តួរឿង Titanic និងតារាសម្ដែង Sandra Bullock បរិច្ចាគលុយខ្ទង់លានដុល្លារដល់ជនរងគ្រោះព្យុះ Harvey
- 2017-08-31 06:39:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង Titanic និងតារាសម្ដែង Sandra Bullock បរិច្ចាគលុយខ្ទង់លានដុល្លារដល់ជនរងគ្រោះព្យុះ Harvey
ចន្លោះមិនឃើញ
តារាសម្ដែងល្បីឈ្មោះ Leonardo DiCaprio ដែលយើងបានស្គាល់ដោយសម្ដែងជាតួអង្គ Jack ក្នុងរឿង Titanic នោះបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដ៏សន្ធឹកសន្ធាប់ដើម្បីជួយជនរងគ្រោះដោយព្យុះ Harvey ដ៏ធ្ងន់ធ្ងរនៅរដ្ឋ Texas សហរដ្ឋអាមេរិក។
តារារូបនេះបានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា មូលនិធិមនុស្សធម៌របស់លោកនឹងបរិច្ចាគទឹកប្រាក់១លានដុល្លារ ដល់ក្រុមមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះព្យុះ Harvey “United Way Harvey Recovery Fund” បង្កើតឡើងដើម្បីជាជំនួយថវិកានៅក្នុងរយៈពេលខ្លីនិងវែងសម្រាប់គ្រោះធម្មជាតិមួយនេះ។
នេះមិនមែនជាលើកទី១ទេ ដែលមូលនិធិមនុស្សធម៌របស់លោក Leonardo បរិច្ចាគទឹកប្រាក់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិនានា មូលនិធិនេះបានជួយជនរងគ្រោះដោយរលកយក្ស Tsunami ឆ្នាំ២០០៤, គ្រោះរញ្ជួយផែនដីនៅ Haiti និងខ្យល់ព្យុះ Sandy។
កាលពីថ្ងៃច័ន្ទ តារាវ័យ៤២ឆ្នាំរូបនេះក៏បានបង្ហោះសារលើបណ្ដាញសង្គម Twitter អំពាវនាវដល់អ្នកគាំទ្រខ្លួនចូលដៃចូលជើងបរិច្ចាគដល់កាកបាទក្រហមដើម្បីជួយជនរងគ្រោះ។
តែមិនមានតែលោកម្នាក់ទេដែលចូលរួមបរិច្ចាគ តារាសម្ដែងល្បីឈ្មោះ Sandra Bullock ក៏បានផ្ដល់ថវិកា ១លានដុល្លារដល់កាកបាទក្រហមផងដែរ។
នាងបាននិយាយប្រាប់ទស្សនាវដ្ដី People ថា៖ "ខ្ញុំពិតជារីករាយដែលខ្ញុំអាចជួយបាន។ យើងទាំងអស់គ្នាត្រូវតែចេះជួយគ្នាទៅវិញទៅមក"។
គិតត្រឹមពេលនេះព្យុះបានបណ្ដាលឲ្យមានទឹកជំនន់ធ្វើឲ្យមនុស្ស ៣ម៉ឺននាក់បាត់បង់ទីលំនៅ ព្រមទាំងមានមនុស្សស្លាប់៣៨នាក់ហើយ៕
អានអត្ថបទ៖