រកឃើញរូងភ្នំ អាយុកាល១៥ ០០០ឆ្នាំ ស្ថិតក្រោមទីក្រុងល្បីមួយ មិនធ្លាប់មានអ្នកឃើញ

  • 2017-12-07 02:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​រុករក​ស្ម័គ្រចិត្ត​ជនជាតិ​កាណាដា ២នាក់ បាន​រក​ឃើញ​រូងភ្នំ អាយុកាល ១៥ ០០០ឆ្នាំ ដែល​ស្ថិត​នៅ​ក្រោម​ទីក្រុង Montreal ប្រទេស​កាណាដា ជម្រៅ​ត្រឹម ៩ម៉ែត្រ។

អ្នក​រុករក​ទាំង​២​ខាង​លើ បាន​ប្រើប្រាស់​ម៉ាស៊ីន​ស្វាន និង​ញញួរ ដើម្បី​ទម្លុះ​តាម​ជញ្ជាំង​ថ្ម​កំបោរ​បុរាណ​នៅ​លើ​រូង​ភ្នំ ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​បណ្ដាញ​រូង​ភ្នំ​ជា​ច្រើន ដែល​មនុស្ស​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។ នៅ​ពេល​ដែល​អ្នក​រុករក​បាន​អើត​ក្បាល​របស់​ពួកគេ​តាម​ជញ្ជាំង ស្រាប់តែ​បាន​ឃើញ​គុហា​ធំ​ទូលាយ​ប្រវែង ២០០ម៉ែត្រ , ទទឹង​៣ម៉ែត្រ , កម្ពស់​ប្រហែល ៦ម៉ែត្រ និង​បឹង​មួយ​ផង​ដែរ។

អ្នករុករក Daniel Caron និង​មិត្តភ័ក្ដិ​របស់​លោក​ឈ្មោះ Luc Le Blanc បាន​ប្រាប់​កាសែត The Canadian Press ថា «ជា​ធម្មតា អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ ដើម្បី​ស្វែងរក​វត្ថុ​បែប​នេះ»។ Le Blanc បាន​បន្ថែម​ថា «នេះ​គឺ​ជា​ការ​រក​ឃើញ​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​បាន​ធ្វើ។ វា​មិន​កើត​ឡើង​ច្រើន​ដង​ក្នុង​មួយ​ជីវិត​នេះ​ទេ»។

យ៉ាងណាមិញ ទឹក​នៅ​ក្នុង​រូង​ភ្នំ​មាន​ជម្រៅ​ប្រមាណ ៤,៥ម៉ែត្រ​នៅ​កន្លែង​ខ្លះ ដែល​បង្ខំ​ឲ្យ​ពួកគេ​ប្រើ​ទូក។ រីឯ​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ទៅ​ដល់​រូង​ភ្នំ​នោះ គឺ ការ​វារ​ដោយ​ដៃ ឆ្លង​កាត់​ដី​ភក់ និង​ច្រក​ផ្លូវ​តូច​ចង្អៀត៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី