អីចឹង​តើ​​បាន​ជា​ Never Care ឈ្នះ​ជើង​ឯក​ជាតិ​ដោយ​មិន​សូវ​លំបាក​

  • 2017-12-16 02:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Never Care បាន​ឈ្នះ​ជើងឯក​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​​ឆ្នាំ​២០១៧ ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​កន្លង​ទៅ​នេះ​ដើម្បី​​បាន​កៅអី​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ឆ្នាំ​២០១៨​នា​ខែ​មករា​ ខាង​មុខ​នេះ​នៅ​ប្រទេស​ថៃ។ ក្រុម​ល្បី​មួយ​នេះ​បាន​ទម្លាយ​ឲ្យ​កត្តា​សំខាន់​មួយ​ចំនួន​​ដែល​ធ្វើ​ឲ្យ​​ពួក​គេ​ឈ្នះ​ជើង​ឯក​ហាក់​ដូច​ងាយ​ស្រួល​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ៗ​ដែល​​ពួក​គេ​ធ្លាប់​​ធ្វើ។

ក្រុម​ជើងឯក​ជាតិ​ Never Care

សេនតូ​ ដែល​ជា​ប្រធាន​ក្រុម​ Never Care បាន​ឲ្យ​ដឹង​ថា មែន​ទែន​ទៅ​ការ​ប្រកួត​​ឈ្នះ​ជើង​ឯក​ជាតិ​ឆ្នាំ​នេះ​ហាក់​ដូច​ជា​ស្រួល​ជាង​ឆ្នាំ​មុន​ៗ​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​បាន​សម្រេច​ទាំង​តឹង​តែង​បំផុត។ កត្តា​ទី​១​​គឺ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ជា​មួយ​ក្រុម​ Infinity ពួក​គេ​អត់​ភ័យ​ព្រួយ​បន្តិច​សោះ​ឡើយ។ ការ​មិន​ភ័យ​ព្រួយ​នេះ​ដោយ​សារ​ ពួក​គេ​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ថៃ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។

កត្តា​ទី​២​គឺ​ ពួក​គេ​ដឹង​ថា​ Infinity ជា​ក្រុម​ថ្មី​ដែល​មាន​បទ​ពិសោធ​តិច​​ដែល​​ពួក​គេ​​ក៏​មិន​បារម្ភ​ដែរ។ ដូច្នេះ​ហើយ​ទើប​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពួក​គេ​បាន​យក​ឈ្នះ​ Infinity ដោយ​លទ្ធផល​ ៧-៣​ យ៉ាង​ស្រួល។

សេន​តូ​បន្ត​ថា​ កត្តា​ទី​៣​គឺ​ក្រុម​របស់​ខ្លួន​មាន​សម្ភារៈ​ទំនើប​​ទាន់​សម័យ​​គឺ​កុំព្យូទ័រ​ម៉ាក​ ASUS ROG​ ដែល​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ Never Care ពេញ​មួយ​ឆ្នាំ​ក្នុង​ការ​ប្រើ​ប្រាស់។ ពួក​គេ​ពិត​ជា​សប្បាយ​រីក​រាយ និង​អរគុណ​ដល់​ក្រុម​ហ៊ុន ASUS ROG ដែល​បាន​​ឧបត្ថម្ភ​​ធ្វើ​ឲ្យ​ងាយ​ស្រួល​ដល់​ការ​ប្រកួត​បំផុត។

អ្វី​ដែល​រន្ធត់​ និង​តឹង​តែង​របស់​សម្រាប់​ពួក​គេ​នោះ​គឺ​ពេល​ប៉ះ​ក្រុម​ Secret នៅ​វគ្គ​​៤​ក្រុម​ចុង​ក្រោយ​ឬ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ សេនតូ​ប្រាប់​ថា​ ពិត​ណាស់​ ពួក​គេ​ពិត​បារម្ភ​ខ្លាំង​នៅ​ពេល​ជួប​ក្រុម​ខ្លាំង​ Secret នៅ​វគ្គ​​៤​ក្រុម​ចុង​ក្រោយ​ដែល​ជា​ពេល​ចាញ់​ធ្លាក់​ ឈ្នះ​ឡើង ពី​ព្រោះ​ពួក​គេ​ខ្លាច​មិន​បាន​កៅអី​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​។ ជា​ពិសេស​ទៀត​​នោះ Never Care ធ្លាប់​ចាញ់ Secret ​ម្តង​ហើយ​ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់​ឯ​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​២០១៧​នេះ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួក​គេ​បារម្ភ​ខ្លាំង​រហូត​សមាជិក​ខ្លះ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ឈ្នះ​ Never Care នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ទោះ​ជា​យ៉ាង​ណា ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​សាមគ្គី​គ្នា​ បូក​រួម​ទាំង​សម្ភារៈ​ប្រើ​ប្រាស់​ទំនើប​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៧​នេះ។

ទស្សនាវីដេអូ​ការ​លើក​ឡើង​របស់​ក្រុម​ Never Care

ក្រុម​លេខ​១​ Nevar Care និង​លេខ​២​​ Infinity​ នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ​នៅ​ប្រទេស​ថៃ​នា​ខែ​មករា​ ឆ្នាំ​២០១៨​ខាង​មុខ​៕

ក្រុម​ Never Care

អត្ថបទ៖ ជាន ចាន់រ៉ា