មក​ស្គាល់​បណ្ដាញ​សង្គម​ដែល​គេ​និយម​ប្រើ​មុន​មាន​​ Facebook

  • 2017-07-20 04:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មុន​បណ្ដាញ​សង្គម​​ Facebook ចាប់​កំណើត​តាម​ពិត​ទៅ​មាន​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​កើត​ឡើង ហើយ​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​បណ្ដាញ​សង្គម​ដែល​​មាន​ប្រើ​មុន​ Facebook៖

BBS

ចាប់​ផ្ដើម​ដំបូង​គេ​បំផុត​គឺ BBS (Bulletin Board System) ដែល​ជា​​កម្មវិធី​សម្រាប់​ចែក​រំលែក ឬ ផ្លាស់​ប្ដូរ​សា​ ឬ ឯកសារ​ផ្សេងៗ​លើ​ប្រព័ន្ធ​ Network មួយ​ ដោយ​បាន​បង្ហាញ​ខ្លួន​តាំង​ពី​ឆ្នាំ ១៩៧៨។ BBS បាន​ក្លាយ​ជា​សហគមន៍​ទំនាក់​ទំនង​ដ៏​សំខាន់​មួយ​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៨០ ដល់ ដើម​ទសវត្ស​ឆ្នាំ ១៩៩០។ BBS អាច​ប្រើ​ប្រាស់​បាន​តាម​រយៈ​ Modem ឬ តាម​ការ​ភ្ជាប់​ខ្សែ​អ៊ីនធឺណិត។ ពេល​នោះ​ផ្ទៃ​ Interface របស់​ BBS ភាគ​ច្រើន​មាន​ទ្រង់ទ្រាយ​ជា​អក្សរ​សុទ្ធ និង មាន​ផ្ទៃ​ Background ពណ៌​ខ្មៅ។

CompuServe

​​​​​​​បន្ត​មក​ទៀត​មាន​ CompuServe ហៅ​កាត់​ថា​ CIS ដែល​បាន​បង្កើត​ឡើង​តាំង​ពី​​ទសវត្ស​ឆ្នាំ ១៩៧០ ក្នុង​រូបរាង​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អនឡាញ​មួយ។ រហូត​ដល់​ដើម​ទសវត្ស​ឆ្នាំ ១៩៩០ ទើប​សេវាកម្ម​នេះ​បាន​ប្រែ​ក្លាយ​ជា​ប្រព័ន្ធ​សម្រាប់​សន្ទនា (Chat) អនឡាញ​, វេទិកា​ពិភាក្សា​លើ​ប្រធានបទ​ជា​ច្រើន និង​ ជា​បណ្ណាល័យ​កម្មវិធី​ដ៏​ល្បី​មួយ។ CIS ក៏​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​តាម​រយៈ​ការ​បង្កើត​រូបភាព​មាន​ចលនា (GIF) ផង​ដែរ ហើយ​ CIS នេះ​ក៏​ជា​ប្រព័ន្ធ​ដែល​គេ​និយម​ប្រើ​ GIF ច្រើន​បំផុត។

GeoCities

​​​នៅ​ឆ្នាំ ១៩៩៤ ក៏​លេច​ចេញ​នូវ​បណ្ដាញ​ទំនាក់​ទំនង​ GeoCities មួយ​ទៀត ដោយ​គំនិត​នៃ​បណ្ដាញ​នេះ​​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​នូវ​មាតិកា​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ សេវាកម្ម​នេះ​ត្រូវ​បាន​ Yahoo! ទិញ​យក​នៅ​ឆ្នាំ ១៩៩៩ ប៉ុន្តែ ១០ ឆ្នាំ​ក្រោយ​ Yahoo! ក៏​បាន​បិទ​សេវាកម្ម​នេះ​ចោល។

theglobe.com

នៅ​ឆ្នាំ ១៩៩៥ សេវាកម្ម​មួយ​ទៀត​ដែល​អាច​និយាយ​ថា​ជា​បណ្ដាញ​ទំនាក់​ទំនង​ពេញ​លេញ​ដំបូង​បាន​ឈ្មោះ​ theglobe។ សេវាកម្ម​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្ហោះ​មាតិកា​​របស់​ខ្លួន និង ទំនាក់ទំនង​ជា​មួយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា។ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៨ ដោយ​សារ​មិន​ទ្រាំទ្រ​ទៀត​បាន​សេវាកម្ម​នេះ​ក៏​បាន​បិទ​ទ្វារ។

AIM

ឆ្នាំ ១៩៩៧ បណ្ដាញ​ទំនាក់​ទំនង​ថ្មី​ឈ្មោះ​ថា​ AOL Instant Messenger បាន​លេច​ចេញ​ឡើយ​ដែល​គេ​អាច​​ប្រើ​សម្រាប់​ផ្ញើ​សា​​​ និង ទំនាក់​ទំនង​គ្នា​​រវាង​អ្នក​ប្រើ​ប្រាស់​បាន​យ៉ាង​ឆាប់​រហ័ស​ជា​ទីបំផុត។ ​រហូត​មក​ទល់​​ឆ្នាំ ២០១៧ នេះ​ AIM នៅ​បន្ត​​ដំណើរ​ការ​នៅ​​​ឡើយ​ គ្រាន់​តែ​មិន​ទទួល​បាន​ការ​និយម​ប្រើ​ដូច​កាល​ពី​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ និង ដើម​ទសវត្ស​ឆ្នាំ ២០០០។

SixDegrees.com

​​​​​​​​បន្ទាប់​មក​ទៀត​ឆ្នាំ ១៩៩៧ ​ SixDegrees.com ដែល​ជា​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​លើ​វិបសាយ​មួយ​បាន​បង្ហាញ​ខ្លួន​​ជា​មួយ​មុខងារ​​​​ល្បីៗ​ដូច​ជា​​ការ​កំណត់​ Profile និង បញ្ជី​ឈ្មោះ​ Friend ជា​ដើម។ ​មាន​បណ្ដាញ​សង្គម​ល្បីៗ​​នា​ពេល​បច្ចុប្បន្ន​ជា​ច្រើន​ដែល​យក​លំនាំ​តាម​ SixDegrees.com រួម​មាន​ Friendster, MySpace, LinkedIn និង Facebook ជា​ដើម។

FriendSter

២០០២ ជា​ឆ្នាំ​កំណើត​របស់​បណ្ដាញ​ទំនាក់​ទំនង​ FriendSter ដែល​អនុញ្ញាត​​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​សមាជិក​ដទៃ និង ចែក​រំលែក​ព័ត៌មាន​ ឬ ​រូបភាព/វីដេអូ ជា​មួយ​សមាជិក​ដទៃ​បាន​ទៀត​ផង។ នៅ​ឆ្នាំ ២០១១ FriendSter ក៏​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​សេវាកម្ម​ទំនាក់​ទំនង​សម្រាប់​ការ​លេង​ហ្គេម​វិញ។

MySpace

មួយ​ឆ្នាំ​ក្រោយ​មក​ក៏​លេច​ចេញ​វត្តមាន​ MySpace ដោយ​មាន​មតិ​ខ្លះ​យល់​ថា​​បណ្ដាញ​ទំនាក់​ទំនង​នេះ​ចម្លង​គំនិត​តាម​ FriendSter។ មុខងារ​ដែល​​មាន​​ឲ្យ​ប្រើ​លើ​ MySpace មាន​ដូច​ជា​​អាច​បង្កើត​ជា​ Profile ផ្ទាល់​ខ្លួន, បង្កើត​ Blog, បង្កើត​ក្រុម, បង្ហោះ​រូបភាព, ចម្រៀង និង វីដេអូ​បាន​ទៀត​ផង។ MySpace ត្រូវ​បាន​ News Coperation ទិញ​យក​នៅ​ខែ​កក្កដា​ ឆ្នាំ ២០០៥ ក្នុង​តម្លៃ​ ៥៨០ លាន​ដុល្លារ ដោយ​នៅ​បន្ត​ដំណើរ​ការ​ដល់​បច្ចុប្បន្ន។

​​​​​​​មួយ​ឆ្នាំ​មក​ទៀត​ Facebook ក៏​បាន​ចាប់​កំណើត​ឡើង​ដោយ​ដំបូង​ជា​បណ្ដាញ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​នៅ​សហរដ្ឋអាមេរិក​អាច​ទំនាក់​ទំនង​គ្នា​បាន​ដោយ​ងាយ​ស្រួល។ បណ្ដាញ​ទំនាក់​ទំនង​នេះ​ដាក់​ឲ្យ​ប្រើ​លើក​ដំបូង​នៅ​សកលវិទ្យាល័យ​ Harvard ដោយ​មាន​សិស្ស​​ជាង​ពាក់​កណ្ដាល​នៃ​សិស្ស​សរុប​ ១៩ ៥០០ នាក់​បាន​ចុះ​ឈ្មោះ​ប្រើ។ បន្ត​បន្ទាប់​មក​ Facebook ក៏​បាន​អាប់ដេត​ទៅ​ជា​បណ្ដាញ​ទំនាក់​ទំនង​ទូលំទូលាយ​មួយ​ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​បណ្ដាញ​សង្គម​ធំ​ជាង​គេ​ក្នុង​លោក​ មាន​អ្នក​ប្រើ​ប្រាស់​សរុប​ ២ ពាន់​លាន​នាក់៕

ចុចអាន៖

ប្រភព៖ Bit Rebels   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី