តម្រួតឡេក​ «ខ្ញុំ​ចង់​វ៉ៃ​ ឡៅ​ ចន្រ្ទា​ ឲ្យ​សន្លប់​វិញ»

  • 2017-06-20 07:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យក្មេង​របស់​ថៃ​ តម្រួតឡេក​ បន្ទាប់​ពី​ផ្ដួល​កីឡាករ​ ថុល​ មករា​ ដោយ​ជង្គង់​ហោះ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៧ ​មិថុនា​ ឆ្នាំ​២០១៧​នេះ​មក ​គេ​នៅ​ចិញ្ចឹម​ចិត្ត​ចង់​ជួប​ជា​មួយ​សត្រូវ​ចាស់​ ឡៅ​ ចន្រ្ទា​ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​សន្លប់​នា​ពេល​កន្លង​មក។​

តម្រួតឡេក ខៀវ

តម្រួតឡេក ធីដេតឡូងើត​ បាន​ឲ្យ​ដឹង​ថា​ គេ​ពិត​ជា​ចង់​ជួប​សងសឹក​ជា​មួយ​ជើង​ខ្លាំង​របស់​កម្ពុជា​មក​ពី​ ក្លឹប​ទ័ពពិសេសឆ័ត្រយោង ៩១១​ ឡៅ​ ចន្រ្ទា​ ម្ដងទៀតណាស់​ ហើយ​គេ​សង្ឃឹមថា​ខាង​សង្វៀន​ទូរទស្សន៍​ CNC​ នឹង​រៀបចំ​ឲ្យ​ពួកគេ​ជួប​គ្នា​នៅ​ថ្ងៃ​ណា​មួយ។​

កីឡាករ​ថៃ​ រូប​នេះ​បន្ត​ថា​ ហេតុ​តែ​គេ​ចង់​ជួប​ ឡៅ​ ចន្រ្ទា​ ព្រោះ​ខ្លួន​ធ្លាប់​ចាញ់​ដោយ​សន្លប់​ក្រោម​ថ្មី​ដៃ​កីឡាករ​ខាង​លើ​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ ដូច្នេះ​គេ​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត​ ដើម្បី​ជួប​ប្រកួត​សងសឹក​ ហើយ​រឹតតែ​ចង់​ផ្ដួល​សត្រូវ​ចាស់​ម្នាក់នេះ​ឲ្យ​សន្លប់​វិញ​ម្ដង​ ដើម្បី​ប៉ះប៉ូវ​ ​ស្ដារ​កេរ្តិ៍ឈ្មោះ​ដែល​រូប​គេ​ធ្លាប់​បាត់បង់​​ក្រោម​ដៃ​ ឡៅ​ ចន្រ្ទា។​ សម្រាប់​ការ​ប្រកួត​សងសឹក​ជា​មួយ​ជើង​ខ្លាំង​ម្ចាស់​មេដាយ​​មាស​ថ្នាក់​ជាតិ​លើក​ទី១​ រូប​នេះ​គេ​សង្ឃឹម​រហូត​ដល់​ ៨០%​ ឯ​ណោះ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ ហើយ​បើ​និយាយ​ពី​ស្នៀត​ល្អ​ៗ​របស់​ ឡៅ​ ចន្រ្ទា​ គេ​គឺ​ពូកែ​កណ្ដាប់​ដៃ​ និង​កែង។​

កីឡាករ ថុល មករា ចាញ់ តម្រួតឡេក

តម្រួតឡេក ធីដេតឡូងើត​ ជា​កីឡាករ​ថៃ​ ដែល​ធ្លាប់​បង្ហាញ​មុខ​ច្រើន​ដង​នៅ​សង្វៀន​ទូរទស្សន៍​ CNC​ គេ​ក៏​ទើប​នឹង​ធ្លាក់​ចេញ​ពី​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល​ជា​មួយ​ ឃីម​ ឌីម៉ា​ ផង​ដែរ​ ហើយ​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​ផ្ដួល​កីឡាករ​ ថុល​ មករា​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ នា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចុង​សប្ដាហ៍​​កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​