សង្វៀនប្រយុទ្ធស្លាប់រស់រវាង​ជ្រូកព្រៃ និងឆ្កែស្រុក​នៅឥណ្ឌូនេស៊ី អ្នក​ឈ្នះបាន​ខ្ទង់ពាន់​ដុល្លារ

  • 2017-10-18 09:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​មួយ​នៅ​ឥណ្ឌូនេស៊ី ​បាន​រៀបចំ​កម្មវិធី​ប្រយុទ្ធ​ស្លាប់​រស់​រវាង​សត្វ​ជ្រូក​ព្រៃ និង​ឆ្កែ​ស្រុក​ក្នុង​សង្វៀន​ឫស្សី​​ដ៏ធំ​​ដោយ​មាន​មនុស្ស​រាប់​រយ​​នាក់​ចោម​​រោម​មើល និង​ហ៊ោ​កញ្ជ្រៀវ​ទ្រហឹង​អឺងកង។

​ប្រពៃណី​បង្ហូរ​ឈាម​​សត្វ​នេះ​មាន​​ឈ្មោះ Adu Bagong ​តែង​តែ​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​ភូមិ​ដាច់​ស្រយាល ក្នុង​ខេត្ត West Java ដោយ​មាន​ឆ្កែ​មួយ​ក្បាល និង​ជ្រូក​ព្រៃ​មួយ​ក្បាល​ដាក់​ឲ្យ​ខាំ​គ្នា​ក្នុង​សង្វៀន​ទំហំ ១៥​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ។

​អ្នក​ចូល​រួម​ក្មេង​ចាស់​ប្រុស​ស្រី​ បាន​ចោម​រោម​មើល​​ដូច​គេ​ប្រកួត​កីឡា និង​ស្រែក​ហ៊ោ​ពេល​សត្វ​ម្ខាង​ខាំ ឬ​ឈ្មុស​ត្រូវ។ ប្រពៃណី​នេះ ត្រូវ​បាន​អ្នក​ស្រុក​អនុវត្ត​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ប្រហែល​នៅ​ឆ្នាំ ១៩៦០។ ​

ពិធី​ផ្ដើម​ឡើង​ដំបូង​ គឺ​នៅ​ពេល​អ្នក​ស្រុក​អ្នក​ភូមិ​បាន​ព្យាយាម​​ការ​ពារ​ចម្ការ​ពួក​គេ​មិន​ឲ្យ​ជ្រូក​ព្រៃ​បំផ្លាញ រួច​ក៏​បង្វឹក​​សត្វ​ឆ្កែ​ឲ្យ​ចេះ​ប្រមាញ់​ជ្រូក​ជ្រៃ​តែម្ដង ហើយ​ទម្លាប់​នេះ​ក៏​បាន​ធ្វើ​ត​ៗ​គ្នា រហូត​មាន​ការ​ចាក់​ភ្នាល់​ទៀត​ផង។

ការ​ប្រកួត​តែង​តែ​ធ្វើ​​ឡើង​​រៀង​រាល់​ចុង​សប្ដាហ៍​នៅ​តាម​ភូមិ​ផ្សេង​ៗ ​ហើយ​សត្វ​ទាំង​ពីរ​ត្រូវ​បង្ខំ​ឲ្យ​ប្រយុទ្ធ​គ្នា​រហូត​ម្ខាង​របួស ឬ​ស្លាប់។ ដើម្បី​ចូល​រួម​ប្រកួត​ម្ចាស់​ឆ្កែ​ត្រូវ​បង់​ប្រាក់​​យ៉ាង​តិច​ ១៤ ដល់ ១៥០​ដុល្លារ ហើយ​ឆ្កែ​ត្រូវ​បែង​ចែក​ជា ៣​ប្រភេទ​ទៅ​តាម​ពូជ ទម្ងន់ ហើយ​អ្នក​ឈ្នះ​នឹង​ទទួល​រង្វាន់​ប្រមាណ ២​ពាន់​ដុល្លារ។

ទោះ​យ៉ាង​ណា សកម្ម​ជន​ការពារ​សិទ្ធិ​សត្វ​ឥណ្ឌូនេស៊ី​ បាន​ចាត់​ទុក​ពិធី​នេះ​ជា ឧក្រិដ្ឋកម្ម​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចុះ​អន្តរាគមន៍​បញ្ឈប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ឡេង ភារុណ