ស្អែក​ប៉ះ​សិង្ហបុរី បាល់បោះ​កម្ពុជា​សង្ឃឹម​​ឡើង​ដល់​វគ្គ​ខ្វែង​

  • 2017-08-19 08:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់បោះ​ជម្រើស​ជាតិកម្ពុជា​រំពឹង​ខ្ពស់​​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី២៩​នៅ​​ម៉ាឡេស៊ី​ ព្រោះ​ប្រទេស​មួយ​ចំនួន​ក្នុង​ពូល​ B​ មាន​សមត្ថភាព​មិនលើស​​កម្ពុជា​នោះ​ទេ ហើយ​មាន​ក្រុម​ខ្លះ​ធ្លាប​ចាញ់​កម្ពុជា​ទៀត​ផង​កាល​ពី​ស៊ីហ្គេម​ ២០១៥។​

លោក​ កៅ​ កាន់ណារី​

លោក​ កៅ​ កាន់ណារី​ អគ្គលេខាធិការ​សហព័ន្ធ​បាល់បោះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B​ នេះ​ កម្ពុជា​សង្ឃឹម​ខ្ពស់​ថា​ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ ហើយ​អាច​ឆ្លង​ផុត​វគ្គ​ក្នុង​ពូល​។​ ដោយ​ឡែក​ប្រទេស​សិង្ហបុរី​ ដែល​ជា​ជើង​ខ្លាំង​ក្នុង​ពូល​ B គឺ​ធ្លាប់​ឈ្នះ​កម្ពុជា​ប្រផុតប្រផើយ​​​កាល​ស៊ីហ្គេម​ លើក​ទី២៨​។ ក្រៅ​ពី​នេះ​ក្រុម​ផ្សេង​ទៀត​មាន​សមត្ថភាព​ប្រហាក់ប្រហែល​ ឬ​នៅ​ក្រោម​កម្ពុជា​នោះ​ទេ។​

ក្រុម​កីឡាបាល់បោះ​កម្ពុជា​

​អគ្គលេខាធិការ​​​បន្ត​ថា​ ​ការ​ហ្វឹកហាត់​ទៀតសោត​កីឡាករ​ក៏​ដូច​ជា​សហព័ន្ធ​បាន​អនុវន្ត​បយ៉ាង​ល្អ​ទៅ​តាម​ផែន​ការ​ ហើយ​ឆ្នាំ​នេះ​ដែរ។​ កីឡាករ​ដែល​មក​ពីសហរដ្ឋអាមេរិក​​មាន​ដល់​១០រូប​ឯណោះ​។​ កីឡាករ​ទាំង​១០រូប​ ដែល​មក​ពី​ក្រៅ​ប្រទេស​នោះ​ ពួកគេ​ក៏​បាន​ហ្វឹកហាត់​ជុំ​គ្នា​នៅ​សហរដ្ឋអាមេរិក​ផងដែរ។​ ស៊ីហ្គេម​លើក​នេះ​ លោក​ជឿជាក់​ថា​ កម្រិត​សមត្ថភាព​របស់​កីឡាករ​គឺ​ល្អ​ជាង​លើក​មុន​ទៀត។​ ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​ នឹង​ដឹង​ថា​ កម្រិត​សមត្ថភាព​ពួកគេ​រីកចម្រើន​ប៉ុនណា​ដែរ។​

ក្រុម​កីឡាបាល់បោះ​កម្ពុជា​
ក្រុមនិមួយៗក្នុងពូល A B

ប្រភេទ​កីឡា​បាល់បោះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​ B​ ដែល​មាន​៥ប្រទេស​ចូលរួម​ ក្នុង​នោះ​មាន​ ដូច​ជា​ ឥណ្ឌូណេស៊ី​ កម្ពុជា​ ឡាវ​ សិង្ហបុរី​ និង​វៀតណាម​។ ពួកគេ​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដើម្បី​រក​ពីរ​ក្រុម​ឡើង​ទៅ​វគ្គ​ខ្វែង​រក​មេដាយ​។​ បើក​ឆាក​ថ្ងៃ​ស្អែក​នេះ​ កម្ពុជា​ ត្រូវ​ប៉ះ​ជា​មួយ​ប្រទេស​សិង្ហបុរី​៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ នួន ស៊ីណា​