រុស្ស៊ីចល័ត​នាវាចម្បាំងយក្ស ប្រដាប់គ្រាប់មីស៊ីល​ទៅស៊ីរី ក្រោយ​អាមេរិកបាញ់​៥៩គ្រាប់

  • 2017-04-09 03:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង ដែល​ប្រដាប់​ដោយ​គ្រាប់​មីស៊ីល កំពុង​ចល័ត​ទៅ​កាន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ស៊ីរី បន្ទាប់​ពី​សហរដ្ឋអាមេរិក បាន​បាញ់​មីស៊ីល ចំនួន​៥៩​គ្រាប់ ទៅ​លើ​មូលដ្ឋាន​កងទ័ព​អាកាស​របស់​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃសុក្រ កន្លង​ទៅ​នេះ ដែល​បាន​សម្លាប់​ទាហាន​ស៊ីរី យ៉ាង​ហោច​ណាស់ ៦នាក់ និង​កម្ទេច​យន្តហោះ អាវុធយុទ្ធភណ្ឌ និង អគារ​មួយ​ចំនួន​ទៀត​ផង។

នាវា​ចម្បាំង​ Admiral Grigorovich របស់​រុស្ស៊ី

នាវា​ចម្បាំង​មាន​ឈ្មោះ​ថា Admiral Grigorovich របស់​រុស្ស៊ី ត្រូវ​បាន​ចល័ត​ពី​សមុទ្រ​ខ្មៅ (Black Sea) ទៅ​កាន់​កំពង់ផែ​ក្នុង​ទីក្រុង Tartus ដែល​ជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រុស្ស៊ី។

«នាវា​នេះ​នឹង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អនុញ្ញាត ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​យោធា។ វា​ផ្ទុក​ទៅ​ដោយ​គ្រាប់​មីស៊ីល ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល កាំភ្លើងធំ កាំភ្លើង​បាញ់​យន្តហោះ គ្រាប់បែកបុក និង​អាច​ចត​ឧទ្ធម្ភាគចក្រ​បាន»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី។

គួរ​បញ្ជាក់​ថា រុស្ស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន ដែល​ប្រើ​មូលដ្ឋាន​ទ័ពអាកាស Shayrat ដែល​សហរដ្ឋអាមេរិក​បាន​វាយ​ប្រហារ ប៉ុន្តែ​សហរដ្ឋអាមេរិក បាន​ព្រមាន​កងកម្លាំង​របស់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​មុន​ពេល​វាយ​ប្រហារ ដូច្នេះ​ហើយ​ទើប​មិន​មាន​ទាហាន Kremlin របស់​រុស្ស៊ី​ទទួល​រងគ្រោះ។

ផ្ទុយទៅវិញ រុស្ស៊ី បាន​ថ្កោលទោស​ការ​បាញ់​ផ្លោង​គ្រាប់​មីស៊ីល​របស់​អាមេរិក ទៅ​លើ​មូលដ្ឋាន​កងទ័ព​អាកាស​នោះ ថា​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​របស់ លោក Putin បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ស៊ីរី បាន​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ រវាង​ទំនាក់ទំនង​នៃ​ទីក្រុង​វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) និង ទីក្រុង​មូស្គូ (រុស្ស៊ី) ដែល​បាន​ផ្អាក​កិច្ចព្រមព្រៀង​មួយ​យ៉ាង​រហ័ស ក្នុង​គោលបំណង​ជៀសវាង​ការ​ប៉ះ​ទង្គិច​ជាមួយ​កងកម្លាំង​អាមេរិក៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង