ធ្វើដំណើរទៅក្រៅប្រទេសលែងភ័យ បើស្គាល់ក្រុមហ៊ុនតាក់ស៊ីទាំងនេះ
- 2017-10-13 04:02:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើដំណើរទៅក្រៅប្រទេសលែងភ័យ បើស្គាល់ក្រុមហ៊ុនតាក់ស៊ីទាំងនេះ
ចន្លោះមិនឃើញ
Uber ជាក្រុមហ៊ុនផ្ដល់សេវារថយន្តតាក់ស៊ីទំនើបដ៏ល្បីឈ្មោះ មានដើមកំណើតចេញពីទឹកដីសហរដ្ឋអាមេរិក។ កន្លងទៅក្រុមហ៊ុនមួយនេះ បានពង្រីកសេវាតាក់ស៊ីធ្វើដំណើរដល់ ៦៧ ប្រទេស និង ៧៨ ទីក្រុងទូទាំងតំបន់អាស៊ីប៉ាស៉ីហ្វីកដូចជា ឥណ្ឌា ចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ជប៉ុន កូរ៉េ អូស្រ្តាលី នូវេលហ្សេឡង់ រួមទាំងតំបន់អាស៊ីអាគ្នេយ៍មានវៀតណាម, ថៃ, ម៉ាឡេស៊ី, ហ្វីលីពិន, ឥណ្ឌូណេស៊ី និងថ្មីៗនេះទើបចាប់ផ្តើមប្រតិបត្តិជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។
ថ្ងៃនេះ Sabay ណែនាំឲ្យស្គាល់ក្រុមហ៊ុនដែលផ្តល់សេវាដឹកជញ្ជូនកំពូលទាំង ១២ ផ្សេងទៀត ដែលមានមូលដ្ឋាននៅតាមបណ្ដាប្រទេសធំៗជុំវិញពិភពលោក សម្រាប់ភ្ញៀវទេសចរស្វែងរកសម្រាប់ការជិះធ្វើដំណើរកម្សាន្តទៅណាមកណា។
១.Lyft
Lyft ជាគូប្រជែងដ៏ខ្លាំងមួយរបស់ Uber ក្នុងទឹកដីអាមេរិក។ ក្រុមហ៊ុននេះក្ដោបក្ដាប់បានលើសពី ៦០ ទីក្រុងនៅអាមេរិក ហើយការផ្ដល់សេវាកម្មមិនចាញ់ Uber ប៉ុន្មានឡើយ។ ចំណុចល្អម្យ៉ាងរបស់ Lyft រាល់អ្នកបើកបររថយន្តទាំងអស់ សុទ្ធសឹងតែតម្រូវឲ្យមានប័ណ្ណបើកបរ, ការត្រួតពិនិត្យ DMV និងជីវប្រវត្តិជុំវិញអំពើឧក្រិដ្ឋកម្មផ្សេងៗ។
ផ្អែកតាមការសិក្សាចេញពី Zebra Magazine បានរកឃើញថា ជាមធ្យមការចំណាយពេលរង់ចាំជាមធ្យមនៃសេវាកម្ម Lyft តិចជាង ៦ វិនាទី ធៀបនឹង Uber។ បញ្ជាក់ថា Lyft មានសេវាកម្ម ៣ ប្រភេទ មួយគឺ Lyft ធម្មតា, Lyft Plus និង Lyft Line ខណៈ Lyft Plus ជាកញ្ចប់អនុញ្ញាតឲ្យអ្នកធ្វើដំណើរម្នាក់ឯង ឬជាក្រុម ៦ នាក់។ បច្ចុប្បន្នអ្នកដំណើរអាចទាញយកកម្មវិធី Lyft ទាំងនៅលើប្រព័ន្ធ Android និង iOS។
ប្រទេសប្រតិបត្តិការ៖ អាមេរិក (៦០ ទីក្រុង)
២.Hailo
Hailo ជាក្រុមហ៊ុនសេវាតាក់ស៊ីលំដាប់ទី ១ ក្នុងចក្រភពអង់គ្លេសល្បីដូច Uber នៅអាមេរិកដែរ។ សព្វថ្ងៃ Hailo ក្ដោបក្ដាប់លើទីក្រុងធំៗចំនួន ៨ ក្នុង ៥ ប្រទេសផ្សេងគ្នា។
Hailo មានផ្ដល់សេវាទូទាត់តាមរយៈកម្មវិធី Electronic Pay និងមុខងារជាច្រើនទៀតដូចជា Hailo Hub, Hailo for Business ដោយគាំទ្រទាំងលើប្រព័ន្ធ iOS, Android និង Apple Watch។
ប្រទេសប្រតិបត្តិការ៖ អង់គ្លេស, អៀរឡង់, អេស្ប៉ាញ, សិង្ហបុរី និងជប៉ុន
៣.Ola Cabs
Ola Cabs ជាក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីទំនើបលំដាប់ទី ១ ក្នុងប្រទេសឥណ្ឌា ហើយក្ដោបក្ដាប់ ៨០ ទីក្រុងសម្រាប់ទីផ្សារក្នុងស្រុក។ និយាយពីតម្លៃ ក្រុមហ៊ុនផ្ដល់សេវាកម្មថោកជាងក្រុមហ៊ុនប្រជែងផ្សេងទៀតក្នុងប្រទេសឥណ្ឌា។
រាល់អ្នកបើកបរមានការឆ្លងកាត់ត្រួតពិនិត្យ ទាំងសុខភាពនិងអនាម័យ ដើម្បីផ្ដល់ទំនុកចិត្តនិងផាសុកភាពដល់អ្នកដំណើរ។ Ola Cabs គាំទ្រទាំងលើប្រព័ន្ធ Windows Phone, Android និង iOS។
ប្រទេសប្រតិបត្តិការ៖ ឥណ្ឌា (១០០ ទីក្រុង)
៤.Grab Taxi
ជាក្រុមហ៊ុនតាក់ស៊ីមានមូលដ្ឋានមកពីតំបន់អាស៊ីអាគ្នេយ៍ ដែលមានការទទួលស្គាល់ពីពលរដ្ឋនៅក្នុងតំបន់។
កម្មវិធី Grab ទទួលបានការចុចទាញយកដល់ ៣.៨ លានដង ដែលនេះជាចំណុចវិជ្ជមានដ៏ធំមួយ។ មានអ្នកបើកបរសរុប ៧៥ ០០០ នាក់ ផ្តក់សេវាកម្មនៅ ២១ ទីក្រុងក្នុង ៦ ប្រទេសផ្សេងគ្នា។ Grab Taxi ធ្លាប់ទទួលបានពានរង្វាន់ Frost & Sullivan Best Travel App of 2013 សម្រាប់ការផ្ដល់ភាពកក់ក្ដៅសម្រាប់ការធ្វើដំណើរដល់អតិថិជន។
ប្រទេសប្រតិបត្តិការ៖ ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពិន។
៥.Easy Taxi
ដំណើរការនៅ ៣០ ប្រទេស និង ៤២០ ទីក្រុងនៅទូទាំងពិភពលោក Easy Taxi មានអតិថិជនជាង ១៧ លាននាក់ និងអ្នកបើកបរជាង ៤០ ម៉ឺននាក់។ អ្នកដំណើរអាចធ្វើការកក់រថយន្តតាក់ស៊ីបានយ៉ាងលឿន និងដឹងពីថេរវេលាទៅដល់គោលដៅ។ អ្វីដែលពិសេសករណីបើអ្នកភ្ជាប់កម្មវិធីនេះ ទៅកាន់ Facebook ក៏មានឱកាសទទួលបានគូប៉ុងនិងរង្វាន់ជាច្រើនពីក្រុមហ៊ុន។
ប្រទេសប្រតិបត្តិការ៖ ៣០ ប្រទេស ( ៤០០ ទីក្រុង)
៦.Didi Dache
ច្រើនគេហៅក្រុមហ៊ុននេះថាជា Uber នៅស្រុកចិន ខណៈ Didi Dache មានអ្នកប្រើជាង ១០០ លាននាក់នៅ ៣០០ ទីក្រុងជុំវិញប្រទេសចិន។ ក្រុមហ៊ុនធ្លាប់បំបែកកំណត់ត្រាទទួលអតិថិជន ៣ លាននាក់ក្នុងមួយថ្ងៃ។
យ៉ាងណាតម្លៃសេវាកម្មរបស់ Didi Dache រាងថ្លៃជាង Uber នៅអាមេរិកបន្តិច។
ប្រទេសប្រតិបត្តិការ៖ ចិន (៣០០ ទីក្រុង)
៧.Gett
ជាក្រុមហ៊ុនមកក្រោយ Uber ប៉ុន្តែ Gett បានព្យាយាមជ្រៀតខ្លួនចូលទីផ្សាររថយន្តតាក់ស៊ី តាមរយៈការបញ្ចុះតម្លៃដល់ ២៥ ភាគរយ រាល់ការធ្វើដំណើរក្នុងទីក្រុង New York និងចំណាយត្រឹមតែ ១០ ដុល្លារ សម្រាប់ការធ្វើដំណើរតាមតំបន់ពិសេសមួយចំនួន។
ប្រទេសប្រតិបត្តិការ៖ អាមេរិក, អ៉ីស្រាអែល, អង់គ្លេស និងរុស្សី
៨.LeCab
Uber ត្រូវបានហាមមិនឲ្យបើកដំណើរការក្នុងប្រទេសបារាំង ជាឱកាសល្អដែល LeCab ត្រូវក្ដោបក្ដាប់ទីផ្សារបានយ៉ាងទូលំទូលាយ។ បម្រើអតិថិជនជាង ៧ ម៉ឺននាក់ប្រចាំថ្ងៃ LeCab ត្រូវបានជាប់ឈ្មោះជា Uber ក្នុងប្រទេសបារាំង។
ក្រៅពីការបម្រើសេវាតាក់ស៊ី ក្រុមហ៊ុនមានសេវាកម្ម LeCab Fly ដែលអនុញ្ញាតឲ្យអតិថិជនធ្វើការហោះហើរទៅកាន់គោលដៅណាមួយ ជាលក្ខណៈឯកជន។ ក្រុមហ៊ុនបានប្រើប្រាស់រថយន្ត Peugeot 508 ផលិតនៅបារាំង ជារថយន្តស្តង់ដាសម្រាប់ប្រើសម្រាប់ដឹកជញ្ជូនរបស់ខ្លួន។
LeCab មានចំណុចពិសេសបើអ្នកដំណើរចង់លុបចោលការកក់ គ្រាន់តែក្រឡុក (Shake) ទូរសព្ទ ដើម្បីមកកាន់ទំព័រព័ត៌មានដើមវិញ។ ការធ្វើដំណើរទៅដល់ទិសដៅអតិថិជន ធានាចំណាយពេលត្រឹមតែ ៧ នាទីប៉ុណ្ណោះ។
ប្រទេសប្រតិបត្តិការ៖ បារាំង (ប៉ារីស)
៩.Cabify
