ករណី Taylor Swift ប្ដឹង​ផ្ដល់​ DJ ម្នាក់​ពីបទ ​ស្ទាប​អង្អែល​នាង កំពុង​ឡើង​​កម្តៅ

  • 2017-08-09 03:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តុលា​ការ​បាន​ឆ្លើយ​តប​ពី​ករណី​បណ្ដឹង​របស់​តារា​ចម្រៀង​ Taylor Swift ​ពី​បទ​ប៉ះ​ពាល់​នាង​ដោយ​លក្ខណៈ​មិន​សម​ស្រប​ដោយ DJ វិទ្យុ​ នៅ​រដ្ឋ​Colorado ​ម្នាក់។

ករណី​ប្ដឹង​ផ្តល់​នេះ​គឺ​បាន​ធ្វើ​ឡើង​ពី​សំណាក់ Taylor Swift កាល​ពីឆ្នាំ​២០១៣ ហើយ​លោក​ Meuller ជា DJ ដែល​ត្រូវ​នាង​ចោទ​ប្រកាន់​នោះ​ក៏​បាន​ប្ដឹង​តបតរ​វិញ​ថា​ Taylor Swift បង្ខូច​ឈ្មោះ​ខ្លួន។

​តារា​ចម្រៀង​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​ចោទ​ប្រកាន់​លោក​ David Mueller ថា​បាន​ស្ទាប​អង្អែល​នាង​ ខណៈ​ពេល​ដែល​ពួក​គេ​ថត​រូប​ជាមួយ​គ្នា​នៅ​ការ​ប្រគំតន្ត្រី​មួយ​របស់​នាង​កាល​ពី​ឆ្នាំ​ ២០១៣។

មេធាវី​របស់​នាង​បាន​និយាយ​សម្រាប់​សេចក្ដី​ថ្លែង​ការ​នៅ​​​តុលាការ​នៅ​ទី​ក្រុង Denver រដ្ឋ​ Colorado ថា​លោក​ Mueller បាន​ "ស្ទាប​កំប៉េះ​គូទ​របស់​នាង"។

លោក​ Meuller បាន​ប្ដឹង​តារា​ចម្រៀង​រូប​នេះ​វិញកាល​ពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៥​ ថា​ការ​ចោទ​ប្រកាន់​របស់​នាង​គឺ​មិន​មែន​ជា​ការ​ពិត។ លោក​បាន​និយាយ​ថា​ Taylor បាន​ធ្វើ​ឲ្យ​លោក​បាត់​បង់​ចំណូល​ពី​ការ​ងារ​ដែល​អាច​ឲ្យ​រក​ចំណូល​បាន​ដល់​ទៅ​ ១៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ជា​ពិធី​ករ​ក្នុង​ប៉ុស្តិ៍​វិទ្យុ​ចង្វាក់ Country ឈ្មោះ KYGO-FM។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ Taylor បាន​មក​ចូល​រួម​នៅ​​កន្លែង​កាត់​ក្ដី​ ហើយ​នៅ​ថ្ងៃ​នោះ​ដែរ​គណៈវិនិច្ឆ័យ​បាន​បង្ហាញ​ពី​រូបភាព​​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ ដែល​ថត​នៅ​បន្ទប់​ VIP ជួប​និង​សំណេះសំណាល​ (Meet & Greet) កាល​ពី​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០១៣។

រូប​ថត​ដែល Taylor ចោទ​ប្រកាន់​ថា​លោក​ Mueller បាន​ប៉ះ​ពាល់​នាង

​នៅ​ក្នុង​រូប​ថត​នោះ​ដែរ​គឺ​មាន​រូប​ Taylor នៅ​កណ្ដាល​លោក Mueller និង​មិត្ត​ស្រី​ Shannon Melcher។

មេធាវី​របស់​លោក​ Mueller លោក David McFarland បាន​និយាយ​សម្រាប់​ការ​ថ្លែង​ការណ៍ អំពី​រូប​ថត​នេះ​ថា​ដៃ​របស់​កូន​ក្ដី​របស់​លោក "មិន​បាន​នៅ​ខាង​ក្រោម​សំពត់​របស់​អ្នក​នាង Taylor Swift ឡើយ​ហើយ​សំពត់​របស់​នាង​មិន​មាន​ភាព​មិន​ប្រក្រតី​អ្វី​នោះ​​​ឡើយ។"

សម្រាប់​ការ​ថ្លែង​ការណ៍​របស់​លោក​ Mueller វិញ​លោក​បាន​និយាយ​ថា លោក​គ្រាន់​តែ​ប្ដឹង​ដើម្បី​ លុប​លាង​ឈ្មោះ​មិន​ល្អ​និង​ការ​បាត់​បង់​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ​មិន​មែន​ទាម​ទារ​ប្រាក់​សំណង​៣លានដុល្លារ​ដូច​គេ​រាយការណ៍​នោះ​ទេ។

ចំពោះ​បញ្ហា​នេះ​ដែរ​ Taylor បាន​ប្រាប់​ឲ្យ​តុលាការ​បំភ្លេច​ចោល​និង​ទុក​ថា​រឿង​អាថ៌កំបាំង​មួយ​ ប៉ុន្តែ​លោក​ Mueller មិន​សុខ​ចិត្ត​​ហើយ​ក៏​ប្ដឹង​ផ្ដល់​គ្នា​​ទៅ​វិញ​ទៅ​មក។

សម្រាប់​ពេល​នេះ​ការ​កាត់​ក្ដី​កំពុង​តែ​ដំណើរ​ការ​​នៅ​ឡើយ​ ហើយ​អ្នក​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​ជា​ច្រើន​កំពុង​រង​ចាំ​ការ​កាត់​ក្ដី​សម្រេច​ពី​រឿង​ក្ដីក្ដាំ​មួយ​នេះ៕

តារា​ចម្រៀង​ Taylor Swift

ចុច​អាន​អត្ថបទ៖

ប្រភព៖ BBC | TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី