ផលិតករ សិល្បករ នឹងស្ងប់ចិត្តពេលដឹងក្រសួងបកស្រាយពីបញ្ហាពន្ធលើការផលិតភាពយន្ត
- 2017-11-02 00:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករ សិល្បករ នឹងស្ងប់ចិត្តពេលដឹងក្រសួងបកស្រាយពីបញ្ហាពន្ធលើការផលិតភាពយន្ត
ចន្លោះមិនឃើញ
ទាក់ទងហ្នឹងការបង់ពន្ធដែលផលិតករត្រូវតែបង់ជូនរដ្ឋ ដែលរួមមានពន្ធ៖ ចំណូលពីការបញ្ចាំងក្នុងរោង ១០ភាគរយ, ពន្ធក្រោយចែកជាមួយរោងកុន ១ភាគរយទៅរដ្ឋ, ត្រូវបង់ពន្ធអារក ១០ភាគរយរៀងរាល់ខែនៃប្រាក់ចំណូលរបស់ផលិតកម្ម, ត្រូវបង់ VAT ប្រចាំឆ្នាំ, ពន្ធកាត់ទុកពីប្រាក់ចំណូល ១៥ភាគរយ, កាត់ពន្ធ១០ភាគរយពីតម្លៃជួលទីតាំង ឬការិយាល័យ, ពន្ធកាត់ពីបុគ្កលិកពេញម៉ោង ១០ភាគរយ សម្រាប់បុគ្គលិកដែលមានប្រាក់បៀតវត្សរ៍ចាប់ពី ៣០០ ដុល្លាឡើងទៅ, ពន្ធលើអ្នកដឹកនាំសម្តែង អ្នកនិពន្ធ ក្រុមការងារផលិត សិល្បករ ចំនួន១០ភាគរយ, ពន្ធលើកម្មសិទ្ធ ឬស្នាដៃ ចំនួន ១៥ភាគរយ, ពន្ធប្រាក់ចំណូល តួសម្តែង ១៥ភាគរយ, និងចុងក្រោយពន្ធលើការជួលទីតាំងថត ការជួលសម្ភារៈ១០ភាគរយ។
ក្រោយពីការបញ្ចប់សន្និសីទថ្ងៃទី ២៥ ខែតុលា ផលិតករក៏មានប្រតិកម្ម រហូតផលិតករមួយចំនួនថាខ្លួននឹងឈប់ផលិតខ្សែភាពយន្តដោយសារ ការបង់ពន្ធមានលក្ខណៈធ្ងន់ធ្ងរ មិនអាចទទួលយកបាន ហើយក៏មានផលិតករជើងចាស់មួយចំនួន ពិសេស លោក ឆាយ បូរ៉ា បានស្នើរជូនដល់ក្រសួងពាក់ព័ន្ធភ្លាមៗ ដើម្បីអន្តរគមន៍ ពន្យារពេល ១០ ទៅ១៥ឆ្នាំទៀតមុននឹងដាក់បន្ចុកពន្ធទាំងនេះលើផលិតករភាពយន្ត ដើម្បីឲ្យវិស័យនៃការផលិតខ្សែភាពយន្ត មានសន្ទុះ និងភាពជោគជ័យជាងនេះសិន។
លោក ស៊ុំ ស៊ីថែន ផលិករភាពយន្ត និងជាអ្នកចែកចាយភាពយន្តខ្មែរ ផលិតកម្ម ពូព្រហ្ម បានឲ្យដឹងថា «បើសិនក្រសួងចាប់វិធានការឲ្យផលិតករបង់ពន្ធពិតមែន ខ្ញុំជឿរថាផលិតករពិតជាអាចបោះបង់ការផលិតខ្សែភាពយន្ត ទៅបំរើការងារឲ្យគេផ្សេងវិញ ដូចនេះបើសិនជាគ្មានការផលិតខ្សែភាពយន្តខ្មែរ ទេធ្វើម៉េចយើងមានវិស័យភាពយន្តតទៅទៀត»។ លោក ក៏សុំឲ្យ ក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញពីបញ្ហារបស់វិស័យភាពយន្តខ្មែរ និងសូមជម្រុញឲ្យថ្នាក់ដឹកនាំ ជួយសម្រួលតាមសំណើររបស់ផលិតករយើងក្នុងការពន្យារពេលការដាក់បន្ចុកពន្ធដារលើផលិតករឲ្យបានយូរតាមដែលអាចធ្វើទៅបាន។
ឆ្លើយតបនឹងផលិតករខ្មែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពន្យល់ថា ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងប្រទេសទូទៅដែលមានរបររកស៊ី ហើយការផលិតខ្សែភាពយន្តដាក់បញ្ចាំងក៏អាចនិយាយថាជារបរមួយដែរ ដូចនេះវាជាគោលការណ៍ និងជាច្បាប់ទំលាប់របស់នាយកដ្ឋានពន្ធដារ ពិសេសរបស់រដ្ឋក្នុងការប្រមូលពន្ធ។
ក៏ប៉ុន្តែក្រោយពីទទួលបានសំណើរសុំពន្យារពេលបង់ពន្ធរបស់ផលិតករជាច្រើនក្នុងពេលធ្វើសន្និសីទថ្ងៃទី២៥មក លោកជំទាវបន្តថា៖ «យើងក៏យល់ពីផលលំបាករបស់ ផលិតករយើងដែរ ហើយឆ្លើយតាមសំនើររបស់ផលិតករពីការពន្យារពេលបង់ពន្ធនោះយើងក៏បានរៀបចំស្នើរទៅថ្នាក់ដឹកនាំដែរ»។ សង្ឃឹមថាផលិតករខ្មែរនឹងមានកម្លាំងចិត្តឡើងវិញ ហើយរង់ចាំការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំ។
ចុចអាន៖
-សិល្បករចាប់ផ្ដើមបារម្ភខ្លាំង ក្រោយផលិតករចង់បិទទ្វារផលិតកម្ម
-ផលិតករស្រីវ័យក្មេង ចំណាយថវិកាផ្ទាល់ខ្លួន ផលិតកុនខ្លីនិយាយពីភ្លើងស្នេហ៍ក្នុងសម័យវាលពិឃាត