Cabify គាំទ្រទាំងលើប្រព័ន្ធ Andorid និង iOS។ អ្នកអាចធ្វើការបង្កើតគណនីច្រើនក្នុងកម្មវិធីតែមួយបាន គួបផ្សំមុខងារកក់សម្រាប់នរណាម្នាក់ ជាមួយនឹងតម្លៃថោកសមរម្យ។ ក្រៅពីនោះក៏មានមុខងារពិនិត្យមើលការធ្វើដំណើររបស់អ្នក, វាស់ស្ទង់តម្លៃ, ចម្ងាយនៃការធ្វើដំណើរ និងជម្រើសនៃការទូទាត់ច្រើនបែប។
ប្រទេសប្រតិបត្តិការ៖ អេស្ប៉ាញ, ឈីលី, ប៉េរូ, ម៉ិកសិក, កូឡំប៊ី
១០.Bitaksi
ជាក្រុមហ៊ុនតាក់ស៊ីល្បីបំផុតនៅទីក្រុងអ៊ីស្តាន់ប៊ុលប្រទេសតួគី។ ក្រុមហ៊ុនមានអ្នកប្រើប្រមាណ ២០ ម៉ឺននាក់ និងមានអ្នកបើកបរជាង ៣៤ ០០០ នាក់។
Bittaksi ផ្ដល់នូវមុខងារពិសេស Traffic en route ដែលអាចឲ្យអ្នកដំណើរមើលឃើញពីចរាចរណ៍លើដងវិថី ដើម្បីពង្រឹងភាពទុកចិត្តនិងសេវាកម្មកាន់តែប្រសើរ។ រាល់អ្នកបើកបរទាំងអស់ សុទ្ធសឹងតែមានប័ណ្ណបើកបរ ហើយស្វាគមន៍ក្នុងការផ្ដល់យោបល់និងដាក់ពិន្ទុពីអតិថិជន។
ប្រទេសប្រតិបត្តិការ៖ តួគី (អ៊ីស្តាន់ប៊ុល)
១១.goCatch
ជាក្រុមហ៊ុនលំដាប់កំពូលមួយរបស់ប្រទេសអូស្ត្រាលី ដោយផ្ដល់នូវមុខងារពិសេសម្យ៉ាង បើអ្នកទូទាត់ថ្លៃសេវាកម្មតាមរយៈ Credit Card វានឹងកាត់តែ ៥ ភាគរយប៉ុណ្ណោះ ខុសពីការទូទាត់តាមស្តង់ដារធម្មតាកាត់ដល់ ១០ ភាគរយ។
អ្នកដំណើរអាចត្រួតពិនិត្យព័ត៌មានលំអិតរបស់អ្នកបើកបរតាមរយៈ Photo ID និងការឆែក ABN ដើម្បីផ្ដល់ទំនុកចិត្តខ្ពស់លើសុវត្ថិភាពនៃការធ្វើដំណើរ។ ក្ដោបក្ដាប់លើវិស័យរថយន្តតាក់ស៊ីប្រមាណ ៤០ ភាគរយក្នុងស្រុក goCatch មានអតិថិជនជាង ៣០ ម៉ឺននាក់ និងអ្នកបើកបរប្រមាណ ៣ ម៉ឺននាក់។
ប្រទេសប្រតិបត្តិការ៖ អូស្រ្តាលី
១២.Ingogo
Ingogo ជាក្រុមហ៊ុនតាក់ស៊ីដ៏ល្បីមួយទៀតរបស់អូស្ត្រាលី ដោយអនុញ្ញាតឲ្យអតិថិជនអាចកក់ទុកជាមុនរយៈពេល ៤៨ ម៉ោង។ នៅពេលជិះធ្វើដំណើរ អតិថិជនអាចត្រួតពិនិត្យការធ្វើដំណើរបានទៀតផង។ ក្រៅពីតម្លៃសេវាកម្មថោកសមរម្យ ក្រុមហ៊ុននេះផ្ដល់នូវសុវត្ថិភាពនិងទំនុកចិត្តជាចម្បង។ សព្វថ្ងៃមានដំណើរការនៅទីក្រុង ស៊ីដនី, ម៉ែលប៊ន និងប្រីសបេន។
ប្រទេសប្រតិបត្តិការ៖ អូស្រ្តាលី
អានអត្ថបទបន្ទាប់