ថៅកែហាងចិត្តធម៌ ផ្តល់មី២ម៉ឺនចាន ដល់អ្នកបោសសម្អាតផ្លូវ កំពុងធ្វើឲ្យគេរំជួលចិត្ត

  • 2017-10-21 07:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ហាង​មី​មួយ​កន្លែង មាន​ឈ្មោះ​ថា Loving Heart Tofu នៅ​ក្នុង​ខេត្ត Guizhou ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ចិន រំជួល​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ផ្តល់​មី​ដោយ​ឥតគិតថ្លៃ ដល់​អ្នក​បោស​សម្អាត​ផ្លូវ , សមាជិក​យោធា និង មនុស្ស​ចាស់​អាយុ​លើស ៧០ឆ្នាំ។

បើ​យោង​តាម​លោក Sun Zhiwen ដែល​ជា​ម្ចាស់​ហាង​ខាង​លើ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​បើក​ហាង​មី​នេះ តាំង​ពី​ខែ​តុលា ឆ្នាំ២០១៥ មក​ម្ល៉េះ ហើយ​បាន​ផ្តល់​មី​ដោយ​ឥតគិតថ្លៃ ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្នុង​រយៈពេល​ជាង ២ឆ្នាំ​មក​នេះ លោក​បាន​ផ្តល់​មី​ដោយ​ឥតគិតថ្លៃ ជាង ២០ ០០០ចាន​ហើយ។

លោក Sun បាន​និយាយ​ថា «ការងារ​បោស​សម្អាត​តាម​ដង​ផ្លូវ គឺ​ជា​ការងារ​ដ៏​លំបាក ជា​ពិសេស​នៅ​រដូវ​រងា។ ពួកគេ​ត្រូវ​ក្រោក​ពី​ព្រលឹម ហើយ​ធ្វើ​ការ​ដោយ​គ្មាន​អាហារ​ពេល​ព្រឹក ទាល់​តែ​ពេល​ថ្ងៃ​ត្រង់ ទើប​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​តែម្តង។ ប៉ុន្តែ ខ្ញុំ​អាច​ផ្តល់​អាហារ​ពេល​ព្រឹក​ដ៏​ល្អ សម្រាប់​ពួកគេ​ក្នុង​អំឡុង​ពេល​សម្រាក»។

លោក Sun ដែល​ធំ​ឡើង​នៅ​ក្នុង​ត្រកូល​គ្រួសារ​ក្រីក្រ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ទទួល​ជំនួយ​យ៉ាង​ច្រើន​ពី​អ្នក​ដទៃ ដូច្នេះ​ទើប​ចង់​ផ្តល់​ឲ្យ​សង្គម នូវ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​វិញ។

«ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ជំនួញ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។ វា​មិន​មាន​បញ្ហា​អ្វី​ឡើយ ទោះ​ខ្ញុំ​រក​លុយ​បាន​ប៉ុន្មាន​ក៏​ដោយ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្ដៅ និង​សប្បុរស​ដូច​ដែល​ខ្ញុំ​ទទួល​បាន ពេល​ដែល​ខ្ញុំ​ធំ​ឡើង ក្នុង​ត្រកូល​អ្នក​ក្រីក្រ​ប៉ុណ្ណោះ»។ នេះ​បើ​តាម​សម្តី លោក Sun។

យ៉ាងណាមិញ ថៅកែ​ហាង​ចិត្ត​ធម៌​រូប​នេះ មាន​គម្រោង​នឹង​បើក​សាខា​បន្ថែម​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម