“Blade Runner 2049” ទទួលបានលេខ១លើ Box Office ទោះបីទទួលចំណូលតិចជាងគ្រោងទុក
- 2017-10-09 02:46:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Blade Runner 2049” ទទួលបានលេខ១លើ Box Office ទោះបីទទួលចំណូលតិចជាងគ្រោងទុក
ចន្លោះមិនឃើញ
ទោះបីជាមានការទន្ទឹងរងចាំយ៉ាងយូរ ក៏ដូចជាទទួលបានសរសើរពីសំណាក់អ្នកវិភាគរឿងក៏ដោយ ក៏រឿងប្រភេទវិទ្យាសាស្ត្របាញ់ប្រហារមួយនេះ មិនអាចរកចំណូលបានច្រើនដូចជាការគ្រោងទុកនោះឡើយ។
ក្នុងសប្ដាហ៍ដំបូង “Blade Runner 2049” រកចំណូលបាន ៣១,៥ លានដុល្លារក្នុងរយៈពេល ៣ ថ្ងៃដំបូង។ ចំនួននេះគឺជាចំនួនទឹកប្រាក់ ដែលតិចជាងការប៉ាន់ស្មាន ដោយបណ្ដាអ្នកស្នេហាវិស័យភាពយន្តជាច្រើនបានរំពឹងទុកថា រឿងនេះគឺជារឿងមួយដែលមានលទ្ធភាពដណ្ដើមដំណែងកំពូលដែលអាចរកចំណូលបានយ៉ាងច្រើនប្រចាំខែតុលានេះ។ ក៏ប៉ុន្តែភាពយន្តដែលចំណាយដើមទុនអស់ ១៥០ លានដុល្លារមួយនេះ បែរជាមិនសូវទទួលបានការគាំទ្រពីសំណាក់បណ្ដាអ្នកទៅមើលកុនទៅវិញ។ ចំណុចតែមួយគត់ដែលគេសន្មតពីមួលហេតុនេះគឺដោយសារតែ មនុស្សភាគច្រើនគិតថាសាច់រឿង "Blade Runner 2049” អាចមានរយៈពេលយូរពេកធ្វើឲ្យធុញ ដូច្នេះហើយទាល់តែអ្នកពេញចិត្តភាពយន្តនេះខ្លាំងទើបសម្រេចចិត្តទៅមើល។
លំដាប់លេខ ២ គឺបានទៅលើភាពយន្តរបស់តារាសម្ដែង Kate Winslet “The Mountain Between Us” ដែលរកចំណូលបាន ១០,១លានដុល្លារក្នុងរយៈពេលតែបីថ្ងៃដំបូង។ ទោះបីជាមានការនិយាយមិនល្អពីរឿងនេះខ្លះៗក៏ដោយ ក៏ "The Mountain Between Us” នៅតែមានលទ្ធភាពអាចរកចំណូលក្នុងចំនួនដែលបានរំពឹងទុកមួយ ដោយចំណាយដើមទុកថតអស់តែ ៣៥លានដុល្លារតែប៉ុណ្ណោះ។
“It” នៅតែខ្លាំងនិងអាចឈរចំណាត់ថ្នាក់លេខ ៣ សប្ដាហ៍នេះចំពោះចំណូល ៩,៦លានដុល្លារ។ គិតត្រឹមពេលនេះ "It” រកចំណូលបាន ៣០៤,៩លានដុល្លារហើយ ដែលធ្វើឲ្យរឿងនេះក្លាយជារឿងបែបរន្ធត់រកចំណូលបានច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ។
ចំណាត់លេខ ៤ ក៏បានទៅលើរឿងចំណូលថ្មីដែរគឺរឿង "My Little Pony: The Movie” រកចំណូលបាន ៨,៨លានដុល្លារក្នុងរយៈពេលបីថ្ងៃដំបូង។ ចំណែកឯ "Kingsman: The Golden Circle” ទទួលបានចំណាត់ថ្នាក់លេខ ៥ សម្រាប់ប្រាក់ចំណូល ៨,១លានដុល្លារដែលនេះជាសប្ដាហ៍ទី ៣។ ចំណូលសរុបចំពោះរឿងនេះគឺតែ ៧៩,៩លានដុល្លារតែប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ប៉ុន្តែរកចំណូលបានដល់ទៅ ២២០,៥លានដុល្លារឯណោះទូទាំងពិភពលោក។
“American Made” រកចំណូលបាន ៨លានដុល្លារទទួលបានចំណាត់លេខ ៦ ធ្វើឲ្យរឿង "The LEGO Ninjago Movie” ទទួលបានចំណាត់ថ្នាក់លេខ ៧ ជាមួយទឹកប្រាក់ ៦,៧លានដុល្លារ។
ភាពយន្ដបែបប្រវត្តិសាស្ត្រ "Victoria and Abdul” មានលទ្ធភាពរកចំណូលបាន ៤,១លានដុល្លារទទួលបានចំណាត់ថ្នាក់លេខ ៨។
“Flatliners” ជាភាពយន្តដែលបរាជ័យខ្លាំងនោះគឺរកចំណូលបានតែ ៣,៨លានដុល្លារតែប៉ុណ្ណោះក្នុងសប្ដាហ៍ទី ២ នេះធ្វើឲ្យរឿងនេះជាប់ចំណាត់ថ្នាក់លេខ ៩ លើ Box Office ដែលធ្វើឲ្យ "Battle of the Sexes” ជាប់ចំណាត់ថ្នាក់លេខ ១០ ជាមួយទឹកប្រាក់ ២,៤លានដុល្លារ៕
បណ្ដា Trailer ភាពយន្ដចំណូលថ្មី៖
អានអត្ថបទ៖
Kingsman: The Golden Circle ដណ្ដើមបានតំណែងលេខ១ Box Office សប្ដាហ៍ថ្មី!
ត្រឹម៣ថ្ងៃ រឿងឈរលើតារាង Box Office លេខ១សប្ដាហ៍នេះ រកចំណូលបានខ្ទង់រយលានដុល្លារ
ចំណាត់ថ្នាក់ភាពយន្តរកចំណូលបានច្រើនជាងគេសប្ដាហ៍ដំបូង ខែតុលា