ប្រៀបធៀប​ឱ្យ​ដាច់​មុន​សម្រេច​ចិត្ត​ទិញ Macbook Pro ឬ​ Macbook Air?

  • 2017-06-25 01:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​កុំព្យូទ័រ​យួរ​ដៃ​របស់​ក្រុមហ៊ុន Apple នា​ពេល​បច្ចុប្បន្ន​មាន ៣ ប្រភេទ​រួម​មាន Macbook,​ Macbook Pro និង​ Macbook Air។ មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​វា​ត្រង់​ថា​ បើ​យក​ Air បាន​កុំព្យូទ័រ​រាង​ស្ដើង​ស្អាត​​ជាង​ ព្រោះ​ Pro កម្រាស់​រាង​ក្រាស​បន្តិច ប៉ុន្តែ​អ្នក​មិន​ធ្លាប់​ចាប់​អារម្មណ៍​ពី​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​នោះ​ឡើយ។ ថ្ងៃ​នេះ Sabay នឹង​ប្រៀបធៀប​នូវ​ចំណុច​ពិសេសៗ សម្រាប់​អ្នក​ត្រូវ​ការ​កុំព្យូទ័រ​ប្រភេទ​អេក្រង់ ១៣ អ៊ីញ រវាង Macbook Pro និង Air។

#១.តម្លៃ

បច្ចុប្បន្ន​ Macbook Air សេរី​ក្រោយ​របស់​ Apple មាន​ ២ ជម្រើស​រួមមាន​តម្លៃ​ ១,០៦២ ដុល្លារ និង ១,២៣០ ដុល្លារ ដោយ​ខុស​គ្នា​ត្រង់​អង្គ​ចងចាំ​ម៉ាស៊ីន​ប្រភេទ SSD ទំហំ 128GB និង 256GB។ បើ​អ្នក​ចង់​បាន​អង្គ​គណនា​ម៉ាស៊ីន​រាង​ធំ​ល្បឿន​លឿន និង​មាន​ SSD ទំហំ 512GB តម្លៃ​ខ្ពស់​បំផុត​អាច​ឡើង​ដល់ ១,៥៥០ ដុល្លារ។

តម្លៃ​នេះ​អាច​មិន​ថ្លៃ​នោះ​ទេ បើ​ធៀប​ទៅ​នឹង​ពពួក​ Pro ក្នុង​ឆ្នាំ​តែ​មួយ ព្រោះ Macbook Pro ត្រឹម​តម្លៃ​ទូទៅ​ពុំ​មាន Touch Bar តម្លៃ ១,៣៩៩ ដុល្លារ​ឯណោះ បើ​ចង់​បាន​អង្គ​ចងចាំ​ធំ​ត្រូវ​ថែម​​ដល់ ១,៦២១ ដុល្លារ ទៀត​សោត​អាច​ដល់ ២,៧៤១ ដុល្លារ បើ​មាន​ទំហំ​អង្គ​គណនា​ម៉ាស៊ីន​ធំ។ ក្រៅ​ពី​នោះ​បើ​អ្នក​ចង់​បាន​ប្រភេទ​មាន Touch Bar តម្លៃ​អាច​ឡើង​ដល់​ខ្ទង់ ៣ ពាន់​ដុល្លារ។

#២.វិមាត្រ​ខ្លួន​និង​ទម្ងន់

កាល​បង្ហាញ​ខ្លួន​ដំបូង​នា​ឆ្នាំ ២០០៨ MacBook Air បាន​ជាប់​ឈ្មោះ​ជា​ Laptop ដែល​មាន​ទម្ងន់​ស្រាល​បំផុត។ ការ​វិវត្ត​នៃ​ជំនាន់​ថ្មី ពពួក​ Pro ប្រភេទ​អេក្រង់​ ១៣ អ៊ីញ ស៊េរី​ឆ្នាំ ២០១៧ មាន​កម្រាស់​ត្រឹម​ ១,៤៩ ស.ម ខណៈ​ទម្ងន់​ខ្លួន ១,៣៧ គ.ក វ៉ា​ដាច់​លើ​កម្រាស់​ខ្លួន​របស់​ពពួក​ Air មាន​ដល់​ទៅ ១,៧ ស.ម ហើយ​ទម្ងន់​រាង​ស្រាល​ជាង​បន្តិច​ ១,៣៥ គ.ក។ វិមាត្រ​ខ្លួន​របស់​ MacBook Pro មាន​ ៣០,៤១x២១,២៤ ស.ម រី​ឯ​ Air មាន​ ៣២,៥ x ២២,៧ ស.ម។

