ខកខាន ៣ ឆ្នាំ ក្រោយ​រឿងជាន់គ្នានៅស្ពានពេជ្រ ឥឡូវអុំទូកចាប់ផ្ដើមឡើងវិញ

  • 2014-11-05 18:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​នេះ​ ពិធី​បុណ្យ​អុំ​ទូក​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​ហើយ។ ការ​ចាប់​ផ្ដើម​សារ​ជាថ្មី ធ្វើ​ឡើង​បន្ទាប់​ពី​ ពិធីបុណ្យអុំទូក បានផ្អាកអស់រយៈពេល ៣ ឆ្នាំកន្លងមក លើក​ទី ១ ក្រោម​ហេតុ​ផល​ស្ថានភាព​ទឹក​ជំនន់​ខ្លាំង​ កាល​ពី​ឆ្នាំ ២០១១, លើក​ទី ២ ដើម្បី​ជា​ការ​គោរព​ និង ​កាន់​ទុក្ខ​ចំពោះ​ព្រះ​បរម​សព​ព្រះ​មហាវីរក្សត្រ​ សម្ដេចព្រះបាទ​នរោត្តម​សីហនុ ដែល​បាន​សោយ​ទិវង្គត​​កាល​ពី​ថ្ងៃ​ឆ្លង​ភ្ជុំ​បិណ្ឌ ទី១៥ តុលា ២០១២ និង ឆ្នាំ ២០១៣ ក្រោម​ហេតុ​ផល​ស្ថានភាព​ទឹក​ជំនន់​​ដូច​លើកមុន។ ការ​លុប​ចោល​ពិធី​អុំ​ទូក​ទាំង​បី​លើក​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ហេតុ​ការណ៍​ដើរ​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ​ កាល​ពី​ឆ្នាំ ២០១០។

 

គេនៅចាំបានថា នៅបរិវេណស្ពានពេជ្រ នៃតំបន់កោះពេជ្រ ដែលជនរងគ្រោះស្លាប់ គឺបណ្ដាលមកពីការរត់ជាន់គ្នា និង ដេកដួលលើគ្នា ព្រមទាំងកង្វះខ្យល់អុកស៊ីហ្សែន នាយប់ថ្ងៃទី ២២ ខែ វិច្ឆិកា ដែលយ៉ាងហោចណាស់មានមនុស្សប្រុស-ស្រី-ចាស់-ក្មេង ប្រមាណជា ៣៤៩ នាក់ស្លាប់ និង ជាង ៧០០នាក់ ទៀតបានរងរបួស។

 

ចាប់ពីព្រឹត្តិការណ៍នោះមក ពិធីបុណ្យអុំទូកបានផ្អាកអស់រយៈពេល ៣ ឆ្នាំ ជាប់ៗគ្នា។ ប៉ុន្ដែ ឆ្នាំនេះបានចាប់ផ្ដើមឡើងវិញហើយតាមរយៈ​ការរឹតបន្ដឹង​​វិធានការណ៍នានា។

 

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញធ្លាប់បានប្រាប់ Sabay ថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាលារាជធានីភ្នំពេញ នឹងដាក់ពង្រាយសមត្ថកិច្ចចម្រុះជិត១ម៉ឺននាក់ នៅតាមគោលដៅផេ្សងៗគ្នា រួមទៅនឹងផែនការច្បាស់លាស់មួយ ដោយផ្អែកលើបទពិសោធន៍ ដែលធ្លាប់ឆ្លងកាត់នាពេលកន្លងមក។

 

តាមឯកឧត្តម កឹម គុណវឌ្ឍន៍ ចំនួនទូកង ទូកមួង ដែលចូលរួមអុំ ចែវ ៣ថ្ងៃ ក្នុងបុណ្យអុំទូកឆ្នាំ២០១៤ នេះគិតមកត្រឹមថ្ងៃទី ២ វិច្ឆិកា​មាន​ចំនួនសរុប ២៤៨ ទូក។ គូពិសេសមាន ៨១ គូ។

 

តោះ! ទស្សនារូបភាពទូកអុំ ចែវ ព្រឹកនេះ តើទិដ្ឋភាពស្រស់ស្អាតបែបណាដែរ?

 

 

គួរ​រំលឹក​ថា ពិធី​បុណ្យ​អុំទូក គឺ​ជាពិធី​រំលឹក​ដល់​បុព្វបុរសខ្មែរ​ដែលរក្សាបាននូវបូរណភាពទឹកដី បង្ក្រាប​បានរាល់សង្គ្រាម​ឈ្លាន​ពាន​នៃបច្ចាមិត្រ ដែលមានបំណងដណ្ដើមយកនូវសម្បត្តិជាតិ ដូនតា​យើង មានកងទ័ពជាច្រើនផ្នែក ពិសេស គឺកងទ័ពជើងទឹកនេះឯង។

ពិធីអុំទូក ជាពិធីមួយរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ នៃការរៀបចំក្បួន សមយុទ្ធកងទ័ពជើងទឹករបស់ខ្មែរបុរាណ ដែលពីដើម គេតែង​តែ​ប្រារព្ធ​ធ្វើឡើង នៅថ្ងៃទី ១៤-១៥ កើត និង ១ រោច ខែអស្សុជ រៀងរាល់ឆ្នាំ។ ម្យ៉ាងទៀតដោយមានការដឹងគុណដល់ទឹកដី ដែលយើងគ្រប់គ្នា បានរស់នៅសុខសាន្តនេះ ពិធីនេះប្រារព្ធឡើង ដើម្បីជាដង្វាយដល់ព្រះគង្គា និង ព្រះធរណី៕

 

សូមចុចអាន៖ ពាក្យ​ខុស​បច្ចេក​ទេស​លែង​មាន​ទៀត​ហើយ ឥឡូវ​​ អាជ្ញាធរ​បញ្ជា​ឲ្យ​​ដក​កំណាត់​ដែក​អស់ហើយ

សូមចុចអាន៖ ប្រជាជន​នៅ​តែ​បារម្ភ​រឿង​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​មិន​ទាន់​បាត់

សូមចុចអាន៖ ចរន្ត​ទឹក​ទន្លេសាប​ហូរ​ខ្លាំង ​​​កីឡា​​ករ​អុំទូក​​​​​​​​ ត្រូវ​ប្រាប់ឲ្យ​​ប្រុង​ប្រយ័ត្ន​ខ្ពស់

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា