បុរសម្នាក់ មិនព្រមគោរពភ្លេងជាតិ នៅក្នុងរោងកុន កំពុងប្រឈមទោសធ្ងន់ក!

  • 2017-11-20 08:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​ហ្វីលីពីន​ម្នាក់​ឈ្មោះ Bayle Einstein Gonzales អាយុ ២០​ឆ្នាំ កំពុង​ប្រឈម​នឹង​ការ​​ជាប់​ពន្ធ​ធនាគារ​ រហូត​ដល់​ទៅ ១​ឆ្នាំ​ ដោយ​សារ​មិន​ព្រម​ក្រោក​ឈរ​គោរព​ភ្លេង​ជាតិ នៅ​ក្នុង​រោង​កុន​មួយ​អំឡុង​ពេល​ចាក់​បញ្ចាំង​រឿង Justice League កាល​ពី​ចុង​សប្ដាហ៍​មុន។

លោក Bayle Einstein Gonzales (អាវក្រហម)

បុរស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ម្សិល​មិញ នៅ​ក្នុង​ខេត្ត Pampanga។ ជា​ទូ​ទៅ បទ​ភ្លេង​ជាតិ​ហ្វីលីពីន Lupang Hinirang (ដែន​ដី​នៃ​ពេល​ព្រឹក) ត្រូវ​បាន​ចាក់​មុន​ការ​បញ្ចាំង​កុន​ចុង​ក្រោយ​ប្រចាំ​ថ្ងៃ។ ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ប្រទេស​ហ្វីលីពីន​ បាន​ចេញ​ច្បាប់​ដាក់​ទណ្ឌ​កម្ម​ ចំពោះ​អ្នក​ដែល​មិន​គោរព​ទង់ជាតិ​និង​ភ្លេង​ជាតិ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​តំណាង​រាស្ត្រ​កាល​ពី​ខែ​កក្កដា។

តាម​ពិត​វា​កម្រ​នឹង​មាន​អ្នក​ដែល​ត្រូវ​បាន​ផាក​ពិន័យ​ដោយ​សារ​ច្បាប់​នេះ​ណាស់ ប៉ុន្តែ​លោក Gonzales ពិត​ជា​សំណាង​អាក្រក់​ដោយ​សារ​តែ​លោក Elmer Cato ដែល​ជា​អ្នក​ការ​ទូត​របស់​ប្រទេស​ហ្វីលីពីន បាន​អង្គុយ​ពី​ក្រោយ​ខ្លួន នៅក្នុង​រោង​កុន​ជាមួយ​គ្នា។

លោក Cato បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា "ខ្ញុំ​មិន​ដែល​មាន​កំហឹង​បែប​នេះ​ទេ​ពី​មុន​មក ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទ្រាំ​ជាមួយ​នឹង​បុរស​ម្នាក់ នៅ​ពី​មុខ​ខ្ញុំ ដែល​មិន​ព្រម​ងើប​ឈរ​គោរព​ភ្លេង​ជាតិ នៅ​ពេល​ដែល​អ្នក​គ្រប់​គ្នា​ក្រោក​ឈរ​ទាំង​អស់ សូម្បី​តែ​បង​ថ្លៃ​ខ្ញុំ​និង​ជន​បរទេស​ផ្សេង​ទៀត​ក៏​ក្រោក​ឈរ​ដែរ ពេល​កំពុង​មើល​រឿង Justice League។"

ជាមួយ​គ្នា​នេះ លោក Cato បាន​ប្រាប់​ប៉ូលិស​ថា លោក​បាន​ប្រាប់​លោក Gonzales ឲ្យ​ក្រោក​ឈរ​ពីរ​ដង​ដែរ ប៉ុន្តែ​រូបគេ​នៅ​តែ​បដិសេធ​និង​បន្ត​ញ៉ាំ​ពោត​លីង​ធ្វើ​មិន​ដឹង។ ​អ្នក​ការ​ទូត​រូប​នេះ បាន​ព្យាយាម​ទប់​កំហឹង​អស់​រយៈ​ពេល​ពីរ​ម៉ោង​ជាង មុន​ពេល​ដែល​គេ​ទៅ​ប្រាប់​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន លោក Gonzales។

យ៉ាងណាមិញ លោក Gonzales បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក Cato។ ប៉ុន្តែ​ប្រសិន​បើ​លោក Gonzales ត្រូវ​គេ​រក​ឃើញ​ថា​ មិន​គោរព​ភ្លេង​ជាតិ​មែន​នោះ លោក​អាច​នឹង​ត្រូវ​ផាក​ពិន័យ​ពី ១០០ ដល់ ៤០០ដុល្លារ និង​អាច​ជាប់​ពន្ធ​ធនាគារ​រយៈពេល ១ឆ្នាំ​ទៀត​ផង៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទថ្មី