Sterling ថា​ខ្លួន​ មិន​ដែល​គិត​​ចង់​ចាក​ចេញ​​​ពី Man City ទៅ​​លេង​ឲ្យ​ Arsenal

  • 2017-10-17 11:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន​ Raheem Sterling កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា​ខ្លួន​មិន​បាន​គិត​សូម្បី​តែ​មួយ​នាទី អំពី​ពាក្យ​ច​ចាម​អារាម​ដែល​ថា​ខ្លួន​នឹង​ចាក​ចេញ​ពី​ក្លឹប Manchester City ដើម្បី​ទៅ​ចូល​រួម​ជាមួយ Arsenal កាល​ពី​អំឡុង​ពេល​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ដែល​ទើប​នឹង​បិទ​បញ្ចប់​ខែ​មុន​នេះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន Champions League ពេល​សួរ​ថា​ខ្លួន​មាន​បាន​និយាយ​ជាមួយ លោក​Pep Guardiola ពេល​លឺ​ពាក្យ​ច​ចាម​អារាម​ទាក់​ទង​នឹង​ក្លឹប​ Arsenal ឬ​អត់ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Sterling បាន​ឆ្លើយ​ទៅ​វិញ​ថា៖ "ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ជាមួយ​គាត់​ (Pep) អំពី​រឿង​ហ្នឹង​ទេ ដោយ​សារ​តែ​ខ្ញុំ​បាន​និយាយ​យ៉ាង​ច្បាស់​ហើយ​ជាមួយ​គាត់​ហើយ តាំង​ពី​​រដូវ​កាល​ថ្មី​មិន​ទាន់​បាន​ចាប់​ផ្ដើម​ម្ល៉េះ"។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​មិន​បាន​គិត​អ្វី​ច្រើន​ទេ​អំពី​ពាក្យ​ច​ចាម​អារាម​មួយ​នេះ ពី​ព្រោះ​ពាក្យ​ទាំង​នេះ​មិន​មែន Pep ជា​អ្នក​និយាយ អ៊ីចឹង​ទាល់​តែ​ Pep និយាយ​អំពី​រឿង​ហ្នឹង​ទើប​ខ្ញុំ​ជឿ"។ Sterling បាន​បញ្ជាក់​ទៀត​ថា Pep គឺ​ជា​មនុស្ស​ស្មោះ​ត្រង់ ខ្ញុំ​ដឹង​ថា​គាត់​នឹង​និយាយ​ជាមួយ​ខ្ញុំ​អំពី​រឿង​ហ្នឹង​ បើ​សិន​ជា​វា​ជា​រឿង​ពិត​មែន អ៊ីចឹង​ហើយ ទើប​ខ្ញុំ​មិន​បាន​គិត​ខ្វល់​ខ្វាយ​សូម្បី​តែ​មួយ​នាទី​ទាក់​ទង​នឹង​ពាក្យ​ច​ចាម​មួយ​នេះ"។

ពាក្យ​ច​ចាម​អារាម និង​របាយការណ៍​ជា​ច្រើន ចុះ​ផ្សាយ​កាល​ពី​អំឡុង​រដូវ​កាល​ដោះ​ដូរ​កីឡាករថា Manchester City នឹង​ធ្វើ​ការ​ផ្ទេរ​ Sterling ទៅ​ឲ្យ Arsenal ជា​ថ្នូរ​នឹង​ការ​បាន​ខ្សែ​ប្រយុទ្ធ Alexis Sanchez ពី​ក្លឹប​យក្ស​ឡុងដុង​មួយ​នេះ​ត្រលប់​មក​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​អំឡុង​ពេល​នោះ អ្នក​ចាត់​ការ Manchester City លោក Pep Guardiola បាន​ច្រាន​ចោល​ពាក្យ​ច​ចាម​អារាម​មួយ​នេះ ដោយ​ថា​វា​មិន​អាច​ទៅ​រួច៕

ចុចអាន​៖

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី