Update ​ជុំ​វិញ​​បញ្ហា​របស់​ ទូច បញ្ចរ៉ុង ​យក​ក្បាល​បុក​អាជ្ញាកណ្ដាល

  • 2017-06-07 01:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ការពារ​​​បឹង​កេត ទូច បញ្ចរ៉ុង ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ចេញ​សេចក្ដី​​សម្រេច​ដាក់​ទណ្ឌកម្ម​មិន​ឲ្យ​ចូល​ទីលាន​ប្រកួត​ចំនួន ៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១​លាន​រៀល​ ក្រោយ​ពេល​​បង្ក​បញ្ហា​យក​ក្បាល​ទៅ​បុក​អាជ្ញាកណ្ដាល​ដោយ​ចេតនា​កាល​ពី​ពេល​កន្លង​ទៅ។

លោក បែ មករា​

​ទាក់​ទង​បញ្ហា​​នេះ​លោក បែ មករា ​អ្នក​ចាត់​ការ​ទូទៅ​របស់​បឹង​កេត​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​បាន​ដាក់​លិខិត​សុំ​បន្ធូរបន្ថយ​ទោស​ទៅ​កាន់​ FFC ក្រោយ​ពេល​សហព័ន្ធ​​បាន​​ចេញ​សេចក្ដី​ប្រកាស​ដាក់​ទណ្ឌកម្ម​ ទូច បញ្ចរ៉ុង មួយ​ថ្ងៃ​។ ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​របស់​សហព័ន្ធ​នៅ​ឡើយ លោក​គិត​ថា​ក្នុង​សប្ដាហ៍​នេះ​នឹង​អាច​ទទួល​ចម្លើយ​ជាក់​ជា​មិន​ខាន។

​​អ្នក​ចាត់​ការ​រូប​នេះ​បន្ថែម​ថា ​​ទូច បញ្ចរ៉ុង ទើប​តែ​បង្កើត​កំហុស​នេះ​ជា​លើក​ទី​១ ​ដូច្នេះ​លោក​គិត​ថា សហព័ន្ធ​គួរតែ​បន្ធូរបន្ថយ​ទោស​បាន​ខ្លះ។ ​ជាង​នេះ​ទៅ​ទៀត បញ្ចរ៉ុង ក៏​បាន​សុំ​ទោស​លោក​អាជ្ញាកណ្ដាល​ជា​សាធារណៈ​ហើយ​ដែរ ​ក្រោយ​ពេល​បង្ក​កំហុស​ភ្លាមៗ។

​ទូច បញ្ចរ៉ុង បាន​យក​ក្បាល​ទៅ​បុក​អាជ្ញាកណ្ដាល​ ក្រោយ​កីឡាករ​របស់​បឹង​កេត​​រូប​នេះ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​(លឿង​ពីរ​ដង) ក្នុង​ជំនួប​​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១២ ដែល​បឹង​កេត​ចាញ់​ភ្នំពេញ​ក្រោន ២-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕ ​​​​

ទូច បញ្ចរ៉ុង ​យក​ក្បាល​បុក​អាជ្ញាកណ្ដាល​ឲ្យ​ដួល​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​