មកស្គាល់កំពូលស្រ្តីទាំង៥ មានឥទ្ធិពលបំផុតលើពិភពលោក

  • 2017-10-19 03:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ដែល​បាន​ចូល​រួម​ចំណែក​កិច្ចការ​ច្រើន គឺ​ពិត​ជា​មាន​ន័យ​ណាស់​ចំពោះ​ពិភពលោក។ បច្ចុប្បន្ន​នេះ ស្រ្តី​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញ​ថា ស្រ្តី​ពិត​ជា​មាន​សមត្ថភាព និង​ឱកាស​ស្មើ​គ្នា មិន​ចាញ់​បុរស​ឡើយ ដោយ​ការ​ចូល​រួម​នៅ​ក្នុង​សកម្មភាព ក៏​ដូច​ជា​ការងារ​ជាច្រើន ហើយ​ថែម​ទាំង​មាន​ភាព​សកម្ម​ទៀត​ផង។

នៅ​ក្នុង​ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ស្គាល់​នូវ​ស្រ្តី​ដែល​រឹងមាំ ឆ្លាត និង មាន​ឥទ្ធិពល​បំផុត ទាំង ៥ នៅ​លើ​ពិភពលោក។

#៥ លោកស្រី Mary Teresa Barra

លោកស្រី Mary Teresa Barra បាន​កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ១៩៦១ បច្ចុប្បន្ន​មាន​អាយុ ៥៥ឆ្នាំ។ លោកស្រី​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​វិស្វកម្ម​អេឡិចត្រូនិក ពី​សកលវិទ្យាល័យ Kettering University។ ជាមួយ​គ្នា​នេះ លោកស្រី​ក៏​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជកម្ម ផ្នែក​ធុរកិច្ច​រដ្ឋបាល ពី​សាលា Graduate School of Business នៃ​សកលវិទ្យាល័យ Stanford University ផង​ដែរ។

លោក​ស្រី​គឺ​ជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន General Motors ចាប់​តាំង​ពី​ឆ្នាំ២០១៤ ពោល​គឺ​ជា​ស្រ្តី​ដំបូង​បង្អស់ ដែល​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​បំផុត​មួយ នៅ​លើ​ពិភពលោក។ លោកស្រី Mary ក៏​ធ្លាប់​ជា​អនុប្រធាន​ផ្នែក​នៅ​ឯ​ក្រុមហ៊ុន General Motors ផង​ដែរ មុន​ពេល​ក្លាយ​ខ្លួន​ជា​នាយក​ប្រតិបត្តិ នៅ​ក្នុង​ឆ្នាំ២០១៣។

កាល​ពី​ឆ្នាំ២០១៦ លោកស្រី​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៥ ជា​ស្រ្តី​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ជ្រើសរើស​ដោយ​ទស្សនាវដ្តី Forbes។

#៤ លោកស្រី Melinda Gates

លោកស្រី​មាន​ឈ្មោះ​ដើម​ថា Melinda Ann បាន​កើត​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ១៩៦៤ បច្ចុប្បន្ន​មាន​អាយុ ៥៣ឆ្នាំ។ លោកស្រី Melinda គឺ​ជា​ប្រពន្ធ​របស់​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​មហាសេដ្ឋី​បច្ចេកវិទ្យា គឺ លោក Bill Gates។ លោកស្រី​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន Microsoft ដែល​មាន​មុខ​តំណែង​ជា​អ្នក​គ្រប់គ្រង​គម្រោង Microsoft Bob, Encarta និង Expedia។

លោកស្រី Melinda បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ពី​សកលវិទ្យាល័យ University of Duke។ ខណៈ​ពេល​កំពុង​សិក្ស​នៅ​សកលវិទ្យាល័យ លោក​ស្រី​ធ្លាប់​ធ្វើ​ជា​សមាជិក​នៃ​សមាគម​ស្ត្រី Kappa Alpha Theta។

លោកស្រី​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៤ ជា​ស្រ្តី​ដែល​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ជ្រើសរើស​ដោយ​ទស្សនាវដ្ដី Forbes។ ទ្រព្យសម្បត្តិ​របស់​លោកស្រី សរុប​ប្រមាណ ៧០ពាន់​លាន​ដុល្លារ។

#៣ លោកស្រី Janet Louise Yellen

លោកស្រី Janet Louise Yellen គឺ​ជា​អ្នក​សេដ្ឋកិច្ចវិទូ​អាមេរិក និង​ជា​ស្រ្តី​មាន​ឥទ្ធិពល​បំផុត​ទី៣ នៅ​លើ​ពិភពលោក។ លោកស្រី​បាន​កើត​នៅ​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ១៩៤៦ បច្ចុប្បន្ន​មាន​អាយុ ៧១ឆ្នាំ។ លោកស្រី​បាន​ចូល​រៀន​នៅ​ឯ​មហាវិទ្យាល័យ Pembroke College នៃ​សកលវិទ្យាល័យ Brown University ដោយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច នៅឆ្នាំ១៩៦៧។ លោកស្រី Janet ក៏​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​សេដ្ឋកិច្ច ពី​សកលវិទ្យាល័យ University of Yale នៅ​ក្នុង​ឆ្នាំ១៩៧១ ផង​ដែរ។

លោកស្រី​គឺ​ជា​ប្រធាន​ធនាគារ Federal Reserve System និង​ជា​អគ្គនាយករង​នៃ​ធនាគារ Reserve Bank នៅ​ទីក្រុង San Francisco ទៀត​ផង។ លោកស្រី Janet ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ជា​ផ្លូវការ ឲ្យ​ធ្វើ​ជា​ប្រធាន​ធនាគារ​នៃ​សហរដ្ឋអាមេរិក Federal Reserve កាល​ពី​ឆ្នាំ២០១៤។ ទ្រព្យសម្បត្តិ​របស់​លោកស្រី សរុប​ប្រមាណ ១៣លាន​ដុល្លារ។

#២ លោកស្រី Hillary Clinton

លោកស្រី Hillary Diane Rodham Clinton បាន​កើត​នៅ​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ១៩៤៧ បច្ចុប្បន្ន​មាន​អាយុ ៦៩ឆ្នាំ។ លោកស្រី​គឺ​ជា​អ្នក​នយោបាយ​អាមេរិក និង​ជា​ស្រ្តី​ដែល​មាន​ឥទ្ធិពល​បំផុត​ទី២ នៅ​លើ​ពិភពលោក។ លោកស្រី Hillary បាន​បញ្ចប់​ការ​សិក្សា​នៅ​ឯ​មហាវិទ្យាល័យ Wellesley College ក្នុង​ឆ្នាំ១៩៦៩។ នៅ​ក្នុង​ឆ្នាំ១៩៧៣ លោកស្រី​បាន​ចូល​រៀន​ច្បាប់ នៅ​សកលវិទ្យាល័យ Yale University។

លោកស្រី Hillary គឺ​ជា​អតីត​ជំទាវ​ទី១ អាមេរិក ចាប់​ពីឆ្នាំ១៩៩៣ ដល់ ២០០១។ លោកស្រី​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សមភាព​យេនឌ័រ និង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​វិស័យ​សុខាភិបាល។ លោកស្រី Hillary គឺ​ជា​ស្រ្តី​ដំបូង​បង្អស់ ដែល​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​ទីក្រុង New York។ ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​ក៏​បាន​ធ្វើ​ការ​ជា​រដ្ឋលេខាធិការ​របស់​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ផង​ដែរ។

លោកស្រី Hillary បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ឆ្នាំ២០០៨ និង ២០១៦។ ទ្រព្យសម្បត្តិ​របស់​លោក​ស្រី សរុប​ប្រមាណ ៤៥លាន​ដុល្លារ។

#១ លោកស្រី Angela Merkel

លោកស្រី Angela Dorothea Merkel គឺ​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ដែល​តំណែង​នេះ​លោក​ស្រី​បាន​កាន់កាប់ តាំង​ពី​ឆ្នាំ២០០៦ មក​ម្ល៉េះ។ លោកស្រី​គឺ​ជា​អ្នក​នយោបាយ​អាល្លឺម៉ង់ ដែល​បាន​កើត​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ១៩៥៤ នៅ​ក្នុង​ទីក្រុង Hamburg ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់ បច្ចុប្បន្ន​មាន​អាយុ ៦៣ឆ្នាំ។

លោកស្រី Merkel គឺ​ជា​អធិការបតី​អាល្លឺម៉ង់ ដែល​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​គីមីវិទ្យា ក្នុងឆ្នាំ១៩៨៦។ លោកស្រី​ក៏​បាន​សិក្សា​ផ្នែក​រូបវិទ្យា ពី​ឆ្នាំ ១៩៧៣ ដល់ ១៩៧៨ នៅ​ឯ​សកលវិទ្យាល័យ University of Leipzig ផង​ដែរ។ ក្រោយ​មក​លោកស្រី Merkel បាន​ក្លាយ​ជា​អ្នក​នយោបាយ នៅ​ក្នុង​ឆ្នាំ១៩៨៩ ដោយ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​រដ្ឋាភិបាល​អាល្លឺម៉ង់​ខាងកើត។

មិនតែប៉ុណ្ណោះ លោកស្រី Merkel គឺ​ជា​មេដឹកនាំ​សហភាព​ប្រជាធិបតេយ្យ​គ្រិស្តសាសនា តាំង​ពី​ឆ្នាំ២០០០ មក​ម្ល៉េះ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​យុវជន ផង​ដែរ។ ទ្រព្យសម្បត្តិ​របស់​លោកស្រី សរុប​ប្រមាណ ១១,៥លាន​ដុល្លារ៕

ចុច​អាន៖

ប្រភព៖ wonderslist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម