Aspect Ratio ធ្លាប់​តែ​ឮ អ្នក​ប្រើ​ស្មាតហ្វូន​អាច​​មិន​ស្គាល់​ជា​អ្វី?

  • 2017-10-20 03:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ Aspect Ratio សំដៅ​ទៅ​ទំនាក់ទំនង​រវាង​កម្ពស់​និង​បណ្ដោយ​នៃ​អេក្រង់​ទូរសព្ទ។ ទាំង​កុំព្យូទ័រ​យួរ​ដៃ, ថេបប្លែត ក៏​ដូច​ជា​ស្មាតហ្វូន​សុទ្ធ​សឹង​តែ​មាន​រង្វាស់​កម្ពស់​និង​បណ្ដោយ បង្កើត​បាន​ជា​ Aspect Ratio ទាំង​អស់។

ឧបមា​ថា​ ស្មាតហ្វូន​ខ្លះ​អេក្រង់​ធំ ប៉ុន្តែ​នៅ​ពេល​ទស្សនា​ខ្សែ​ភាពយន្ត ជួន​កាល​វា​នៅ​សល់​គែម​ខ្មៅ​សង​ខាង ដែល​នេះ​មក​ពី​ទំហំ​សមាមាត្រ​តូច។ ម្ល៉ោះ​ហើយ​ទើប​ការ​វិវត្ត​នៃ Aspect Ratio នា​ពេល​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ស្មាតហ្វូន​ស៊េរី​ទំនើប​អាច​លេង​ហ្គេម និង​ប្រើប្រាស់​កម្មវិធី ក៏​ដូច​ជា​ទស្សនា​ភាពយន្ត ក្នុង​កម្រិត​ផ្ទៃ​ពេញ​អេក្រង់​ទាំង​គែម​សង​ខាង​តែ​ម្ដង។​

ការ​គណនា​ទំហំ​សមាមាត្រ​ Aspect Ratio ទៅ​ជា​ចំនួន​គត់​ឬ​ទសភាគ ដោយ​យក​ចំនួន​ធំ​មក​ចែក​ចំនួន​តូច តួ​យ៉ាង​ដូច​ជា 4:3 នាំ​ឲ្យ​បាន 1.33 ឬ 16:9 នាំ​ឲ្យ​បាន 1.78។

បច្ចុប្បន្ន LG និង SAMSUNG កំពុង​ផ្ដោត​សំខាន់​ខ្លាំង​ទៅ​លើ​ការ​ពង្រឹង​ទាំង​សមត្ថភាព​អេក្រង់​និង​ទំហំ Aspect Ratio ដូច​ជា G6 មាន 18:9 និង Galaxy S8 មាន 18.5:9 ម្ល៉ោះ​ហើយ​អ្នក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ក៏​ដូច​ជា​វិស្វករ​កម្មវិធី ទាមទារ​តម្រូវ​ឲ្យ​កែច្នៃ​កម្មវិធី​​សម្រប​នឹង​ទំហំ​អេក្រង់​នោះ​ដែរ។

ចំណែក​ឯ Apple វិញ កាល​ចេញ​ជំនាន់​ iPhone 5 ឆ្នាំ ២០១២ បាន​វិវត្ត​ទំហំ​សមាមាត្រ​អេក្រង់​ពី 3:2 ឡើង​មក​ដល់ 16:9 ដែល​ធ្វើ​ឲ្យ​ផ្ទៃ​អេក្រង់​ខិត​ក្បែរ​គែម​សង​ខាង​កាន់​តែ​កៀក​ទៅ លុះ​ម៉ូដែល​ក្រោយៗ​ទៀត​គ្រាន់​តែ​ពង្រឹង​កម្រិត​រូបភាព​ច្បាស់​ជះ​ពី​អេក្រង់​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៧ សង្កេត​ឃើញ​ក្រុមហ៊ុន​អាមេរិក​ខាង​លើ​បាន​វិវត្ត​ខ្លួន​មិន​ឲ្យ​ចាញ់​ក្រុមហ៊ុន​ប្រទេស​កូរ៉េ ដោយ​ម៉ូដែល iPhone X មាន​ទំហំ​សមាមាត្រ​អេក្រង់ ឬ Aspect Ratio ដល់ 19.5:9 និង​កម្រិត​បង្ហាញ 1125x2436 ភីកសែល៕

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Gizmodo   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី