អ្នក​លក់​នំកូន​នាង​ រក​ចំណូល​ប្រ​ចាំខែ​បានមិន​ធម្មតា

  • 2017-10-19 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​សម្រេច​ចិត្ត​ឈប់ធ្វើ​ការ​ឲ្យអ្នក​ដទៃ​ហើយ​ងាក​មក​បើ​ក​របរ​ផ្ទាល់ខ្លួន​ ដោយ​ថា​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​មិន​មាន​សរីភាពការ​ងារ និង​មិន​អាច​បង្កើត​ជោគជ័យ​សម្រាប់ជីវិត​បាន។

លោក ហេង សុខលី បានធ្វើ​ការ​ជា​ចុង​ភៅ​នៅ​ភោជនីដ្ឋាន​មួយ​ក្នុង​ក្រុង​ភ្នំពេញកាលពី​បី​ឆ្នាំ​មុន។ លោក​បាន​សម្រេច​ឈប់ពីការ​ងារ​នេះ និង​ងាក​មក​បើក​របរ​ធ្វើ​នំ​ពោត និង​ត្រាវ​បំពង​លក់​ដោយ​ខ្លួន​ឯង​វិញ​ ហើយ​លោក​ដាក់​ឈ្មោះនំនេះ​ថា​នំកូននាង​។ ក្នុង​រយៈពេល​បី​ឆ្នាំ​ប្រ​កប​របរនេះ​នៅ​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា លោក សុខលី បាន​ទទួល​ការ​គាំទ្រ​ច្រើនពី​អតិថិជន ទូទៅ ជាពិសេស​​សិស្ស​សាលា និង​បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន។

(លោក ហេង សុខលី អ្នក​លក់​នំ​កូននាង​)

បុរសមាន​ប្រ​ភពមក​ពី​​​ស្រុកស្អាង ខេត្ត​កណ្តាល រូបនេះ​ឲ្យ​ដឹងថា​ការងារ​ជាចុង​ភៅ​រយៈពេល​ប្រាំ​បី​​ឆ្នាំ បានធ្វើ​ឲ្យ​លោក​មាន​បទ​ពិសោធន៍​ចម្អិន​អាហារ ហើយ​បទពិសោធន៍នេះ​ធ្វើ​ឲ្យ​លោក​ចង់​បើក​របរ​ធ្វើ​នំ​លក់​ដោយ​ខ្លួន​ឯង។

លោក​ឲ្យ​ដឹងថា​លោក​បាន​ផ្សំ​រូបមន្ត​ធ្វើ​នំ​នេះ​ដោយ​ខ្លួន​ឯង ដែល​លោកថា​ការ​រៀន​បង្កើត​អ្វី​ដែល​ថ្មីគឺ​ដើម្បី​ភាព​ជោគជ័យ​ក្នុងជីវិត​។ ​​​

(នំកូននាង​ស្នា​ដៃ​របស់​លោក ហេង សុខលី)

បើ​និយាយ​ពី​ចំណូល​ប្រ​ចាំ​ខែវិញ​គឺ​មិន​ធម្មតា​នោះទេ ដោយ​លោក​ថាអាច​រកបាន​ជាង​មួយ​ពាន់​ដុល្លារ​ក្នុង​មួយខែៗ​ពី​អាជីវកម្ម​មួយនេះ។ ​លោក​ឲ្យ​ដឹងដែរថា​ នៅ​ថ្ងៃ​ណាមួយ​លោក​រំពឹង​ថា​នឹង​អាច​ពង្រីក​មុខ​រប​រ​នេះ ឲ្យ​កាន់​តែ​ធំ​ជាង​នេះ ឬ​បង្កើត​សាខា​ទៀត​ ប្រសិន​ទៅ​ថ្ងៃ​មុខ​ នំកូន​នាង​ របស់​លោក​កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំងទៀត​នោះ៕

អត្ថបទដោយ៖ ណាក្វាន់