាតិបែបនេះ។ មិនតែប៉ុណ្ណោះគ្រប់រឿងដែលតារារូបនេះសម្ដែង តែងមានអ្នកគាំទ្រច្រើនៗជានិច្ច។
២. Mark Prin
តាំងពីចូលសិល្បៈមក គេសង្កេតឃើញទេពកោសល្យសម្ដែងរបស់ Mark Prin អភិវឌ្ឍកាន់តែល្អ និងមានប្រជាប្រិយភាពជាច្រើនផងដែរនៅក្រៅប្រទេស។ តួយ៉ាងនៅប្រទេសកូរ៉េ មិត្តប្រុសរបស់ Kimberly ធ្លាប់ទទួលបានពានរង្វាន់តារាអន្តរជាតិពេញនិយមពីកម្មវិធី Korean & Culture Entertainment Awards and Asia Awards ទៀតផង។
៣. James Ma
បើទោះជាធ្លាប់ទទួលការរិះគន់ទាក់ទងសមត្ថភាពសម្ដែងពេលដំបូងៗ តែ James Ma បានអភិវឌ្ឍសមត្ថភាពខ្លួនឯងបានយ៉ាងល្អនៅពេលនេះ និងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។ កាន់តែពិសេសដែរនោះ James Ma បានចាប់ផ្ដើមថតភាពយន្តខ្នាតធំដំបូងដោយចាប់ដៃគូជាមួយសមាជិកក្រុមចម្រៀងកូរ៉េ T-ara Eun Jung។
៤. James Jirayu
James Jirayu មិនអាចនឹងមើលរំលងបានឡើយក្នុងបញ្ជីនេះ ដោយក្រៅពីទាក់ទាញបេះដូងអ្នកគាំទ្រនារីៗពេញប្រទេសថៃហើយ នៅក្រៅប្រទេសវិញក៏មានអ្នកគាំទ្រច្រើនមិនធម្មតាដែរ។ ដោយសារមានទាំងសម្រស់ និងសមត្ថភាពទាំងការសម្ដែងនិងផ្នែកតន្ត្រី James ធ្លាប់បានចេញចម្រៀងនៅប្រទេសជប៉ុន និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅប្រទេសជប៉ុនថែមទៀត។
៥. Weir Sukollawat
សម្រាប់តារាឯកប្រុស Weir Sukollawat នៅពេលនេះអាចនិយាយបានថាជាតារាប្រុសលំដាប់ទីមួយប្រចាំប៉ុស្តិ៍លេខ៧ទៅហើយ ព្រោះមិនត្រឹមតែមានរូបសង្ហា ទឹកដៃសម្ដែងល្អ តែថែមទាំងមានទឹកចិត្តធ្វើសកម្មភាពមនុស្សធម៌ជារឿយៗថែមទៀត។ ថ្មីៗនេះ Weir ទើបតែចូលរួមកម្មវិធីជួបជុំអ្នកគាំទ្ររបស់ខ្លួននៅអាមេរិក ហើយនៅប្រទេសផ្សេងៗក៏មានការទាក់ទងឲ្យទៅសម្ដែងជាច្រើនដែរ។
៦. Mario Maurer
អាចនិយាយបានថាជាតារាប្រុសដែលមានអ្នកគាំទ្រក្រៅប្រទេសច្រើនបំផុត សម្រាប់ Mario Maurer តាមរយៈភាពយន្តល្បីរបស់ខ្លួនដូចជា "Love of Siam” និង "Pee Mak” ដែលធ្វើឲ្យតារារូបនេះមានការងារក្រៅប្រទេសយ៉ាងមមាញឹក។ ទោះយ៉ាងណាក្ដីក្នុងប្រទេសខ្លួន Mario ក៏នៅមានការងារច្រើនដូចគ្នា ហើយថ្មីៗនេះបានសហការគ្នាជាមួយអាយដលល្បីកូរ៉េ Sandara Park ដែលទទួលបានការចាប់អារម្មណ៍ជាច្រើន។
៧. Mike Thongraya
បន្ទាប់មកនេះគឺកំឡោះសង្ហា Mike Thongraya ដែលពេលនេះហាក់មានរឿងភាគជាច្រើនទាក់ទាញចិត្តអ្នកគាំទ្រតួយ៉ាងរឿង "សមុទ្រភ្លើង"និងរឿង "គ្រាមួយនៃបេះដូង" ដែលមានអ្នកគាំទ្រយ៉ាងច្រើននៅប្រទេសចិន និងបានចូលរួមកម្មវិធីបង្ហាញម៉ូដជាច្រើន។ ថ្មីៗនេះ Mike ក៏នៅមានរឿងភាគល្បីមួយទៀតគឺរឿង "ពេជ្រកាត់ពេជ្រ"។
៨. Mike Pattaradet
ងាកមកតារាសម្ដែង Mike Pattaradet ឯណេះវិញក៏កំពុងមានសន្ទុះគាំទ្រខ្លាំងដែរ ដោយមានរឿងភាគត្រូវចិត្តអ្នកគាំទ្រកាន់តែច្រើន ហើយជាពិសេសបានចាប់ដៃគូជាមួយតារាស្រី Baifern Phimchanok ដែលជាតារាស្រីមានអ្នកគាំទ្រច្រើននៅក្រៅប្រទេស។ អ្វីដែលសំខាន់ Mike អាចនិយាយភាសាចិនបាន ដែលធ្វើឲ្យគេមានទំនាក់ទំនងកាន់តែល្អជាមួយអ្នកគាំទ្ររបស់ខ្លួននៅទីផ្សារដ៏ធំនេះ។
៩. Push Puttichai
កំឡោះមុខស្រស់ Push Puttichai ក៏ជាតារាប្រុសម្នាក់ទៀតដែលស្ថិតក្នុងចិត្តអ្នកគាំទ្រនារីៗទូទាំងប្រទេស ដោយមានសមត្ថភាពពិសេសច្រើនយ៉ាងទាំងការសម្ដែង ជាពិធីករ និងឌីជេវិទ្យុ។ តួឯកប្រុស U-Prince ក៏មានការគាំទ្រជាច្រើនផងដែរនៅប្រទេសចិន។
១០. Sean Jindachot
ចុងបញ្ចប់នេះគឺតារាសម្ដែង Sean Jindachot ដែលបានទាក់ចិត្តអ្នកគាំទ្រជាច្រើនតាមរយៈរូបរាងសង្ហា និងសមត្ថភាពសម្ដែងប៉ិនប្រសប់របស់ខ្លួន។ ថ្មីៗនេះ Sean បានត្រលប់មកសម្ដែងរួមគ្នាវិញជាមួយដៃគូចាស់របស់ខ្លួនគឺ Esther Supreeleela ដែលមានការគាំទ្រច្រើនបំផុតពីទស្សនិកជន ៕
ចុចអាន៖ការពិតពិសេស១០យ៉ាងដែលអ្នកមិនធ្លាប់ដឹងពី James Ma
ចុចអាន៖តារាល្បីពីក្មេង៦រូបដែលកាន់តែស្អាតនិងសិចស៊ី ពេលធំពេញរូបរាង
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ daradaily