ត្រាំ ជ្រើសរើស​ក្រុមហ៊ុនចំនួន ៦ ឲ្យ​សង់​ជញ្ជាំងព្រំដែន មើល​ទៅមិនធម្មតាមែន

  • 2017-10-09 07:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​ទី ២៦ កញ្ញា ២០១៧ សំណង់​ជញ្ជាំង​ព្រំដែន​អាមេរិក​-ម៉ិកស៊ីកូ​ របស់​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​ដែល​បាន​សន្យា​កាល​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត បាន​ដំណើរ​ការ​យ៉ាង​គគ្រឹកគគ្រេង​ហើយ​សម្រាប់​ជញ្ជាំង​​គំរូ ឬ​ជញ្ជាំង​មេ​ចំនួន ៨​កន្លែង។

ភ្នាក់ងារ​កិច្ចការពារ​ព្រំ​ដែន និង​គយ​អាមេរិក (CBP) បាន​ជ្រើស​រើស​យក​ក្រុម​ហ៊ុន​ចំនួន ៦ ក្នុង​បេសកកម្ម​សង់​ជញ្ជាំង​នេះ​ជា​មួយ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ទោះ​បី​ជា​ការ​សាងសង់​​ដំណើរ​ការ​ទៅ​មុខ​ ប៉ុន្តែ​ ដូណាល់ ត្រាំ បាន​ជួប​ឧបសគ្គ​ជា​ច្រើន រួម​បញ្ចូល​ទាំង​ការ​បដិសេធ​សំណើ​ទឹក​ប្រាក់​​ពី​ព្រឹទ្ធសភា​​​ចំនួន ១,៦​ពាន់​លាន​ដុល្លារ​ផង​។

ជញ្ជាំង​នី​មួយ​ៗ​មាន​កម្ពស់​ចាប់​ពី ៥,៤​ ដល់ ៩​ម៉ែត្រ​ ទៅ​តាម​​កន្លែង​ផ្សេង​ៗ​។ ​ចំពោះ​ទំហំ​​ទឹក​ប្រាក់​លើ​ជញ្ជាំង​គំរូ​ទាំង ៨​កន្លែង ​នេះ​នឹង​​ត្រូវ​​ចំណាយ​ចន្លោះ​ពី ២,៤ ទៅ ៤​លាន​ដុល្លារ។

គម្រោង​​ជញ្ជាំង​ព្រំ​ដែន​ខាង​លើ ធ្លាប់​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​​ អាច​នឹង​​ចំណាយ​រហូត​ដល់ ២១,៦​ពាន់​លាន​ដុល្លារ និង​ប្រើ​រយៈ​ពេល​​យ៉ាង​ហោច ៣​ឆ្នាំ​កន្លះ តែ​ត្រាំ ​ធ្លាប់​បង្ហើប​អំឡុង​ពេល​ឃោសនា​ថា នឹង​ចំណាយ​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ។

គួរ​បញ្ជាក់​ថា ការ​សង់​ជញ្ជាំង​ គឺ​ដើម្បី​ទប់​ទល់​លំហូរ​អន្តោប្រវេសន្ត​ខុស​ច្បាប់​ពី​ប្រទេស​ម៉ិកស៊ីកូ ចូល​ទឹក​​ដី​អាមេរិក។ ប៉ុន្តែ ​អ្នក​ខ្លះ​យល់​ឃើញ​ថា ជញ្ជាំង​​​មិន​អាច​រារាំង​​មនុស្ស​​​អត់​ឃ្លាន​បាន​ទេ​។ ភាព​មាន​ការងារ​ល្អ សេដ្ឋកិច្ច​លូតលាស់​ និង​សមភាព​​នៅ​ម៉ិកស៊ីកូ​​ទៅ​វិញ​ទេ​​ ទើប​​អាច​រារាំង​​អន្តោប្រវេសន៍​​មក​​តាម​ព្រំ​ដែន​បាន៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