តារាហូលីវូដទាំងនេះទទួលបានប្រាក់ឈ្នួលតិចខ្លាំងមិនគួរឲ្យជឿ ពេលដើរតួក្នុងរឿងល្បី!
- 2017-07-27 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាហូលីវូដទាំងនេះទទួលបានប្រាក់ឈ្នួលតិចខ្លាំងមិនគួរឲ្យជឿ ពេលដើរតួក្នុងរឿងល្បី!
ចន្លោះមិនឃើញ
ជាធម្មតាប្រាក់ខែរបស់តារាហូលីវូដគឺសុទ្ធតែខ្ទង់លានដុល្លារសម្រាប់ការសម្ដែងមួយរឿងៗ។ ប៉ុន្តែពេលខ្លះតារាសម្ដែងមួយចំនួនសុខចិត្តដើរតួក្នុងរឿងដែលផ្តល់តម្លៃខ្លួនថោក ព្រោះតែចាប់អារម្មណ៍លើសាច់រឿងដែលត្រូវសម្ដែង ឬចង់បានបទពិសោធន៍ពីអ្នកដឹកនាំរឿងល្បីឈ្មោះ និងដោយសារតែនេះគឺជាការចាប់ផ្ដើមអាជីពជាអ្នកសម្ដែងរបស់គេ ដែលត្រូវតែឆ្លងកាត់រឿងទាំងអស់នេះ៕
ខាងក្រោមនេះជាបណ្ដាតារាទាំង១០ ដែលសុខចិត្តទទួលយកប្រាក់ចំណូលតិចសម្រាប់ថតរឿងដ៏គួរឲ្យភ្ញាក់ផ្អើល៖
១០. Jonah Hill ក្នុងរឿង "The Wolf of Wall Street”
ពេលអ្នកដឹកនាំរឿងល្បីលោក Martin Scorsese អនុញ្ញាតឲ្យលោកសម្ដែងក្នុងរឿង The Wolf of Wall Street លោក Jonah គឺជាតារាកំប្លែងល្បីឈ្មោះម្នាក់ដែលអាចរកប្រាក់ចំណូលបានរាប់លានដុល្លាររួចទៅហើយ។ លោកត្រូវបានគេឲ្យថ្លៃឈ្នួលថតចំនួនតែ ៦ម៉ឺនដុល្លារតែប៉ុណ្ណោះ ប៉ុន្ដែតារារូបនេះសុខចិត្តចូលរួមសម្ដែងរហូតជោគជ័យ ដែលជាប់ឈ្មោះដណ្ដើមពានរង្វាន់អូស្ការទៀតផង។ ប៉ុន្តែលោក Leonardo Dicaprio ដែលជាដៃគូសម្ដែងទទួលបានប្រាក់ចំណូលដល់ទៅ ២៥លានដុល្លារឯណោះ។
៩. Tom Cruise ក្នុងរឿង "Magnolia”
ក្នុងរឿងនេះ Tom Cruise ទទួលបានថ្លៃឈ្នួលតែ ១០ម៉ឺនដុល្លារតែប៉ុណ្ណោះ ខណៈដែល Tom Cruise អាចរកចំណូលបានជាង១០លានដុល្លារទៅហើយ ដោយបានចូលរួមសម្ដែងក្នុងរឿងល្បីៗដូចជា "Mission: Impossible”, “Interview With the Vampire” និង "Jerry Maguire” ជាដើម។ ប៉ុន្តែ Tom មិនខ្វល់ពីប្រាក់ចំណូលនោះឡើយ ហើយលោកចាប់ផ្តើមធ្វើការជាមួយអ្នកដឹកនាំរឿងលោក Pual Thomas Anderson រហូតឈ្នះពានរង្វាន់ Golden Globe សម្រាប់រឿងនេះទៀតផង។
៨. Brad Pitt ក្នុងរឿង "Thelma & Louise”
សម្រាប់តួអង្គក្នុងរឿង "Thelma & Louise” ដែលដឹកនាំសម្ដែងដោយលោក Ridley Scott គឺជាតួអង្គដំបូងមួយដែលធ្វើឲ្យអាជីពជាអ្នកសម្ដែងរបស់ Brad Pitt ជោគជ័យដល់សព្វថ្ងៃ។ ក្នុងរឿងនេះលោករកប្រាក់ចំណូលបានតែ ៦ពាន់ដុល្លារតែប៉ុណ្ណោះ ប៉ុន្ដែក្នុងរយៈពេល១០ឆ្នាំក្រោយមក Brad Pitt បានត្រូវបានគេជ្រើសរើសជាតួសម្ដែងក្នុងរឿង "Ocean's Eleven” ដែលលោកទទួលបានថ្លៃឈ្នួលដល់ទៅ ៣០លានដុល្លារឯណោះ។
៧. Ryan Gosling ក្នុងរឿង "Half Nelson”
ទោះបីជាទទួលបានភាពជោគជ័យពីការសម្ដែងរឿង "The Notebook” របស់លោកដែលអាចរកប្រាក់ចំណូលយ៉ាងច្រើនក៏ដោយ ក៏លោកបានសុខចិត្តចូលខ្លួនសម្ដែងក្នុងរឿង "Half Nelson” ដែលឲ្យថ្លៃឈ្នួលលោកតែ ១ពាន់ដុល្លារក្នុងមួយអាទិត្យតែប៉ុណ្ណោះ។ ការលះបង់នេះគឺមិនអត់ប្រយោជន៍ឡើយ ដោយរឿងនេះត្រូវបានគេទទួលស្គាល់ ព្រមទាំងអាចឲ្យលោកទទួលបានឈ្មោះចូលរួមដណ្ដើមពានរង្វាន់អូស្ការលើកដំបូងទៀតផង។
៦. Hilary Swank ក្នុងរឿង "Boys Don't Cry”
ក្នុងរឿង "Boy Don't Cry” តារាសម្ដែង Hilary Swank អាចរកប្រាក់ចំណូលបានតែ ៣ពាន់ដុល្លារតែប៉ុណ្ណោះដែលប្រាក់ចំណូលនោះមិនគ្រប់គ្រាន់នឹងបង់ថ្លៃធានារ៉ាប់រងរបស់នាងផង។ ប៉ុន្តែដោយសារការខិតខំរបស់នាង Hilary Swank ទទួលបានពានរង្វាន់អូស្ការសម្រាប់រឿងនេះ ដែលជាហេតុធ្វើឲ្យតម្លៃខ្លួននាងក្នុងរឿងថ្មី "The Affair of the Neckless” គឺទទួលបានដល់ទៅ ៣លានដុល្លារឯណោះ។
៥. Dustin Hoffman ក្នុងរឿង "The Graduate”
សម្រាប់រឿង "The Graduate” លោក Dustin អាចរកប្រាក់ចំណូលបានតែ ១ម៉ឺន៧ពាន់ដុល្លារតែប៉ុណ្ណោះ ទោះបីជារឿងនេះត្រូវបានគេចាត់ទុកថាជារឿងមួយដែលជោគជ័យខ្លាំងក៏ដោយ។ ក្រោយថតរឿងនេះលោកមិនមានថវិកាគ្រប់គ្រាន់សម្រាប់សងបំណុលគេផង ប៉ុន្ដែវាគឺជាឱកាសដែលអាចឲ្យលោកចូលរួមសម្ដែងក្នុងរឿង "Papillon” ដែលអាចរកប្រាក់ចំណូលបាន ១,២៥លានដុល្លារ។
៤. Jennifer Lawrence ក្នុងរឿង "Winter's Bone”
សម្រាប់តួអង្គរបស់នាងក្នុងរឿង "Winter's Bone” ដែលជារឿងមួយក្នុងចំណោមរឿងដំបូងៗរបស់ Jennifer Lawrence នាងរកប្រាក់ចំណូលបានតែ ៣ពាន់ដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែសមត្ថភាពសម្ដែងដ៏ល្អ នាងត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង និងជាប់ឈ្មោះដណ្ដើមពានរង្វាន់អូស្ការលើកដំបូង។ តាំងពីពេលនោះមកនាងបានចូលរួមសម្ដែងក្នុងខ្សែរឿងល្បីៗជាច្រើន ដូចជា "The Hunger Games” និង "X-Men” ជាដើមដែលអាចឲ្យនាងរកប្រាក់ចំណូលបានរាប់លានដុល្លារ។
៣. Harrison Ford ក្នុងរឿង "Star Wars: Episode IV – A New Hope”
មានពាក្យចចាមអារ៉ាមថា តារាសម្ដែង Harrison Ford ប៊ិះនឹងច្រានចោលសំណើក្នុងការសម្តែងជាតួអង្គ Han Solo ក្នុងរឿង"Star Wars” វគ្គទី១ទៅហើយ ដោយលោកទទួលបានប្រាក់ចំណូលតែ ១ពាន់ដុល្លារតែប៉ុណ្ណោះក្នុងសប្ដាហ៍ដំបូង។ ប៉ុន្ដែលោកក៏ទទួលយកចំនួនប្រាក់នេះ ហើយបន្តថតដែលអាចឲ្យលោករកចំនូលបាន ១ម៉ឺនដុល្លារ។ បន្ទាប់មកប្រាក់ចំណូលរបស់តារារូបនេះក៏កាន់តែច្រើនទៅៗ ដោយសារតែការជោគជ័យរបស់រឿង "Star Wars” វគ្គដំបូង។
២. Jim Carrey ក្នុងរឿង "Yes Man”
វាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលលោក Jim Carrey សុខចិត្តសម្ដែងរឿង "Yes Man” ដោយមិនគិតលុយមុនពេលរឿងដាក់បញ្ចាំង។ ជំនួសការទាមទារប្រាក់ឈ្នួលពេលកំពុងថត លោកទាមទារប្រាក់ចំណូល ៣៦.៧% ពីចំណូលសរុបរបស់ភាពយន្តដែលនឹងទទួលបាន។ ដោយសារតែភាពជោគជ័យរបស់រឿងនេះ Jim Carrey អាចរកចំណូលបានដល់ទៅ ៣៥លានដុល្លារឯណោះ។
១. Bill Murray ក្នុងរឿង "Rushmore”
តារាសម្ដែងល្បីឈ្មោះ Bill Murray ចង់សម្ដែងក្នុងរឿង "Rushmore” ដែលដឹកនាំរឿងដោយលោក Wes Anderson ខ្លាំង ដល់ថ្នាក់លោកសុខចិត្តទទួលយកប្រាក់ឈ្នួលតែ ៩ពាន់ដុល្លារប៉ុណ្ណោះ។ តារាសម្ដែងរូបនេះចាប់ផ្ដើមល្បីឈ្មោះខ្លាំងបន្ទាប់ពីរឿងនេះ និងមានតម្លៃខ្លួនខ្ពស់ដល់ខ្ទង់លានដុល្លារឯណោះ៕
ចុចអានអត្ថបទ៖
ភាពយន្តសង្គ្រាមប្រវត្តិសាស្ត្រ Dunkirk ដណ្ដើមបានលេខ១ Box Office សប្ដាហ៍ដំបូង
ភាពយន្តហូលីវូដ ១រឿង ចំណាយអស់ ២០០លានដុល្លារ តើក្រុមការងារបានម្នាក់ប៉ុន្មាន?(វីដេអូ)
មិនធម្មតា! គ្រាន់តែ Trailer និងសកម្មភាពក្រៅឆាករឿង អ៊ូខុង អស្ចារ្យដល់ម្លឹង