កសិករពិការដៃទាំងសងខាង តស៊ូមើលថែម្តាយចាស់ជរា ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត

  • 2017-11-21 03:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​មនុស្ស​កាន់​តែ​ចាស់ ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ឪពុកម្ដាយ​កាន់​តែ​ឆ្ងាយ និង​កម្រ​មាន​ពេល​មើល​ថែរក្សា​ពួក​គាត់ បុរស​ជនជាតិ​ចិន វ័យ​៤៨ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Chen Xingyin មក​ពី​ទីក្រុង Chongqing បាន​និយាយ​ថា គ្មាន​អ្វី​អាច​បញ្ឈប់​ខ្លួន មិន​ឲ្យ​មើល​ថែ​អ្នក​ម្ដាយ​ដ៏​មាន​គុណ​បាន​ឡើយ។

ក្នុង​នាម​ជា​កូនពៅ នៃ​គ្រួសារ​ដែល​មាន​សមាជិក ៦នាក់ លោក Chen បាន​ធ្វើ​ចម្ការ , ចម្អិន​អាហារ និង ចិញ្ចឹម​ពពែ​ជា​ដើម។ ប៉ុន្តែ​លោក​មិនមែន​ជា​កសិករ​ធម្មតា​នោះ​ទេ។ ជា​ការ​ពិត​ណាស់ លោក Chen បាន​បាត់​បង់​ដៃ​ទាំង​សងខាង នៅ​ក្នុង​ឧបទ្ទវហេតុ​ឆក់​អគ្គិសនី នៅ​ពេល​មាន​អាយុ​ទើបតែ ៧ឆ្នាំ ធ្វើ​ឲ្យ​លោក​ពិបាក​រស់​នៅ និង​ធ្វើ​ការ​ដូច​មនុស្ស​ធម្មតា​ណាស់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Chen គឺ​ជា​មនុស្ស​ដែល​រហ័ស និង​មាន​សមត្ថភាព​ជាង​មនុស្ស​ធម្មតា​មួយ​ចំនួន​ទៅ​ទៀត។ ជីវិត​របស់​កសិករ​រូប​នេះ កាន់​តែ​លំបាក​ខ្លាំង នៅ​ពេល​ដែល​ម្ដាយ​អាយុ ៨៨ឆ្នាំ ចាប់ផ្ដើម​កើត​ជំងឺ​រលាក​ទងសួត ហើយ​ត្រូវ​ដេក​នៅ​តែ​លើ​គ្រែ កាល​ពី​ឆ្នាំ២០១៤។ យ៉ាងណាក៏ដោយ លោក Chen មិន​បោះបង់​ម្ដាយ​ចោល​ឡើយ ហើយ​ថែមទាំង​មើល​ថែរក្សា​អ្នក​មាន​គុណ ដោយ​ខ្លួនឯង​ទៀត​ផង។

លើស​ពី​នេះ​ទៅ​ទៀត លោក Chen ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទ្វេ​ដង ដើម្បី​ប្រាកដ​ថា ម្ដាយ​ទទួល​បាន​អ្វី​គ្រប់​យ៉ាង ដែល​គាត់​ត្រូវ​ការ។ ក្រៅ​ពី​ការ​មើល​ថែ​កសិដ្ឋាន​គ្រួសារ លោក​យក​ចិត្ត​ទុក​ដាក់ និង​ចិញ្ចឹម​ម្ដាយ ដោយ​គ្មាន​ជំនួយ​ពី​នរណា​ម្នាក់​ឡើយ។ លោក​ប្រើ​ជើង​ដើម្បី​រៀបចំ និង​ចម្អិន​អាហារ ហើយ​ប្រើ​មាត់​ដើម្បី​បញ្ចុក​ម្ដាយ​ទៀត​ផង។

យ៉ាងណាមិញ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បញ្ចេញ​មតិ​កោត​សរសើរ​ចំពោះ លោក Chen ថា «ពេលខ្លះ ជើង​របស់​គាត់​មាន​ប្រយោជន៍​ជាង​ដៃ​របស់​ខ្ញុំ​ទៅ​ទៀត។ អ្វី​ដែល​ខ្ញុំ​គោរព​ចំពោះ​គាត់​បំផុត គឺ ការ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​របស់​គាត់​ល្អ​ប្រសើរ ជា​ជាង​ការ​ពឹងផ្អែក​លើ​ជំនួយ​របស់​អ្នក​ដទៃ»។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត បាន​និយាយ​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​យំ នៅ​ពេល​បាន​ឃើញ​រូប​គាត់ បញ្ចុក​ម្ដាយ​របស់​គាត់​បែប​នេះ»៕

ចុច​អាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សេង ឡុង