បញ្ជាក់​ថា​ MacBook Air ជំនាន់​ក្រោយ​បង្អស់​ បង្ហាញ​ខ្លួន​ត្រឹម​ឆ្នាំ ២០១៥ ដោយ​ជាង ២ ឆ្នាំ​មក​នេះ Apple បាន​ផ្ដោត​សំខាន់​តែ​លើ​ពពួក​ Pro និង​ MacBook ធម្មតា​ប៉ុណ្ណោះ។

#៣.អង្គ​គណនា​និង​ RAM

​​​​​​ចំណុច​ប្រៀបធៀប​ដ៏​ល្អ​បំផុត គឺ​កម្លាំង​ម៉ាស៊ីន​។ MacBook Air មាន​ CPU អាច​រត់​បាន​ត្រឹម​ល្បឿន 1.8GHz ប៉ុណ្ណោះ ខណៈ​ត្រកូល Pro អាច​ឡើង​ចន្លោះ​ពី 2.3GHz ទៅ​ដល់​ 3.1GHz។ យ៉ាងណាមិញ​អ្នក​ក៏​អាច​ធ្វើ​ការ​បន្ថែម​ល្បឿន​បាន​ ដោយ​ដំឡើង​ដល់​ 2.2GHz សម្រាប់​ Air និង​សម្រាប់​ Pro បើ​គ្មាន​ Touch Bar អាច​ដំឡើង​ត្រឹម 2.5GHz ហើយ​បើ​មាន Touch Bar អាច​ឡើង​ដល់ 3.5GHz។

ខណៈ​ត្រកូល Air ឈប់​ចេញ​ត្រឹម​ឆ្នាំ ២០១៥ ម្ល៉េះ ហើយ​ Pro វ៉ា​ដាច់​ដោយ​មាន​សិទ្ធ​បាន​ប្រើ​នូវ​ឈីប Kaby Lake ដែល​មាន​ន័យ​ថា​វា​មាន​ល្បឿន​លឿន​ជាង​ជំនាន់​មុន។ ចំពោះ RAM វា​មិន​ជា​ខុស​គ្នា​នោះ​ទេ ប៉ុន្តែ​ត្រង់​ MacBook Pro អាច​ដំឡើង​ដល់ 16GB ដោយ​វា​ប្រើ​នូវ​ RAM រត់​ក្នុង​ល្បឿន 2133MHz ។​ សរុប​ជា​រួម​ត្រង់​ចំណុច​ល្បឿន​និង​ RAM ត្រកូល MacBook Pro មាន​លទ្ធផល​ប្រសើរ​ជាង​ Air ។​

#៤.ថាមពល​ថ្ម

សម្រាប់​ថាមពល​ថ្ម MacBook Air ជា​អ្នក​ឈ្នះ ព្រោះ​ខាង​ក្រុមហ៊ុន​ Apple បាន​បញ្ជាក់​ជា​សាធារណៈ​ហើយ​ថា Air អាច​ប្រើ​បាន​ដល់ ១២ ម៉ោង ក្នុង​ការ​បើក​វីដេអូ​មើល​ឫ​ប្រើ​អ៊ីនធឺណិត។ ខណៈ​ Pro ប្រើ​បាន​ត្រឹម​តែ ១០ ម៉ោង​ប៉ុណ្ណោះ។​ គិត​ទៅ​វា​ក៏​មិន​ខុស​គ្នា​ច្រើន​ប៉ុន្មាន​ដែរ។

#៥.កម្រិត​បង្ហាញ​អេក្រង់

សោកស្ដាយ​ដែល​ត្រកូល​ Air ពុំ​មាន​អេក្រង់​ប្រភេទ Retina Display ម្ល៉ោះ​ហើយ​កម្រិត​បង្ហាញ​មាន​ត្រឹម​តែ ១៤៤៩x៩០០ ភីកសែល ចាញ់​ដាច់​ MacBook Pro ឡើង​ដល់ ២៥៦០ x ១៦០០ ភីកសែល។ សម្រាប់​សមាមាត្រ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ​យួរ​ដៃ​ទាំង​ ២ របស់​ Laptop អាច​ធ្វើ​បាន​ល្អ​ ដោយ​មាន​ត្រឹម​តែ 16:10 ខណៈ​ Laptop របស់​ក្រុមហ៊ុន​ផ្សេងៗ​បច្ចុប្បន្ន​ភាគ​ច្រើន​មាន​ដល់ 16:9 ។​

#៦.កម្រិត​ក្រាហ្វិក​បង្ហាញ

ពពួក​ Pro បច្ចុប្បន្ន​ប្រើ​នូវ​ឈីប​ក្រាហ្វិក​ Intel Iris Plus ជំនាន់ 640 ឫ 650 (សម្រាប់​ពពួក​ Touch Bar) ខណៈ Air មាន​ត្រឹម​ Intel HD Graphics 6000 ។ ជា​ន័យ​រួម​បើ​អ្នក​ជា Gamer អ្នក​មិន​អាច​ជ្រើសរើស​យក​ MacBook Air ទៅ​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ធំៗ​បាន​នោះ​ទេ ប៉ុន្តែ​បើ​ MacBook Pro អ្នក​អាច​លេង​បាន​រលូន។

#៧.អង្គ​ចងចាំ

សម្រាប់​ MacBook Air ប្រើ​នូវ​ SSD មាន​ចន្លោះ​ពី 128GB – 512GB រី​ឯ MacBook Pro អាច​ឡើង​ដល់​ 1TB។​ តម្លៃ​របស់​ Air ទំហំ 512GB ថ្លៃ​ ១,៣៩៧ ដុល្លារ ស្មើ​ប្រភេទ​ថោក​បំផុត​របស់​ Pro ដែល​មាន​ទំហំ 128GB។ ចំណែក​ឯ​ Pro ទំហំ 1TB អាច​ឡើង​ដល់ ២,៣០០ ដុល្លារ។

#៨.រន្ធ​ដោត​និង​គ្រឿង​បន្ទាប់​បន្សំ

MacBook Air មាន​រន្ធ​ដោត​ USB 3.0 ចំនួន ២, រន្ធ​ MagSafe 2 សម្រាប់​សាក​, រន្ធ​ Tunderbolt 2 និង​រន្ធ​ដោត​កាត​ SDXC ហើយ​រន្ធ​ដោត​កាស​ទំហំ 3,5 ម.ម។ ចំណែក​ឯ MacBook Pro ក៏​មិន​ជា​ខុស​គ្នា​ច្រើន ប៉ុន្តែ​អាច​ទទួល​បាន​រន្ធ​ដោត​ USB-C ចន្លោះ​ ២ ទៅ ៤។ ទៀត​សោត​បច្ចុប្បន្ន​លើ​ទីផ្សារ​មាន​លក់​ឧបករណ៍​បន្ថែម USB-C សម្រាប់ Pro ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ HDMI,VGAនិង​មុខងារ​ជា​ច្រើន​ទៀត។ អ្វី​ដែល​កាន់​តែ​ពិសេស MacBook Pro មាន​ប្រព័ន្ធ​ Touch Bar ដែល​មិន​ត្រឹម​តែ​ប្រើ​មុខងារ​ Force Touch មួយ​ប៉ុណ្ណោះ​ទេ លើស​ពី​នេះ​ទៀត​យើង​អាច​ប្រើ​ទ្រនាប់​ស្កេន​ក្រយៅដៃ​ថែម​ទៀត​ផង។​

#៩.ជម្រើស​ចុង​ក្រោយ

បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​លេង​ហ្គេម​ ចង់​បាន​កម្លាំង​ម៉ាស៊ីន​ធំ​ ហើយ​ស្វាគមន៍​នូវ​មុខងារ​ Force Touch ជំនាន់​ថ្មី ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​គឺ MacBook Pro ។ ប៉ុន្តែ​បើ​អ្នក​គ្រាន់​តែ​យក​វា​ទៅ​វាយ​ឯកសារ​ធម្មតាៗ ហើយ​ប្រើប្រាស់​ Search អ៊ីនធឺណិត​សម្រាប់​ការ​សិក្សា​ផ្សេងៗ ក៏​ដូច​ជា​ចង់​ប្រើ​នូវ​ប្រព័ន្ធ MacOS Sierra នោះ MacBook Air តម្លៃ​ខ្ទង់ ១ ពាន់​ដុល្លារ​អាច​ល្អ​បំផុត​សម្រាប់​អ្នក។

អាន​បន្ត៖

​​​​​​​​​

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម