គួរសោកស្ដាយ! រូប​វិទូ Stephen Hawking បាន​ស្លាប់ ​មុន​នេះ​បន្តិច

  • 2018-03-14 04:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក​សាស្ត្រាចារ្យ​ Stephen Hawking អ្នក​ប្រាជ្ញ​រូប​វិទ្យា សញ្ជាតិអង់គ្លេសដ៏​ល្បី​ឈ្មោះ​មួយ​រូប​ បាន​លា​ចាក​លោក​នៅ​វ័យ​ ៧៦ ឆ្នាំ​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ជាមួយជំងឺម្យ៉ាង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​របស់​លោក។

នៅ​វ័យ​ ២១ ឆ្នាំ ​​លោក​ Stephen កើត​មាន​​​​ជំងឺ​មួយ​ឈ្មោះ​ថា​ Lou Gehrig ឬ Amyotrophic Lateral Sclerosis ជា​ជំងឺ​ម្យ៉ាង​ធ្វើ​​​​ឲ្យ​លោក​កម្រើក​អវយវៈ​លែង​បាន ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​​លើ​អ្នក​ដទៃ​ ឬ ឧបករណ៍​បច្ចេកវិទ្យា។ ក្រោយ​ពី​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​គ្រូពេទ្យ​សន្និដ្ឋាន​ថា​ លោក​​អាច​រស់​បាន​ជាង​ ២ ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​លោក​បាន​បង្កើត​អច្ឆរិយ​មួយ​ដោយ​អាច​រស់​នៅ​បាន​ដល់​សព្វ​ថ្ងៃ។

​លោក​ Stephen តែង​តែ​បាន​លើក​ឡើង​ច្រំ​ដែល​ថា​វិធី​តែ​ម្យ៉ាង​គត់​ដែល​ជួយ​ឲ្យ​មនុស្ស​លោក​គេច​ផុត​ពី​ការ​ផុត​ពូជ​គឺ​ការ​តាំង​ទី​លំនៅ​លើ​ភព​ផ្សេង ដោយ​​ពេល​វេលា​កាន់​តែ​ខើច​ទៅ​ហើយ​។

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៦ ​អំឡុង​ពេល​ឡើង​ថ្លែង​សុន្ទរកថា​​កាល​ពី​ថ្ងៃ​អង្គារ​នៅ​សកលវិទ្យាល័យ​អង់គ្លេស​ Oxford University Union ​លោក​បាន​សង្កត់​ធ្ងន់​ថា ៖ "យើង​ត្រូវ​តែ​បន្ត​ដំណើរ​រុក​រក​នៅ​លំហអាកាស​ដើម្បី​អនាគត​មនុស្សជាតិ។ ខ្ញុំ​គិត​ថា​ពួក​យើង​អាច​​​រស់​នៅ​​លើ​ភព​ផែនដី​ដ៏​ផុយ​ស្រួយ​នេះ​​បាន​តែ​​ ១ ០០០ ឆ្នាំ​ទៀត​​ប៉ុណ្ណោះ"។

គួរ​ដឹង​ថា​លោក​ Stephen កើត​​នៅ​ថ្ងៃ​ទី​ ៨ មករា​ ឆ្នាំ​ ១៩៤២ ដែល​ចៃដន្យ​ប៉ះ​ចំ​ខួប​ស្លាប់​ទី​ ៣០០ ឆ្នាំ​របស់​លោក​ Galileo Galilei​ ដែល​ជា​តារាវិទូ​ និង ជា​​​​អ្នក​ប្រាជ្ញ​រូបសាស្ត្រ​​ដ៏​ល្បី​ឈ្មោះ​មួយ​រូប៕​

ចុចអាន៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម