មុន​យក​រថយន្ត​ទៅ​ឈៀក ត្រូវ​ដឹងព័ត៌មាន​សំខាន់​ទាំង​នេះ

  • 2017-08-08 04:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ចង់​​ចំណាយ​ពេល​យូរ​នៅពេលយករថយន្ត​ទៅ​ឈៀក ​​ល្អ​បំផុត​គឺ​ត្រូវ​ដឹង​ពី​បែបបទ​ផ្សេងៗ។ ព័ត៌មាន​​​នេះនឹង​ជួយ​​អ្នក​​ស្វែង​យល់​ជា​មុន​​ពី​នីតិវិធីផ្សេងៗ​និង​ព័ត៌មាន​ដ៏​សំខាន់ ​នៅ​ពេល​យក​រថយន្ត​ទៅ​ឈៀក​តាម​មណ្ឌល​ត្រួត​ពិនិត្យ​បច្ចេកទេស​នានា​។

+ការ​ចុះ​ឈ្មោះ​​​ដើម្បីទទួល​សេវា​ឈៀក​​រថយន្ត​ មាន​ពីរ​ជម្រើស​

-អាច​ទៅ​​ទំនាក់ទំនង​​ផ្ទាល់​នៅ​មណ្ឌល​ត្រួត​ពិនិត្យ​យានយន្ត​ទាំង ១៣ កន្លែង​ទូទាំង​ប្រទេស ដើម្បី​​​ឲ្យ​គេ​ចុះ​ឈ្មោះ​និង​​​បញ្ចូល​ទិន្នន័យ​យានយន្ត​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។

-ជម្រើស​ល្អ​បំផុត​គឺ​​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (https://techinspection.mpwt.gov.kh/#/) ដើម្បី​ណាត់​ពេល​ត្រួត​ពិនិត្យ​តែ​ម្តង​ ​មិន​ពិបាក​រង់ចាំ​យូរ​។

+ប្រភេទ​យានយន្ត​ដែល​ត្រូវ​ត្រួត​ពិនិត្យ​បច្ចេកទេស

-រថយន្ត រ៉ឺម៉ក និង​សឺ​មី​រ៉ឺម៉ក

-ត្រីចក្រយានយន្ត ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក

-ទោចក្រយានយន្ត យានយន្ត​កសិកម្ម​កែច្នៃ (សម្រាប់​គោល​បំណង​ចុះ​បញ្ជី​តែ​ប៉ុណ្ណោះ)។

+ភ្ជាប់​​ឯកសារចាំបាច់​

-​បណ្ណ​សម្គាល់​យានយន្ត (ថត​ចម្លង)

-វិញ្ញាប័ន​ប័ត្រ​ត្រួតពិនិត្យ​​បច្ចេកទេស​យានជំនិះ​ចាស់ (ករណី​បន្ត)

+ការ​ពិនិត្យ​បច្ចេកទេស​ផ្តោត​លើ ៨ ចំណុច​សំខាន់ៗ

-ការ​វាស់​កុងទ័រ​ល្បឿន

-ការ​វាស់​កម្រិត​បញ្ចេញ​ផ្សែង​ពុល

-ការ​ពិនិត្យ​មើល​គ្រឿង​ក្រោម​រថយន្ត​

-ការ​វាស់​ភ្លើង​សញ្ញា

-ការ​វាស់​សូរ​ស៊ីផ្លេ

-ការ​វាស់​លំងាក​ចង្កូត

-ថ្លឹង​ទម្ងន់​រថយន្ត​

-ការ​វាស់​កម្លាំង​ហ្រ្វាំង

+រយៈ​ពេល​​ត្រួតពិនិត្យ

-អាច​ចំណាយ​​​ពី ១០ ទៅ ២០ នាទី​ទៅ​តាម​ប្រភេទ​យានយន្ត

+សុពល​ភាព​ប្រើប្រាស់​​

-រថយន្ត​ថ្មី​​​ប្រភេទ​គ្រួសារ​ឬ​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល (Pick-Up) ​សុពលភាព​ប្រើប្រាស់​​បាន​ ៤ ឆ្នាំ (រថយន្ត​ថ្មី​ត្រូវ​មាន​វិញ្ញាបនបត្រ​និង​លតាប័ត្រ​ត្រួត​ពិនិត្យ​បច្ចេកទេស ដោយ​មិន​ចាំបាច់​ត្រួត​ពិនិត្យ​បច្ចេកទេស​នោះ​ទេ)

-រថយន្ត​ប្រភេទ​គ្រួសារ​ឬ​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល (Pick-Up) ប្រើប្រាស់​រួច មាន​សុពលភាព ២ ឆ្នាំ

-រថយន្ត​ថ្មី​ធ្វើ​អាជីវកម្ម​ដឹក​អ្នក​ដំណើរ ដឹក​ទំនិញ មាន​សុពលភាព ២ ឆ្នាំ

-រថយន្ត​ចាស់​ធ្វើ​អាជីវកម្ម​ដឹក​អ្នក​ដំណើរ ដឹក​ទំនិញ មាន​សុពលភាព ១ ឆ្នាំ

-រ៉ឺម៉ក សឺមី​រ៉ឺម៉ក​ថ្មី មាន​សុពលភាព ២ ឆ្នាំ

-រ៉ឺម៉ក សឺមី​រ៉ឺម៉ក​ចាស់ មាន​សុពលភាព ១ ឆ្នាំ

-ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក មាន​សុពលភាព ១ ឆ្នាំ

+តម្លៃ​សេវា​​ត្រួត​ពិនិត្យ

-រថយន្ត​គ្រួសារ​ប្រភេទ ៥ ទៅ ៩ កៅអី តម្លៃ ៤៨ ០០០ រៀល

-រថយន្ត​តូច​ប្រភេទ​ ៤ កៅ​អី តម្លៃ ៤២ ០០០ រៀល

-ឡាន​ដឹកទំនិញ ដឹក​អ្នក​ដំណើរ តម្លៃ​ចាប់​ពី ៣៦ ០០០ រៀល ដល់​ ៦៦ ០០០ រៀល (អាស្រ័យ​តាម​ទម្ងន់​ផ្ទុក​​និង​ចំនួន​កៅអី)

លតាប័ត្រ​និង​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស នឹង​ត្រូវ​ផ្ដល់​ឲ្យ​ភ្លាមៗ​ក្រោយ​​ពិនិត្យ​រួច។ ​យានយន្ត​មក​ត្រួត​ពិនិត្យ​បច្ចេកទេស​តាម​កាល​កំណត់ ដើម្បី​បន្ត​សុពលភាព​ប្រើប្រាស់​

អត្ថបទ៖ ប៊ុណ្ណារ៉ា