មិត្តប្រុសជួបគ្រោះថ្នាក់រន្ធត់ អាចពិការមួយជីវិត តែខាងស្រីស្រលាញ់ស្មោះ សុខចិត្តធ្វើបែបនេះ

  • 2017-09-30 08:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​មួយ​គូ នៅ​ក្នុង​ប្រទេស​ចិន បាន​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់គ្នា​ដឹង​ថា ស្នេហា​ពិត​មាន​ន័យ​យ៉ាង​ណា ហើយ​រឿងរ៉ាវ​របស់​ពួកគេ ពិត​ជា​ធ្វើ​ឲ្យ​យើង​រំជួលចិត្ត។

នាង Xiao Xia និង Xiao Geng

គូ​ស្នេហ៍​វ័យ​ក្មេង​ខាងលើ មាន​ឈ្មោះ​ថា Xiao Xia និង Xiao Geng ត្រូវ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ នៅ​ចុង​ឆ្នាំ​នេះ។ ជាអកុសល បុរស​ជា​សង្សារ​ឈ្មោះ Xiao Geng បាន​ជួប​ឧប្បត្តិហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា ដែល​បណ្ដាល​ឲ្យ​រូប​គេ រលាក​ខ្លួន​ប្រាណ ៩០ ភាគរយ។

Xiao Geng

បន្ទាប់​ពី​ទទួល​ការ​ព្យាបាល អស់​រយៈពេល ១២ ថ្ងៃ​រួចមក Xiao Geng ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន​វិញ។

បើ​ទោះ​បី​ជា​អាការ​របស់ Xiao Geng មាន​ស្ថេរ​ភាព​ក៏​ដោយ ប៉ុន្តែ​គ្រូពេទ្យ​បាន​ប្រាប់ នាង Xiao Xia ថា Xiao Geng នឹង​ខូច​ទ្រង់ទ្រាយ​មុខ​ជា​រៀង​រហូត ហើយ​ទទួលរង​ពិការភាព​ច្រើន​កន្លែង​ទៀត​ផង។ ដោយសារតែ​ការ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​របស់ Xiao Geng គ្រូពេទ្យ​បាន​ប៉ាន់​ប្រមាណ​ថា ថ្លៃ​ព្យាបាល​នឹង​មាន​តម្លៃ​ប្រហែល ១៥០ ០០០ ដុល្លារ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្គាល់​គ្នា​ជិតស្និទ្ធ​របស់ Xiao Xia ដែល​បាន​ដឹង​អំពី​ស្ថានភាព​របស់​គូស្នេហ៍​មួយ​គូ​នេះ បាន​ឲ្យ​នាង​ចាកចេញ​ពី Xiao Geng ដោយ​ប្រាប់​ថា «ឯង​នៅ​មាន​ផ្លូវ​ដើរ​វែងឆ្ងាយ​ទៀត​នៅ​ក្នុង​ជីវិត កុំ​យក​គេ​មក​ធ្វើ​ជា​បន្ទុក​របស់​ឯង»។

ទោះ​បី​ជា​យ៉ាង​ណា នារី​ដ៏​ក្លាហាន និង​ស្មោះ​ស្នេហ៍​រូប​នេះ មិន​ព្រម​បោះបង់​គូស្នេហ៍​នាង​ចោល​ឡើយ។ នាង Xiao Xia ថែម​ទាំង​និយាយ​ថា «នៅ​ពេល​គាត់​ក្រោក​ឡើង ខ្ញុំ​នឹង​សុំ​ឲ្យ​គាត់​រៀបការ​ជាមួយ​ខ្ញុំ! កាល​ពី​លើក​មុន គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ថែរក្សា​ខ្ញុំ ឥឡូវ​វា​ដល់​វេន​ខ្ញុំ​ដើម្បី​ធ្វើ​ដូច្នេះ​វិញ​ហើយ»។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ពួកគេ​បាន​ស្គាល់​គ្នា​តាំង​ពី​មាន​អាយុ ១៥ ឆ្នាំ​មក​ម្ល៉េះ។ Xiao Geng បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ នាង Xiao Xia ជាច្រើន​ឆ្នាំ ទម្រាំ​តែ​នាង​ព្រម​ទទួល នៅ​ពេល​ពួកគេ​មាន​អាយុ ២០ ឆ្នាំ។ បន្ទាប់មក ពួកគេ​ទាំង ២ នាក់ បាន​ទៅ​ធ្វើការ​នៅ​ខេត្ត Guangdong អស់​រយៈពេល ២ ឆ្នាំ និង​មាន​គម្រោង​រៀបការ​ទៀត​ផង នៅ​ពេល​ពួកគេ​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ចុង​ឆ្នាំ​នេះ។ ផ្ទុយទៅវិញ រឿង​អកុសល​ក៏​បាន​កើតឡើង​មុន៕

ចុច​អាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ សេង ឡុង