Neymar ថា ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​គ្រប់​គ្នា​គោរព​ បាន​ត្រលប់​មក​វិញ​ហើយ

  • 2017-11-30 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ FIFA ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ ខ្សែ​ប្រយុទ្ធ Neymar បាន​និយាយ​ថា ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​គ្រប់​គោរព​ បាន​ត្រលប់​មក​វិញ​ហើយ។

ពេល​ដែល​សួរ​ថា តើ​យល់​ស្រប​ទេ ដែល​ប្រេស៊ីល​បាន​ស្ដារ​ឈ្មោះ​ឡើង​វិញ​បន្ទាប់​ពី​ការ​ចាញ់​យ៉ាង​ដំណំ​កាល​ពី​ World Cup ២០១៤ Neymar បាន​តប​ថា៖ "ពិត​ណាស់​ ខ្ញុំ​យល់​ស្រប។ កេរ្តិ៍ឈ្មោះ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មាន​ភាព​ខុស​ប្លែក​កាល​ពី​ បី ឬ​បួន​ឆ្នាំ​មុន។ ក្រុម​ប្រេស៊ីល​ដែល​គ្រប់​គ្នា​គោរព​ និង​កោត​សរសើរ​ ហើយ​លេង​បាល់​គួរ​ឲ្យ​ទាក់​ទាញ​បាន​ត្រលប់​មក​វិញ​ហើយ។ ពេល​ដែល​ឃើញ​ក្រុម​លេង​បាន​ល្អ​អ៊ីចឹង​ យើង​ក៏​សប្បាយ​ខ្លាំង​តាម​ហ្នឹង​ដែរ"។

ពេល​សួរ​ថា​មាន​ក្រុម​ណា​ទេ ដែល​ប្រេស៊ីល​មិន​ចង់​ជួប​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ប្រាប់​ FIFA ថា៖ "ទេ! ប្រេស៊ីល​ប្រុង​ប្រៀប​រួច​រាល់​ដើម្បី​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ផ្សេង​ទៀត។​ ពួក​យើង​ខិត​ខំ​ហ្វឹកហាត់​ណាស់​ ដើម្បី​កុំ​ឲ្យ​ខ្លាច​ក្រុម​ដទៃ។ វា​គឺ​ជា​ព្រឹត្តិការណ៍ World Cup ដូច្នេះ​ក្រុម​ល្អៗ​សុទ្ធ​តែ​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ។ អ៊ីចឹង​ ប្រេស៊ីល​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​ដើម្បី World Cup"។

កាល​ពី​ World Cup ឆ្នាំ ២០១៤ នៅ​ប្រេស៊ីល ខ្សែ​ប្រយុទ្ធ Neymar បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​លេង​រហូត​ដល់​វគ្គ ៨​ក្រុម​ចុង​ក្រោយ មុន​ពេល​ខ្លួន​ត្រូវ​រង​របួស​ខ្នង​ក្នុង​ការ​ប្រកួត​នោះ ដែល​​ប្រេស៊ីល​ប៉ះ​ជាមួយ​កូឡុំប៊ី។ ពេល​នោះ ប្រេស៊ីល​ឈ្នះ​ហើយ​បាន​ឡើង​ទៅ​លេង​ជាមួយ​ អាល្លឺម៉ង់ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ប៉ុន្តែ​ត្រូវ​ចាញ់​យ៉ាង​ដំណំ​ និង​អាម៉ាស់​ជាមួយ​នឹង​លទ្ធផល ៧ ទល់​នឹង ១ ក្នុង​ដី​ខ្លួន​ឯង។

តាំង​ពី​ពេល​នោះ​មក ប្រេស៊ីល​មាន​ទម្រង់​លេង​មិន​ល្អ​ទេ ហើយ​បាន​ចាញ់​ និង​ស្មើ​ជា​ច្រើន​ប្រកួត​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ក្រោយៗ។ ទោះ​ជា​យ៉ាង​ណា​ ស្ថាន​ភាព​នេះ​បាន​ផ្លាស់​ប្ដូរ បន្ទាប់​ពី​លោក Tite បាន​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​នេះ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦​មក ដោយ​បច្ចុប្បន្ន​ប្រេស៊ីល​កំពុង​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ដោយ​ចាញ់​តែ​ម្ដង​គត់ និង​ឈ្នះ​ដល់​ទៅ ១៣​លើក ក្នុង ១៧​ប្រកួត​ចុង​ក្រោយ៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី