មិនគួរជឿ! ទារកអាយុជាង ១ខែ ជួយឪពុកម្ដាយ​ឲ្យគេច​ផុតពីបាក់​ដីសង្កត់ដ៏​កាចសាហាវ

  • 2017-06-26 03:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៤​មិថុនា កន្លង​ទៅ ​ខេត្ត​ស៊ីឈួន ​ប្រទេស​ចិន​ បាន​ជួប​គ្រោះ​ធម្មជាតិ​ដ៏​សាហាវ​ដោយ​បាក់​ដី ​ធ្លាក់​ថ្ម​ភ្នំ​សង្កត់​ផ្ទះ​ជា​ច្រើន​ខ្នង​ និង​មនុស្ស​​ប្រមាណ​ ១២០​នាក់​ត្រូវ​កប់​ទាំង​រស់​គួរ​ឲ្យ​អាណោចអាធ័ម។

អ្វី​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ក្នុង​ហេតុ​ការណ៍​នេះ​គឺ ទារក​ទើប​កើត​ម្នាក់​បាន​ជួយ​ឪពុក​ម្ដាយ និង​ខ្លួន​គេ​ឲ្យ​គេច​ផុត​​ពី​គ្រោះ​ថ្នាក់​​រអិល​បាក់​ដី​បាន ​ទាំង​មិន​នឹក​ស្មាន​។

អ្នក​ស្រី​ Xiao Yanchun និង​ប្ដី Qiao Dashuai ​មាន​អាយុ ២៦​ឆ្នាំ​ទាំង​ពីរ​នាក់ រស់​នៅ​ក្នុង​ភូមិ Xinmo ស្រុក​ Maoxian តំបន់​ស្វយ័ត Aba Tibetan និង Qiang ខេត្ត​ស៊ីឈួន ​ភាគ​និរតី​ប្រទេស​ចិន។ មូលហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់ គឺ​នៅ​ម៉ោង ៦​ព្រឹក កូន​ប្រុស​អាយុ ៣៨​ថ្ងៃ​ របស់​ពួក​គេ​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង ដូច្នេះ​អ្នក​ស្រី​ Xiao ​បាន​ក្រោក​ពី​ដំណេក​​ហើយ​ទៅ​ប្ដូរ​កន្ទប់​​​របស់​កូន​​ភ្លាម។

នៅ​ពេល​​​ផ្លាស់​កន្ទប់ លួងកូន​​ឲ្យ​បាត់​យំ​រួច អ្នក​ស្រី​​បាន​​ដើរ​​ត្រលប់​​ទៅ​កន្លែង​គេង​វិញ តែ​មិន​ទាន់​ដល់​គ្រែ​ផង ​គាត់​បាន​ឮ​សំឡេង​ចម្លែក​គ្រាំងៗ​នៅ​ខាង​ក្រៅ​ផ្ទះ​ ហើយ​អ្នក​ស្រី​​មាន​អារម្មណ៍​​ថា​ រញ្ជួយ​ដី។ ​អ្នក​ស្រី​ប្រញាប់​​អើត​ក​​មើល​ទៅ​ក្រៅ​ភ្លាម ស្រាប់​តែ​ឃើញ​ដុំ​ថ្ម​តូច​ធំ ទឹក និង​ល្បាប់​ភក់​កំពុង​ហូរ​បោះ​ពួយ​មក​កាន់​បន្ទប់​គេង​អ្នក​ស្រី។

ឃើញ​​ហេតុ​ការណ៍​មិន​ស្រួល​ អ្នក​ស្រី​បាន​ឱប​កូន​ប្រុស​​យ៉ាង​ណែន​ និង​ដាស់​ប្ដី​ឲ្យ​ក្រោក រួច​រត់​ចេញ​ពី​បន្ទប់​យ៉ាង​ទាន់​ហន់ និង​ភិត​ភ័យ​យ៉ាង​ខ្លាំង។

អ្នក​ស្រី និង​ប្ដី​បាន​លូន​ដើរ​កាត់​ទឹក​ជំនន់ ហើយ​​រត់​ទៅ​​រក​កន្លែង​សុវត្ថិភាព​​ទាំង​​មិន​យក​ទ្រព្យ​សម្បត្តិ​អ្វី​តាម​ខ្លួន​ឡើយ។ ​ភូមិ​​នៅ​ក្បែរ​ជើង​ភ្នំ​​នេះ ត្រូវ​ល្បាប់​ភក់ និង​ថ្ម​ធំ​ៗ​សង្កត់​ពេញ​ទាំង​អស់។

​ជា​សំណាង​ល្អ ​នៅ​ម៉ោង​ប្រមាណ​ ៩​ព្រឹក ​ប្ដី​ប្រពន្ធ និង​កូន​ ត្រូវ​ក្រុម​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ អ្នក​ស្រី Xiao រៀប​រាប់​ថា "​ពេល​ព្យាយាម​រត់​គេច ខ្សាច់​បាន​គ្រប​ពួក​យើង​ពេញ​ខ្លួន ឯ​​កូន​ប្រុស​​មាន​ខ្សាច់​ពេញ​មាត់"។ ទោះ​យ៉ាង​ណា ពួក​គេ​មិន​មាន​របួស​​ធ្ងន់ធ្ងរ​​គំរាម​កំហែង​ដល់​ជីវិត​ឡើយ តែ​​វាសនា​​របស់​សមាជិក​គ្រួសារ​ផ្សេង​ទៀត​មិន​ទាន់​ដឹង​​នៅ​ឡើយ​ដូច​ជា​ជីដូន​ ឪពុក​ម្ដាយ កូន​ស្រី​អាយុ ២​​ឆ្នាំ​ម្នាក់​ទៀត​ ដែល​មិន​អាច​​រត់​ចេញ​ពី​ផ្ទះ​ទាន់​ពេល​វេលា។

ការ​បាក់​ដី​ចេញ​ពី​ភ្នំ​នេះ ​បាន​កប់​ភូមិ Xinmo ​ស្ទើរ​ទាំង​ស្រុង​នៅ​ម៉ោង ៦​ព្រឹក​ដោយ​មាន​ផ្ទះ ៦២​ខ្នង ​មនុស្ស ៦នាក់​ស្លាប់ និង ១១២​នាក់​កំពុង​បាត់​ខ្លួន៕

ចុចអាន៖

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ឡេង ភារុណ