ហួសចិត្ត! មហាកំពែងចិន ក្លាយជាកន្លែងដាំទឹកឆុងមី របស់មនុស្សមួយក្រុម

  • 2017-12-14 07:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត Beijing Morning Post បាន​ឱ្យ​ដឹង​ថា​មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កំពុង​ដុត​ភ្លើង​ដើម្បី​ចម្អិន​អាហារ​របស់​ពួកគេ​នៅ​ភ្នំ Panlon ក្នុង​ផ្នែក​មួយ​នៃ​មហាកំពែង​ចិន​កាល​ពី​ថ្ងៃទី ៩ ខែធ្នូ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ បាន​ប្រទះ​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ប៉ម និង​បាន​រាយការណ៍​ប្រាប់​មន្ត្រី​ម្នាក់។ នៅ​ពេល​ដែល​មន្ត្រី​រូប​នោះ​បាន​ទៅ​ដល់ គេ​ឃើញ​មនុស្ស​មួយ​ក្រុម​បាន​រត់​គេច​ខ្លួន​អស់ នៅ​សល់​តែ​មនុស្ស ២​នាក់​ប៉ុណ្ណោះ។ មន្ត្រី​នោះ​បាន​សុំ​ឱ្យ​ពួកគេ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ហើយ​ប្រកែក​ជាមួយ​មន្ត្រី​រូប​នោះ​ទៅ​វិញ។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ រូបថត​នៅ​លើ Weibo បាន​បង្ហាញ​ពី​បុរស​ម្នាក់​បាន​រៀប​ឥដ្ឋ​ជា​ចង្ក្រាន​មួយ ហើយ​ដាក់​ឆ្នាំង​ដាំ​ទឹក​នៅ​ពី​លើ។ លើស​ពី​នេះ​ទៀត នៅ​ជុំ​វិញ​កន្លែង​កើត​ហេតុ គេ​ឃើញ​មាន​កញ្ចប់​មី​មួយ​ចំនួន ហើយ​ជញ្ជាំង​នៃ​កំពែង​ត្រូវ​បាន​រោលរាល​ខ្មៅ​ដោយ​សារ​ផ្សែង​ភ្លើង។

គួរ​បញ្ជាក់​ថា តាម​ច្បាប់​របស់​ប្រទេស​ចិន ការ​ធ្វើ​ឱ្យ​ខូច​ខាត​កេរ​ដំណែល​វប្បធម៌​នៅ​ក្នុង​ប្រទេស អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​រហូត​ដល់ ៥០០ យ័ន (ជាង ៧០​ដុល្លារ) និង​អាច​ត្រូវ​បាន​ឃុំ​ខ្លួន​យ៉ាង​ហោច​ណាស់ ១០​ថ្ងៃ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ រ័ត្ន