ណាសា​នឹង​បង្ហោះ​យានអវកាសទៅ​បុក​អាចម៍​ផ្កាយ​ឆាប់ៗ

  • 2017-07-06 03:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណាសា​កាន់​តែ​​ខិត​ជិត​ដល់​ដំណាក់​កាល​សាក​ល្បង​​ផែនការ​នៃ​ការពារ​ផែនដី​ពី​ការ​ប៉ះទង្គិច​នៃ​អាចម៍​ផ្កាយ​ហើយ។

បច្ចុប្បន្ន​នេះ​​ណាសា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ឌីហ្សាញ​យាន​អវកាស​​ "​បង្វែរ​ទិសដៅ​​អាចម៍​ផ្កាយ" ​​ហៅ​កាត់​ថា DART។ គោល​ដៅ​របស់​ DART គឺ​អាចម៍​ផ្កាយ​ដែល​មាន​ខ្លួន​ពីរ​ឈ្មោះ​ថា​ Didymos ដែល​នឹង​ហោះ​កាត់​ផែនដី​នៅ​ឆ្នាំ ២០២២ និង ម្ដង​ទៀត​នៅ​ឆ្នាំ ២០២៤។ ពេល​នោះ​​យាន​អវកាស​ទំហំ​ប៉ុន​ទូ​ទឹកកក​របស់​ណាសា​នឹង​ហោះ​ទៅ​បុក​​អាចម៍​ផ្កាយ​ដែល​មាន​ទំហំ​តូច​ជាង​គេ​ក្នុង​ចំណោម​អាចម៍​ផ្កាយ​ទាំង​ពីរ​ដែល​មាន​ឈ្មោះ​ Didymos B។ DART នឹង​ហោះ​ទៅ​បុក​ Didymos B ក្នុង​ល្បឿន​ ៥,៩៥ គ.ម/វិនាទី លឿន​ជាង​ល្បឿន​គ្រាប់​កាំភ្លើង​ ៩ ដង ដែល​នឹង​ធ្វើ​ឲ្យ​អាចម៍​ផ្កាយ​ប្ដូរ​ទិសដៅ។

​​​​​​​Tom Statler អ្នកវិទ្យាសាស្ត្រ​កាន់​កាប់​លើ​គម្រោង​ DART នេះ​លើក​ឡើង​ថា​ ៖ "អាចម៍​ផ្កាយ​ទាំង​គូ​នេះ​អាច​ជា​ការ​ពិសោធន៍​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​គម្រោង​ការ​នេះ។ ការ​ដែល​អាចម៍​ផ្កាយ​ Didymos B ធ្វើ​ដំណើរ​ជុំវិញ​ Didymos A ធ្វើ​​ឲ្យ​យើង​អាច​ឃើញ​លទ្ធផល​ពី​ការ​ប៉ះ​ទង្គិច​បាន​​ដោយ​ងាយ​ស្រួល ហើយ​អាច​ប្រាកដ​ថា​ការ​ពិសោធ​នេះ​​នឹង​មិន​ផ្លាស់​ប្ដូរ​គន្លង​របស់​អាចម៍​ផ្កាយ​ទាំង​គូ​ជុំវិញ​ព្រះអាទិត្យ​ឡើយ"។

គួរ​ឲ្យ​ដឹង​ថា​​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​មាន​អាចម៍​ផ្កាយ​តូចៗ​ហោះ​សំដៅ​មក​ផែនដី​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​វា​មិន​បង្ក​ហានិភ័យ​ដល់​ផែនដី​ឡើយ ព្រោះ​វា​បាន​បំបែក​ខ្លួន​ក្នុង​បរិយាកាស។ កាល​ពី​ខែ​មុន​​នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា​ ណាសា​បាន​ប្រារព្ធ​​ទិវា​អាចម៍​ផ្កាយ​​ដើម្បី​រំឭក​ពី​ហេតុការណ៍​ Tunguska ដែល​មាន​អាចម៍​ផ្កាយ​ទំហំ​ ១២២ ម៉ែត្រ​ ហោះ​មក​​​កម្ទេច​តំបន់​ព្រៃ​ទំហំ​ ១ ៩៩៤ គីឡូម៉ែត្រ​ការ៉េ​ ​​ក្បែរ​ទន្លេ​ Stony Tunguska ​ខេត្ត​ Siberia ប្រទេស​រុស្សី។ ហេតុការណ៍​​ផ្ទុះ​នេះ​នៅ​តែ​ជា​ការ​ផ្ទុះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​បង្កើត​ថាមពល​ខ្លាំង​ជាង​គ្រាប់​បែប​អាតូម​ទម្លាក់​នៅ​ទីក្រុង​ Hiroshima ​ដល់ ១៨៥ ដង៕​​​​​​​​​

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី