ឪពុកចង់ជជែកលេងជាមួយកូន បែរកូនរវល់គ្មានថ្ងៃលស់ ទីបំផុតទើបស្ដាយក្រោយ
- 2017-08-15 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកចង់ជជែកលេងជាមួយកូន បែរកូនរវល់គ្មានថ្ងៃលស់ ទីបំផុតទើបស្ដាយក្រោយ
ចន្លោះមិនឃើញ
កាលនៅតូច ខ្ញុំចាំបានថា ឪពុករបស់ខ្ញុំតែងតែដើរតួជាជាងជួសជុលរបស់របរស្ទើរគ្រប់បែបយ៉ាងនៅក្នុងផ្ទះ ហើយរាល់ពេលដែលគាត់កំពុងជួសជុល គាត់តែងតែប្រើឲ្យយកនេះ ឲ្យយកនោះ ដូច្នេះយើងអាចចាប់ផ្ដើមនិយាយគ្នាលេង។
ខ្ញុំមិនដែលឃើញឪពុករបស់ខ្ញុំផឹកស្រា ឬដើរលេងយប់ជាមួយមិត្តភ័ក្ដិទេ អ្វីដែលគាត់ធ្វើរាល់ថ្ងៃ គឺដើម្បីក្រុមគ្រួសារទាំងអស់។ ពេលវេលារបស់គាត់មួយនាទីៗ ពិតជាមានតម្លៃសម្រាប់កូន និងម៉ាក់ខ្លាំងណាស់។
នៅពេលខ្ញុំធំឡើង ខ្ញុំបានចាកចេញពីផ្ទះដើម្បីរៀនបន្តថ្នាក់មហាវិទ្យាល័យនៅទីក្រុងដែលត្រូវឃ្លាតឆ្ងាយពីស្រុកកំណើត។ ចាប់តាំងពីពេលនោះមក កាលទើបបែកពីគាត់ថ្មីៗ គាត់តែងតែទូរសព្ទមកលេងខ្ញុំជានិច្ច រៀងរាល់ថ្ងៃឈប់សម្រាក។
ជាច្រើនឆ្នាំកន្លងផុតទៅ ខ្ញុំបានរៀបការ រួចទិញផ្ទះបានមួយកន្លែង។ ក្រោយទទួលដំណឹងទិញផ្ទះនេះ គាត់បានធ្វើដំណើរទៅដល់ផ្ទះរបស់ខ្ញុំ និងជួយលាបថ្នាំផ្ទះរយៈពេលដល់ទៅ ៣ថ្ងៃក្រោមកម្ដៅថ្ងៃដ៏ក្ដៅ។ គាត់នៅតែចិញ្ចឹមចិត្តចង់ប្រើខ្ញុំឲ្យយករបស់នេះ របស់នោះដដែលដូចជា កាន់ធុងថ្នាំ ឬយកឧបករណ៍លាបថ្នាំផ្ទះ ដើម្បីឲ្យបានជជែកលេងជាមួយគាត់។ ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំរវល់ខ្លាំងក៏មិនបាននិយាយលេងជាមួយគាត់បានច្រើនឡើយ។ មិនយូរប៉ុន្មាន ឪពុកខ្ញុំបានមកលេងផ្ទះរបស់ខ្ញុំទៀត ពេលនោះខ្ញុំមានកូនស្រីម្នាក់ហើយ។ ពេលគាត់កំពុងលេង ជាមួយចៅស្រី គាត់ព្យាយាមប្រើខ្ញុំឲ្យយកទឹកតែមួយកែវជូនគាត់ រួចបានជជែកគ្នាលេង។ និយាយមិនបានយូរប៉ុន្មាន ខ្ញុំក៏សុំគាត់ចេញទៅរៀបឥវ៉ាន់សម្រាប់ដើរលម្ហែនៅថ្ងៃបន្ទាប់។
ស្អែកឡើង គាត់ក៏ត្រលប់ទៅផ្ទះវិញ ហើយខ្ញុំក៏ទៅដើរកម្សាន្តនៅថ្ងៃចុងសប្ដាហ៍ជាមួយកូន និងប្ដី។ ពីរបីថ្ងៃក្រោយ គាត់បានទូរសព្ទមកទៀត ហើយយើងបានជជែកគ្នាលេងធម្មតា តែសន្ទនាគ្នាមិនបានប៉ុន្មានផង ខ្ញុំក៏មានការបន្ទាន់ភ្លាម។
នៅរយៈពេលបីបួនម៉ោងក្រោយ ខ្ញុំបានទទួលដំណឹងពីគ្រួសារនៅស្រុក តែជាដំណឹងមិនល្អ គឺឪពុកខ្ញុំកំពុងនៅមន្ទីរពេទ្យដោយសារជំងឺទាក់ទងនឹងសរសៃឈាមធ្ងន់ធ្ងរ។ ខ្ញុំបានធ្វើដំណើរទៅរកគាត់ភ្លាមនៅមន្ទីរពេទ្យ ហើយក៏នឹកគិតថា ខ្ញុំខ្លួនឯងបានខកខានជជែកលេងជាមួយគាត់ច្រើនដងណាស់ បើបានទៅជួបគាត់លើកនេះនឹងនិយាយលេងជាមួយគាត់ឲ្យបានយូរម្ដង។
នៅពេលខ្ញុំទៅដល់មន្ទីរពេទ្យ អ្វីៗខុសពីការរំពឹងទុកទៅវិញ ឪពុកជាទីស្រលាញ់របស់ខ្ញុំបានលាចាកលោកបាត់ទៅហើយទាំងមិនទាន់ដង្ហើមចុងក្រោយរបស់គាត់ផង។ ពេលនោះ ខ្ញុំមានអារម្មណ៍សោកស្ដាយ កើតវិប្បដិសារី និងចង់ឲ្យពេលវេលាដើរត្រលប់ក្រោយវិញ ព្រោះខ្ញុំលែងបានជជែកលេងជាមួយគាត់ជារៀងរហូតហើយ។ ខ្ញុំដឹងថា ខ្ញុំបានធ្វើខុសចំពោះគាត់ខ្លាំងណាស់។
ក្រោយមរណភាពរបស់គាត់ ខ្ញុំបានដឹងច្រើនពីគាត់ និងខ្លួនឯង ជាពិសេសរឿងរ៉ាវគ្រប់យ៉ាងដែលគាត់ចេះតែព្យាយាមប្រើខ្ញុំ៕
តម្លៃអប់រំរឿង៖ ឪពុកម្ដាយគ្រប់រូបតែងតែចង់នៅក្បែរកូន និយាយលេងជាមួយកូន និងអប់រំទូន្មានប្រៀនប្រដៅកូន ព្រោះខ្លាចកូនដើរផ្លូវខុស ប្រព្រឹត្តិអំពើមិនគប្បី។ លោកទាំងពីរសប្បាយចិត្តបំផុត ពេលឃើញកូនស្រីប្រុសជាមនុស្សល្អក្នុងសង្គម ព្រោះក៏ជាមុខមាត់របស់ឪពុកម្ដាយ និងក្រុមគ្រួសារដែរ។ ការជជែកលេងជាមួយកូនៗ គឺដើម្បីបង្កើនភាពជិតស្និតរវាងឪពុកម្ដាយជាមួយកូន ពេលកូនមានបញ្ហាណាមួយ ពួកគេអាចប្រាប់ឪពុកម្ដាយឲ្យជួយដោះស្រាយបាន ពុំចាំដល់ស្ថានការណ៍ធ្ងន់ធ្ងរ។
ចុចអាន៖
ច្រណែនគ្រួសារគេបានសុខ ឲ្យប្ដីទៅលបមើល ស្រាប់តែឃើញរឿងហេតុមួយ
ធ្លាប់ឲ្យទឹកដោះគោក្មេងមួយកែវ ពេលខ្លួនឈឺធ្ងន់បែរជួបរឿងគួរឲ្យភ្ញាក់ផ្អើល
ជួយដូរកង់ឡានឲ្យនារីមិនធ្លាប់ស្គាល់ ស្រាប់តែល្ងាចប្រពន្ធជួបរឿងនឹកស្មានមិនដល់