ដំរី​មួយ​ក្បាល​ត្រូវ​បាន​មនុស្ស​សម្លាប់ ព្រោះ​ហេតុផល​មិន​អាច​លើក​លែង

  • 2017-08-13 09:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រមាញ់​ជនជាតិ​ឥណ្ឌា​បាន​​និយាយ​ថា​ លោក​បាន​សម្លាប់​សត្វ​ដំរី​១ក្បាល ព្រោះ​សត្វ​នេះ​បាន​សម្លាប់​មនុស្ស​ ១៥ នាក់​នៅ​ក្នុង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ខែ​មីនា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Channel News Asia នៅ​ថ្ងៃអាទិត្យ​នេះ​។

បុរស​​មាន​ឈ្មោះ Nawab Shafat Ali Khan បាន​និយាយ​ថា គាត់​បាញ់​ដំរី​ចំ​គោលដៅ​១​គ្រាប់​ តែ​មុន​ពេល​​វា​ដួល​ វា​បាន​ព្យា​យាម​វាយ​បក​មក​កាន់​ក្រុម​អ្នក​ប្រមាញ់​វិញ ទើប​គាត់​បង្ខំ​ចិត្ត​​ ថែម​១គ្រាប់ទៀត ធ្វើ​ឲ្យ​វា​ស្លាប់​ទៅ។

ដំរី​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​វង្វេង​ផ្លូវ និង​​បែក​ចេញ​ពី​ហ្វូង ​​ហើយ​វា​បាន​វាយ​ប្រហារ​ទៅ​លើ​ជន​រងគ្រោះ​ ៤ នាក់​នៅ​រដ្ឋ​ប៊ីហារ កាល​ពី​ខែ​មីនា មុន​ឆ្លង​កាត់​តំបន់ Jharkhand ហើយ​បាន​សម្លាប់​មនុស្ស​ ១១នាក់បន្ថែម​ទៀត​នៅ​ទីនោះ។

មនុស្ស​ប្រហែល ១០០ នាក់​រួម​ទាំង​មន្ត្រី​រុក្ខា​ប្រមាញ់​និង​អ្នកភូមិ​បាន​ចូល​រួម​ក្នុង​ការ​តាម​ប្រមាញ់​ដំរី ប៉ុន្តែ​មាន​តែ Khanម្នាក់​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​​បាញ់​ដំរី ព្រោះ​លោក​ជា​អ្នក​ឯកទេស​​ស៊ី​ឈ្នួល​ គម្រោង​សម្លាប់​សត្វ​សាហាវ​របស់​រដ្ឋាភិបាល​ លើស​ពី ២៤​គម្រោង​មក​ហើយ​។ ប្រតិបត្តិការ​នេះ​ទៀត​សោត​ មាន​ការ​ពិបាក​ខ្លាំង ព្រោះ​ពោរ​ពេញ​ទៅ​ដោយ​ព្រៃ​ក្រាស់ ​របស់​កុលសម្ព័ន្ធ Paharia ដែល​ជា​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ក្រ​បំផុត​មួយ​នៅ​ឥណ្ឌា។

ក្រសួង​បរិស្ថាន​ឥណ្ឌា​ប៉ាន់​ប្រមាណ​ថា​ យ៉ាងហោចណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ​នៅ​​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​សត្វ​សាហាវ​ និង​ភាគ​ច្រើន​បំផុត​​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​សត្វ​ដំរី៕

ចុចអាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល​៖ សុខ លាងហ៊ត​​​

អត្ថបទពេញនិយម