ក្តៅៗ! លម្អិតជុំវិញ ការបាញ់​គ្រាប់មីស៊ីល​របស់អាមេរិក លើស៊ីរី នៅមុននេះបន្តិច

  • 2017-04-07 02:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​យោធា នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ (ត្រូវ​នឹង​ព្រឹក ថ្ងៃ​សុក្រ ទី​០៧ នៅ​កម្ពុជា និង​ស៊ីរី) ខែ​មេសា​នេះ ទៅ​លើ​រដ្ឋាភិបាល​ស៊ីរី ក្នុង​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​គីមី ដ៏​សាហាវ​ឃោរឃៅ​លើ​ជនស៊ីវិល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​០៤ ខែ​មេសា នា​ដើម​សប្ដាហ៍​នេះ។

កប៉ាល់​យោធា​អាមេរិក

តាម​រយៈ​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កប៉ាល់​យោធា​អាមេរិក បាន​បើក​ប្រតិបត្តិការ​បាញ់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ Tomahawk ចន្លោះ​ពី​៥០ ទៅ ៦០​គ្រាប់ លើ​មូលដ្ឋាន​កងទ័ពអាកាស​ស៊ីរី ដែល​បាន​វាយ​ប្រហារ​អាវុធ​គីមី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អាមេរិក។

«នៅ​យប់​នេះ ខ្ញុំ​បាន​បញ្ជា​ឲ្យ​បាញ់​គោលដៅ​យោធា​អាកាស នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ជា​កន្លែង​វាយ​ប្រហារ​អាវុធ​គីមី។ វា​គឺ​ជា​សន្តិសុខ​ជាតិ​ដ៏​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក ដើម្បី​ទប់ស្កាត់ និង​បង្អាក់​ការ​រាលដាល ក៏​ដូច​ជា​ការ​ប្រើប្រាស់​អាវុធ​គីមី​សម្លាប់​មនុស្ស»។ នេះ​បើ​តាម​ការ​ថ្លែង​សុន្ទរកថា​ខ្លី​មួយ​របស់ លោក ត្រាំ។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

ប្រធានាធិបតី​អាមេរិក វ័យ​៧០​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ទៀត​ថា «វា​គ្មាន​ជម្លោះ​ណា​ដែល​ប្រទេស​ស៊ីរី ចាំ​បាច់​ត្រូវ​ប្រើ​អាវុធ​គីមី​ហាម​ឃាត់ (សារីន) ដែល​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​អនុសញ្ញា​អាវុធ​គីមី និង​មិន​អើពើ​ពី​ការ​ជំរុញ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ទេ។ ការ​ព្យាយាម​រាប់​ឆ្នាំ​ដើម្បី​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​មេ​ដឹកនាំ​ស៊ីរី លោក អាសាដ ត្រូវ​បាន​បរាជ័យ​យ៉ាង​ខ្លាំង»។

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា មេ​ដឹកនាំ​ស៊ីរី លោក អាសាដ (Bashar al-Assad) មិន​គួរ​មាន​តួនាទី​ដឹក​នាំ​ប្រទេស​ស៊ីរី នៅ​ពេល​អនាគត​​ទៀត​​នោះ​ទេ។

បើ​យោង​តាម​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ម្នាក់ បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក គឺ​សំដៅ​លើ​ផ្លូវ​យន្តហោះ យន្តហោះ និង កន្លែង​ចាក់​សាំង​យន្តហោះ។ គ្រាប់​មីស៊ីល​ទាំង​នោះ ត្រូវ​បាន​បាញ់​ចេញ​ពី​នាវា​ចម្បាំង នៅ​ភាគ​ខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ។

«ការ​វាយ​ប្រហារ​បាន​បញ្ចប់​ហើយ នៅ​រង់ចាំ​តែ​ការ​សម្រេច​ចិត្ត​ផ្សេង​ទៀត​ប៉ុណ្ណោះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​ខាងលើ។

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​អាមេរិក​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រធានាធិបតី ត្រាំ បាន​ខ្លោច​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​រូបភាព​នៃ​ការ​ស្លាប់​របស់​កុមារ ក្នុង​ចំណោម​ជនស៊ីវិល​ដែល​បាន​ស្លាប់ និង​រង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី នៅ​ក្នុង​ប្រទេស​ស៊ីរី ទើប​បង្ខំ​ចិត្ត​បើក​ការ​វាយ​ប្រហារ​តបត​វិញ​តែម្ដង៕

ប្រភព៖ BBC | CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម