ឯកឧត្ដម ឃួង ស្រេង៖ អ្នក​នៅ​ភ្នំពេញ​ អាច​លែង​ប្រើ​យានយន្ត​ផ្ទាល់​ខ្លួន​ក្នុង​ពេល​ខាង​មុខ

  • 2017-07-14 02:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ទទួល​រថយន្ត​ក្រុង​សាធារណៈ​ចំនួន ៩៨​គ្រឿង ព្រម​ទាំង​រថយន្ត​ស្ទូច​ចំនួន​ពី​រគ្រឿង​ ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន ឯកឧត្ដម ឃួង ស្រេង បាន​មាន​ប្រសាសន៍​ថា ទៅ​ថ្ងៃ​ខាង​មុខ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ អាច​លែង​ប្រើ​យានយន្ត​ផ្ទាល់​ខ្លួន​ទៀត​ហើយ ព្រោះ​នឹង​មាន​ជំនួយ​រថយន្ត​ក្រុង​ជា​បន្ត​បន្ទាប់​ទៀត។

អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មាន​ប្រមាណ​ជាង​២​លាន​នាក់​ នៅ​ភ្នំពេញ ក្នុង​ពេល​បច្ចុប្បន្ន​នឹង​នៅ​តែ​បន្ត​កើន​ឡើង​ទៀត​។ ដូច្នេះ​ផ្លូវ​ក្នុង​ទី​ក្រុង​មិន​អាច​ផ្ទុក​យានយន្ត​អស់​នោះ​ទេ​នេះ​ជា​មូល​ហេតុ​បង្ក​ឱ្យ​កកស្ទះ​ខ្លាំង ហើយ​ក៏​ជា​បញ្ហា​ដែល​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដោះ​ស្រាយ​។ ជា​ដំណោះ​ស្រាយ​​ដ៏​ល្អ គឺ​ជំរុញ​ឱ្យ​ពលរដ្ឋ​ឈប់​ប្រើ​យានយន្ត​ផ្ទាល់​ខ្លួន​ត​ទៅ​ទៀត ងាក​ប្រើ​រថយន្ត​ក្រុង​វិញ​​ដូច​ប្រទេស​ជឿន​លឿន​លើ​ពិភពលោក​ដែរ។

ឯកឧត្ដម ឃួង ស្រេង ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ "ពី​មុន​យើង​មាន​តែ​រថយន្ត​កញ្ចាស់ៗ រថយន្ត​មួយ​ជជុះ មាន​ចំនួន​តិច​នៅ​ឡើយ ​ទើប​មិន​សូវ​មាន​អ្នក​ជិះ។ ឥឡូវ​រថយន្ត​ថ្មី​ទំនើប មាន​ច្រើន​ហើយ បង​ប្អូន​គួរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​យាន​ជំនិះ​ផ្ទាល់​ខ្លួន​ហើយ។" លោក​បាន​ប្រាប់​ទៀត​ថា បើ​សិន​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​ពលរដ្ឋ នោះ​នឹង​មាន​រថយន្ត​ថ្មីៗ​មក​ជា​បន្តបន្ទាប់​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ​ឱ្យ​បាន​គ្រប់​គ្រាន់។

ជា​ទិស​ដៅ​របស់​រដ្ឋាភិបាល សេវា​រថយន្ត​ក្រុង​នេះ នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃ​សាំង ថ្លៃ​ម៉ូតូ​ឌុប ហើយ​មក​ប្រើ​សេវា​សាធារណៈ​ដែល​មាន​តម្លៃ​ទាប​បំផុត​។ លើស​ពី​នេះ​នឹង​ធ្វើ​ឱ្យ​ទី​ក្រុង​មាន​សណ្ដាប់​ធ្នាប់​ល្អ មិន​មាន​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ត​ទៅ​ទៀត​។ ឯកឧត្ដម ឃួង ស្រេង បន្ថែម៕

អានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